មាន​ជនមិន​ស្គាល់​មុខបាន​ខលទូរស័ព្ទ​ជេរប្រមាត ​គំរាមកំ​ហែង ចាង​ហ្វាងកាសែ​តកម្ពុជាសុវណ្ណ​ភូមិ (មានសំ​លេង)

\នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក​ចាង​ហ្វាង​នៅ​រសៀល​ថ្ងៃដដែលនេះ។

លោក ផ្លុង-រ៉េត ចាង​ហ្វាង​សារព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​រៀប​រាប់​អោយ​ដឹងថា នៅ​ម៉ោង​ជាង​១២​ថ្ងៃត្រង់​លោក​បាន​ទទួល​ទូរស័ព្ទ​ហៅ​ចូល​មួយខ្សែដែល​ភាគីអ្នក​ខល​មក​បាន​សុំ​ណាត់​ជួប​លោកនៅ​បុរី​សៀង​ណាំស្ថិត​ក្នុង​ភូមិ​ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ សូម​អាន ឬស្តាប់​ការ​ឆ្លង​ឆ្លើយ​​គ្នារ​វាង​​​លោក​​រ៉េត​ និង​ភាគីម្ខាងទៀត៖

លោកហ្គេននី​ អាឡូបាទ! ជំរាបសួរ បង​នៅ​ណាបង?
លោករ៉េតៈ ចុះបកខលមក​ពីណាវិញ?
លោក ហ្គេននីៈ ខលមក​ពី​វ៉ាស៊ីនតោនឌីស៊ី។
លោករ៉េតៈ អីយូយ! ឆ្ងាយម្លេះ!
លោក ហ្គេននីៈ ចង់ជួបបង​បន្តិច បាន​អត់​បង?
លោករ៉េតៈ ចង់​ជួប​ខ្ញុំ​! អ្នក​ណាគេនេះ?
លោក ហ្គេននីៈ ខ្ញុំ​ឈ្មោះ​ ហ្គេននីៗ ទើប​តែចុះ​ពី​ប្រលាន​យន្ត​ហោះ ​មក​ពីក្រុង​វ៉ាស៊ីន​តោនឌីស៊ី ចង់​​ជួបលោកបន្តិច លោក​ជួប​បាន​អត់ហ្នឹង?
លោករ៉េតៈ បងចង់ជួបខ្ញុំ​មាន​ការ​អីដែរ?
លោកហ្គេននីៈ ហៅ​មក​ផឹកស៊ី បុះច្រំ។
លោករ៉េតៈ អីយ៉ា! ផឹកស៊ីហើយ បុះច្រំទៀត!
លោក​ហ្គេននីៈ បងចាង​ហ្វាង​អ្នក​កាសែតមែនបង?
លោករ៉េតៈ បាទៗ
លោក​ហ្គេននីៈ បង​បាន​លុយ​អត់​ចុះ​ផ្សាយ បង​​អត់​បាន​​លុយបង​ចុះ​ផ្សាយ ខ្ញុំ​ចង់​ជួប​បង​បន្តិច។
លោករ៉េត៖ ហាក! បាន​លុយអ្នក​ណា​​​អត់​ចុះ​​ផ្សាយ ហើ​​មិន​បាន​លុយអ្នក​ណា​ចុះ​ផ្សាយ?
លោក​ហ្គេននីៈ បើ​អត់បាន​លុយ​​​ចុះ​ផ្សាយ បើ​បាន​លុយសម្ងំឈឹង។ ពួកកាសែតកម្ពុជាចឹងអី?
លោក​រ៉េតៈ ខ្ញុំ​កម្ពុជា សុវណ្ណភូមិ។
លោកហ្គេននីៈ ​អើ​ពួក​អាសុវណ្ណភូមិ​ហ្នឹងចឹង អាពួកសុវណ្ណភូមិហ្នឹង តិច​ទៀត​គេ​យក​ភូមិវា​អស់​ហើយ នៅ​តែ​ពួក​ នៅ​តែក្រុមទេៗ។
លោករ៉េតៈ តើ​មាន​ការ​អី​ទៀត​ទេលោក ខ្ញុំជាប់​រវល់​បន្តិច។
លោកហ្គេនីៈ អើ​រវល់​ទៅចុះ ​ពួកឯង​ថោកទាបជាង​ឆ្កែទៀត។

លោក​ ផ្លុង-រ៉េត​ បាន​បន្តថា លោក​មិន​ទាន់​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​នៅ​ឡើយ​ទេ តែ​លោក​បាន​រាយ​ការណ៍ជូន​មន្ត្រីប៉ូលីស​​ប៉ុស្តិ៍​សង្កាត់​ជ្រាវ​រួច​ហើយ បើ​មាន​ការ​គំរាម​ ឬ​ជេរ​ប្រមាត​សាជាថ្មី​ម្តង​ទៀតលោក និង​ដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវ​ច្បាប់។

លោក ផ្លុង-រ៉េត​ បាន​បន្ថែម​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយទេដែល​គេ​ជេរ​លោ​ នៅ​ខែកក្កដា ឆ្នាំ២០១៥នេះ គឺកាល​ពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ មាន​គេ​ជេរម្តាយ​​លោក​ម្តង​រួច​ទៅ​ហើយ តាម​បណ្តាញ​សង្គម (Facebook) បន្ទាប់​ពី​លោក​បាន​សរសេរ​រិះកន់​កញ្ញាសាសាតាម​បណ្តាញ​សង្គម​ថា ˝តើ​កញ្ញាសាសា ជាស្រ្តី​ជន​ជាតិ​ខ្មែរ ឬជា​ស្រ្តី​ជន​ជាតិ​បរទេស បាន​ជាស្លៀក​ពាក់​លេច​លើ​លេច​ក្រោម​បែបនេះ?˝

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ជន​មិន​ស្គាល់​មុខ ​ដែល​ខលទូរស័ព្ទ​​មក​គំរាម​លោក ផ្លុង-រ៉េត បាន​នៅ​ឡើយទេនៅ​រសៀល​ថ្ងៃដដែលនេះ ព្រោះ​ខល​ចូល​បី​ដង​មិន​មាន​អ្នក​លើក​ទទួល។

គេ​សង្កេត​ឃើញថា អ្នក​សារព័ត៌​មាន​នៅ​កម្ពុជា​ហាក់​មាន​ភាព​ទន់​ជ្រាយផុយ​ស្រួយ​នៅ​ឡើយ ដោយ​មាន​ការ​គំ​រាម​កំ​ហែងគ្រប់​បែបយ៉ាង​ និង​មាន​ការ​បាញ់​សម្លាប់​ ចាប់​ដាក់​គុគ ពី​ក្រុម​អ្នក​រក​ស៊ី​ខុស​ច្បាប់ ពី​អ្នក​មាន​អំ​ណាច ហើយ​មាន​ករណី​មួយ​ចំ​នួន​អ្នក​សារព័ត៌មាន​ពុំ​អាច​ទទួល​បាន​ភាព​យុត្តិធម៌នោះទេ ព្រោះ​តែ​ប្រ​ព័ន្ទ​យុត្តិធម៌នៅ​កម្ពុជា មិន​ឯករាជ មិន​មាន​តម្លាភាពពេញលេញ​នៅ​ឡើយ៕ ដោយ៖ សៀ-វិចិត្រ

Ret