តាមក្រុមមជ្ឈដ្ឋានអ្នកច្បាប់ និងមជ្ឈដ្ឋានអ្នកស្គាល់លោកឧកញ៉ា ឌឿន សុវណ្ណ អតីតនាយនគរបាលជាតិជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អត្តលេខ ២១៦៩ មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក និងអតីតជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើរដ្ឋលេខាធិការ ដែលធ្លាប់ត្រូវបានបញ្ចប់មុខតំណែងពីទីប្រឹក្សាក្រសួងមហាផ្ទៃ នឹងត្រូវបានដកហូតឋានន្តរ ស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃ ក្រសួងមហាផ្ទៃ កាលពីចុងឆ្នាំ២០១២ ព្រោះតែមានរឿងអាស្រូវបញ្ជាឱ្យយុវជនស្ម័គ្រចិត្តតេជោ ហ៊ុន សែន “ហៅបុរសខ្លាំង” នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា វាស់វែងដីធ្លីជូនប្រពន្ធខ្លួនឯងនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ហើយមានសំណុំរឿងរងការចោទប្រកាន់ នៅស្ថាប័នតុលាការដោយព្រះរាជក្រឹត្យនោះ ។
ថ្មីៗនេះបានធ្វើឱ្យសម្តែងនូវការភ្ញាក់ផ្អើលផង និងងឿងឆ្ងល់ផងថា តើ ដោយសារអ្វីលោកឧកញ៉ារូបនេះ ត្រូវបានទទួល ស្គាល់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)ជាថ្មីដដែល និងតែងតាំងមុខតំណែងជាអគ្គលេខាធិការរងនៃអគ្គលេខា ធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នាខែឧសភា ឆ្នាំ២០១៥ បន្ថែមទៅវិញ ។
បើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយបុរសខ្លាំងជានាយករដ្ឋមន្ត្រី តាមសំណើរបស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លេខ៥១៦អនក្រ.តត ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ គឺបានសម្រេចតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ឯក ឌឿន សុវណ្ណ អត្តលេខ២១៦៩ ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ដែលតាមរយៈនៃការតែងតាំងនេះដែរមានន័យថា លោក ឌឿន សុវណ្ណ នៅមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) និងមានឈ្មោះឋិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃ ក្រសួងមហាផ្ទៃនៅឡើយ ខណៈលោក ឌឿន សុវណ្ណ ត្រូវបានបញ្ចប់មុខតំណែងពីទីប្រឹក្សាក្រសួងមហាផ្ទៃ ដកហូតឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃ ក្រសួងមហាផ្ទៃរួចហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១២/៩៣៥ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ កន្លងមក។
ភាពមិនប្រក្រតី គឺលោកឧកញ៉ា ឌឿន សុវណ្ណ ដែលមានសំណុំរឿងក្តីនៅស្ថាប័នតុលាការ ធ្លាប់ត្រូវបានតំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរចោទប្រកាន់ពីបទសំឡុតគំរាម និងបទជ្រៀតជ្រែកការងារ ដោយខុសច្បាប់ទៅក្នុងមុខងារសាធារណៈ ក្រោមទម្ងន់នៃបណ្តឹងរបស់រាជរដ្ឋាភិបាល ប៉ុន្តែជនត្រូវចោទឈ្មោះ ឌឿន សុវណ្ណ រូបនេះ បែរមិនត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេច ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នឡើយ គឺបានត្រឹមដាក់ឱ្យឋិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការក្នុងអាថ៌កំបាំង ហើយឥឡូវនេះបែរជាត្រូវតែងតាំងជាថ្មីមើល តែក្នុងរដ្ឋាភិបាលខ្វះធនធានមនុស្សប្រើ ។
