ក្រុម​ជំនាញ​ពាក់ព័ន្ធ​ឃុបឃិត​ឱ្យ​ចែ​រ៉ា​ន់​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ខេត្ត​រតនៈគីរី ដឹកឈើ​យ៉ាង​រលូន​ឆ្លងដែន​ទៅ​លក់​ឱ្យ​យួន !

រតនៈគីរី​ ៖ ល្បី​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ម្នាក់​ប្រចាំ​ខេត្ត​រតនៈគីរី ឈ្មោះ ចែ​រ៉ា​ន់ កំពុង​មមាញឹក​ធ្វើ​សកម្មភាព​ដឹកជញ្ជូន បទល្មើស ឈើ​ជា​រៀងរាល់ថ្ងៃ ដោយ​ពុំ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចេញមុខ​មក​បង្ក្រាប​នោះ​ទេ រហូតដល់​មានការ​បោះពាក្យ សម្តី​ពី ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ថា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ត្រូវ ចែ​រ៉ា​ន់ គប់​លុយ​ដាក់​មុខ​រហូត ដល់​ងងឹត​បើក ភ្នែក​លែងរួច ។​

​តាម​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ជាក់ស្តែង​បានឱ្យដឹងថា កាលពី​វេលា​ម៉ោង ៥ និង​១៥​នាទី​ល្ងាច ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​ទៅ​កាន់​សាលា​ឯកជន​គ្រូ​យើង ស្ថិតក្នុង​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនៈគីរី គេ​ឃើញ​មន្ត្រី​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ប្រទះ​ឃើញ​ឈើ​ល្មើស​ច្បាប់​នៅលើ​រថយន្ត និង​នៅ​ក្នុងផ្ទះ របស់​ឈ្មួញ ចែ​រ៉ា​ន់ នោះ តែ​បែរជា​គេចវេស​មិន​បង្ក្រាប និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​នោះ​ទេ ប្រហែលជា បាន​ទទួល​សំណូក​យ៉ាង​ពេញចិត្ត​ពី សំណាក់ ចែ​រ៉ា​ន់ នេះ​ជា​ប្រចាំ​ហើយក៏​អាច ។​

​បើ​យោង​តាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា ឈ្មួញ​ចែ​រ៉ា​ន់ នេះ​ល្បី​ខាង​រកស៊ី​ដឹក​ឈើ​អនាធិបតេយ្យ​ទៅ​លក់​នៅ ប្រទេស​យួន​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ដឹក​ជញ្ជូន​តាម​បណ្តោយ​ផ្លូវ​លេខ ៧៨ តាម​រថយន្ត​ចំនួន ២​គ្រឿង ក្នុងនោះ​មួយ គ្រឿង ម៉ាក​ស៊ាំ​យ៉ុង ពណ៌ ស ពាក់​ស្លាក​លេខ ៧២២៥ និង​មួយ​គ្រឿង​ទៀត​គ្មាន​ស្លាក​លេខ ហើយ​ធ្វើ​ការដឹកជញ្ជូន​ឈើ ប្រណីត​ជា​រៀងរាល់ថ្ងៃ ហើយ​ដោយសារតែ ចែ​រ៉ា​ន់ បង់លុយ​ឱ្យ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ទើប​គាត់​អាច​រកស៊ី​បាន​យ៉ាង​រលូន រហូតមកដល់​សព្វថ្ងៃ​ដោយ​គ្មាន​ការបង្ក្រាប​នោះ  ។​

​មិនតែប៉ុណ្ណោះ​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ១០ ខែមិថុនា ឆ្នាំ​២០១៥ ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជា​ពល រដ្ឋ​ថា មាន​ឈើ​ស្តុក​ទុក​ក្នុងផ្ទះ​របស់ ចែ​រ៉ា​ន់ និង​នៅលើ​រថយន្ត​ទៀត​នោះ លោក​វរៈសេនីយ៍ នូវ្វ ដា​រ៉ា ប្រធានការិយាល័យ កណ្តាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​បញ្ជា​ឱ្យ​លោក ឈៀង សុភ័​ក្រ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​មក​បង្ក្រាប ប៉ុន្តែ​ក្រោយពី​បាន​ឃើញ​វត្ថុតាង​ដូច​ការរាយការណ៍​របស់​ប្រជាពលរដ្ឋ​ហើយ បែរ​ជា​ដកខ្លួន មិន បង្ក្រាប និង​ចាត់វិធានការ​តាម​នីតិវិធី​ឡើយ ជា​ហេតុ​ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ខំ​រាយការណ៍​មានការ ស្រងាកចិត្ត​យ៉ាងខ្លាំង និង​បាន​ខ្សឹបខ្សៀវ​គ្នា​ថា “​ពួក​ហ្នឹង​ស៊ីលុយ និង​បង់​ខែ​ឱ្យ​ជាប្រចាំ​នោះ​ង ទើប​គ្មាន​ការបង្ក្រាប​នោះ​” ។​/ ដោយ​ ៖ រាជ​សីហ៍​

722