ប្រភពដែលស្និទ្ធនឹងលោក ថេង ម៉ុងហួន បានឲ្យដឹងថា ការដែលមេគយច្រកអន្តរជាតិចាំយាមរូបនេះហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺអាងមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីគយជាន់ខ្ពស់មួយចំនួននៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ជាងនេះទៅទៀតលោក ថេង ម៉ុងហួន អាងមានទំនាក់ទំនងជិតស្និទ្ធជាមួយមេឈ្មួញ លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជន ដែលជាឈ្មួញដមានឥទ្ធិពលគ្មាននរណាហ៊ានប៉ះពាល់។ ដូច្នេះហើយទើបលោក ថេង ម៉ុងហួន ហ៊ានប្រើប្រាស់តួនាទីជាប្រធានស្នាក់ការគយច្រកអន្តរជាតិចាំយាមបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់បំផ្លាញចំណូលពន្ធរដ្ឋ ។
ប្រភពពីភ្នាក់ងារគយនៅច្រកអន្តរជាតិចាំយាមខេត្តកោះកុង បានឲ្យដឹងថា ក្រោយពេលអំពើអាក្រក់របស់ខ្លួនត្រូវបានលាតត្រដាងជាបន្តបន្ទាប់នោះលោក ថេង ម៉ុងហួន បានរត់ទៅជួបមេគយធំៗនៅខាងលើ ដើម្បីបិទបាំងកំហុសរបស់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា ថ្មីៗនេះលោក ថេង ម៉ុងហួន បានបើកដៃឲ្យក្រុមហ៊ុនរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរឈ្មោះវីរៈ-ប៊ុនថាំ នាំចូលទំនិញគេចពន្ធតាមច្រកចាំយាមជាច្រើនរថយន្ត ហើយទំនិញទាំងនោះត្រូវគយចល័តស្ទាក់ចាប់ និងតម្រូវឲ្យបង់ពន្ធតាមច្បាប់។ ព័ត៌មាននេះត្រូវបានសារព័ត៌មាននានាផ្សព្វផ្សាយជាសាធារណៈ ហេតុនេះហើយទើបលោក ថេង ម៉ុងហួន រត់មកជួបមេគយធំៗនៅខាងលើ ដើម្បីបិទបាំងកំហុសរបស់ខ្លួនក្នុងការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធបំផ្លាញចំណូលពន្ធរដ្ឋ។
ប្រភពបានឲ្យដឹង ថាលោក ថេង ម៉ុងហួន បានដោះសាប្រាប់មេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជុំវិញបញ្ហាឈ្មួញនាំចូលទំនិញគេចពន្ធតាមច្រកអន្តរជាតិចាំយាម ដោយបញ្ជាក់ថា ទំនិញទាំងនោះស្របច្បាប់។ ដូច្នេះមេគយធំៗជាពិសេសលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មិនត្រូវជឿតាមសំដីភូតភរបិទបាំងការពិតនោះទេ។ ដោយហេតុថា ការដែលលោក ថេង ម៉ុងហួន បើកដៃឲ្យក្រុមហ៊ុនវីរៈ-ប៊ុនថាំ នាំចូលទំនិញគេចពន្ធជាច្រើនរថយន្ត កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ គឺធ្វើឡើងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ៕
Recent Comments