ជាចម្ងល់ដោយឡែក នៅក្នុងរបាយការណ៍លេខពិសេស ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤កន្លងទៅ របស់លោកឧត្តមសេនីយ៍ឯក ចៅ តុល មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្ត្រី ដឹងឮដោយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ, ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលគោរពរាយការណ៍ជូនបុរសខ្លាំង និងលោកជំទាវធំកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពាក់ព័ន្ធនឹងករណីវិវាទរវាងលោក ឧត្តមសេនីយ៍ទោយោធា ជា តារា នាយរងសេនាធិការបញ្ជាការដ្ឋានអង្គរក្ស ប្រចាំការដឹកនាំបញ្ជាអាវុធគាំទ្រនៅទិសជួរមុខ សមរភូមិ ប្រាសាទព្រះវិហារ និងលោក ឌឿន សុវណ្ណ នោះ បានអះអាងថា “លោក ឌឿន សុវណ្ណ ដែលត្រូវបានរាជរដ្ឋាភិបាល ដកបុណ្យស័ក្តិ និងបណ្តេញចេញពីកងកម្លាំងនគរបាលជាតិហើយនោះ នៅតែមានឥទ្ធិពលយ៉ាងខ្លាំងក្នុងប្រព័ន្ធតុលាការគ្រប់ ជាន់ថ្នាក់ ព្រោះជាមនុស្សដែលមានការស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយឯកឧត្តម ជីវ កេង ដូច្នេះហើយ ទើបរឿងអ្វីៗដែលលោក ឌឿន សុវណ្ណ បានប្តឹង ពុំដែលបរាជ័យទេមកទល់ថ្ងៃនេះ ” ។
ភាពភ្ញាក់ផ្អើល ! មជ្ឈដ្ឋានអ្នកច្បាប់បានចោទជាសំណួរថា តើរាជរដ្ឋាភិបាលបុរសខ្លាំងលៃលកលាងកំហុស និងផ្កាយ ៣ ឌឿន សុវណ្ណ នោះត្រូវបានលើកទោសពីពេលណាធ្វើយ៉ាងណាបានជាលោកឧកញ៉ា ឌឿន សុវណ្ណ មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ឯក(ផ្កាយ៣) និងមានក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃវិញ ទើបទទួលបានការតែងតាំងជា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក្នុងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកយ៉ាងហ៊ឺហាបែបនេះ ? ឬមួយក៏ក្នុងសម័យគ្រប់គ្រងអំណាចដោយបុរសខ្លាំង គឺអនុក្រឹត្យរបស់ស្ថាប័នរាជរដ្ឋាភិបាល ធំជាង ព្រះរាជក្រឹត្យរបស់ស្ថាប័នព្រះមហាក្សត្រទៅនោះ ។
គេនៅចាំបានថា លោក ឌឿន សុវណ្ណ ក្រៅពីមានគោរមងារជាឧកញ៉ា(តែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខន ស/រកត/០១៩៧/០៧ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៩៧) គឺជានាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ មានអត្តលេខ២១៦៩ទៀតផង ដែលធ្លាប់ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី( ផ្កាយ១) នាខែមិថុនា ឆ្នាំ២០០៨, ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២)នា ខែសីហា ឆ្នាំ២០០៨, ទទួលបានការតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើរដ្ឋលេខាធិការ នាខែធ្នូ ឆ្នាំ២០០៨(ឡើងឋានៈ និងងារជាឯកឧត្តម ឧកញ៉ា) និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)នា ខែឧសភា ឆ្នាំ២០១១ ។ ហើយដោយសារមហិច្ឆតាបានអំណាច និងមោទនភាពឈ្លក់ និងអំណាចពេកទីបំផុត ព្រោះតែឈ្លក់នឹងអំណាច និងទឹកលុយ ខ្លាំងពេកបានធ្វើឱ្យអតីត ឯកឧត្តម ឧកញ៉ា ផ្កាយ៣ប៉ូលិស ឌឿន សុវណ្ណ រូបនេះ ត្រូវបានដកហូតមុខតំណែងពីទីប្រឹក្សា ក្រសួងមហាផ្ទៃ ពីឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២យ៉ាងអាម៉ាស់មុខបំផុតជាការដាក់ទណ្ឌកម្ម ។
ផ្ទុយទៅវិញឆ្លើយតបនឹងការភ្ញាក់ផ្អើលពេញក្នុងពិភពមន្ត្រីនោះ មិនដឹងថា តើមន្ត្រីធំមួយណាគេ Lobby បែបណា បែរជា
លោកឧកញ៉ា ឌឿន សុវណ្ណ ស្រាប់តែទទួលបានការតែងតាំងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ទាំងមានក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ទាំងមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ៥១៦អនក្រ.តត ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ យ៉ាងហ៊ឺហាដ៏គួរឱ្យភ្ញាក់ផ្អើល និងងឿងឆ្ងល់ទៅវិញ ។
ហេ៎ស ហេ៎ មិនធម្មតាមែន នេះគឺជាសាច់រឿងដ៏គួរឱ្យ ចាប់អារម្មណ៍មួយកើតឡើងក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃ ក្រសួងមហាផ្ទៃ ពាក់ព័ន្ធលោកឧកញ៉ា ឌឿន សុវណ្ណ នាសម័យគ្រប់គ្រងអំណាចដោយបុរសខ្លាំងនៃកម្ពុជា ដែលមិនគួរកើតមានទាល់តែសោះ ។
Recent Comments