ខេត្តព្រះសីហនុ៖សេចក្តីរាយការណ៏ឲ្យដឹងថា ក្រោយពីមានការផ្លាស់ប្តូរតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រះសីហនុ ផ្លាស់លោក បាំង វណ្ណៈរ៉េត ចេញពីប្រធានមន្ទីរនិងជំនួសដោយលោក យ៉ូវ ខេមរា អស់រយៈ ពេលជាច្រើនឆ្នាំមកនេះ អំពើពុករលួយគឺនៅតែបន្តកើតមានដូចសម័យប្រធានចាស់ដដែល ដោយពុំ មានការកំណែទំរង់ទេ ។
អំពើពុករលួយនៅក្នុងមន្ទីរការងារខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយលោក យ៉ូវ ខេមរា គឺមាន សភាពធ្ងន់ធ្ងរ មិនចាញ់សម័យលោក បាំង វណ្ណៈរ៉េត ឡើយ។ ជាក់ស្តែងនៅឆ្នាំ២០១២ ឆ្នាំ២០១៣ និងឆ្នាំ២០១៤ កំរិតអំពើពុករលួយរបស់មន្ទីរមួយនេះ បានកើតឡើង ហើយការកិបកេងប្រាក់ក្នុងមួយឆ្នាំៗ អស់មិនតិចជាង២ទៅ៣រយលានរៀល ដោយថវិកាទាំងនេះ គឺបានធ្លាក់ចូលហោប៉ាវរបស់លោក យ៉ូវ ខេមរា និងលោកអនុប្រធានមន្ទីរ និងអតីតជាប្រធានការិយាល័យហិរញ្ញវត្ថុ ព្រហ្ម ច័ន្ទវិចិត្រ ។
ប្រភពព័ត៌មានបានឲ្យដឹងថា សំរាប់មន្ទីរការងារខេត្តព្រះសីហនុ នៅឆ្នាំ២០១២ គឺបានចាយថវិកាជាតិ រហូតទៅដល់ជិត៧០០លានរៀល ដែលក្នុងនោះការចំណាយទៅលើបន្ទុកបុគ្គលិកអស់ត្រឹមតែ៤០០ លានរៀលប៉ុណ្ណោះ សល់ក្រៅពីនោះ គឺគេចាយទៅលើប្រេងឥន្ធនៈមានទឹកប្រាក់ជាង៣០លានរៀល កាលចំណាយលើសំភារៈការិយាល័យ ជិត២០លានរៀល ការចំណាយលើក្នុងការជួលផ្ទះធ្វើទីស្នាក់ការ មន្ទីរជិត៤០លានរៀល ការចំណាយលើការសាងសង់អគារអស់ចំនួនជិត១រយលានរៀល ការចំណាយ ជួសជុលសំភារៈការិយាល័យជិត ១៥លានរៀល និងការចំណាយជួសជុលម៉ូតូ អស់ជិត៥លានរៀល។ ក្រៅពីនោះ ការចំណាយលើកការធ្វើវិធីទិវាពលកម្មអន្តរជាតិ អស់ជិត១៧លានរៀល រួមនិងការចំណាយ តូចតាចជាច្រើនទៀត ដែលសរុបការចំណាយទាំងអស់នោះ មានទឹកប្រាក់ខ្ទង់៣រយលានរៀល។ ប៉ុន្តែការចំណាយទាំងនោះ មិនតិចជាង៦០ភាគរយ ត្រូវបានលោកប្រធានមន្ទីរ យ៉ូវ ខេមរា និង បក្ខពូករួមគ្នាកិបកេង។
សំរាប់ឆ្នាំ២០១៣ មន្ទីរការងារខេត្តព្រះសីហនុ បានចំណាយថវិកាអស់ខ្ទង់ ៨០០លានរៀល ដោយ ក្នុងនោះ ចំណាយក្នុងជំពូក៦០ មានចំនួនប្រហាក់ប្រហែលគ្នាក្នុងឆ្នាំ២០១២ ហើយការចំណាយក្នុង ជំពូក ៦១ និងជំពូក ៦២ ក៏មានចំនួនប្រហាក់ប្រហែលគ្នានិងឆ្នាំ២០១២ដែរ។ ចំណែកការចំណាយ បន្ទុកបុគ្គលិកមានការកើនឡើងមានចំនួនទឹកប្រាក់រហូតទៅដល់ ៥រយលានរៀល និងការបន្ថែមទៅ លើប្រាក់ជិត២០លានរៀល ដែលជាប្រាក់ឧបត្ភម្ថដល់មជ្ឈមណ្ឌលបណ្តាលបណ្តាលវិជ្ជាជីវៈខេត្ត ដែលមានលោកស្រី នាក់ ណារិទ្ធ ជាប្រធាននិងដែលសម្បូរដោយរឿងអាស្រូវពុករលួយធ្លាប់ត្រូវបានកូនចៅ ក្រោមឱវាទ រួមដៃគ្នាប្តឹងផងដែរ។
ដោយឡែកចំណែកថវិកាជាតិរបស់មន្ទីរការងារខេត្តព្រះសីហនុ នៅឆ្នាំ២០១៤ គឺមានចំនួនទឹកប្រាក់ រហូតដល់ខ្ទង់មួយពាន់លានរៀល ដោយក្នុងជំពូក ៦០ មានចំនួនប្រហាក់ប្រហែលនិងឆ្នាំចាស់ ជំពូក ៦១ គឺមានចំនួនកើនឡើងគឺមានខ្ទង់មួយរយលានរៀលលើសឆ្នាំចាស់ សំរាប់ជំពូក ៦២ គឺមានចំនួន ប្រហាក់ប្រហែលនិងឆ្នាំចាស់ បន្ទុកបុគ្គលិកមានចំនួនកើនឡើងការចំណាយរហូតដល់៦០០លានរៀល សំរាប់ការឧបត្ភម្ថដល់មជ្ឈមណ្ឌលបណ្តាលបណ្តាលវិជ្ជាជីវៈខេត្ត គឺមានចំនួនដដែល។
សូមបញ្ជាក់ថា អំពើពុករលួយរបស់លោកប្រធានមន្ទីរ យ៉ូវ ខេមរា គិតពីដើមឆ្នាំ២០១២ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ មានកិបកេងប្រាក់ដូចតទៅ ៖
១-កិបកេងប្រាក់សំរាប់សាងសង់អគារមន្ទីរ សរុបទាំង៣ឆ្នាំជាប់គ្នា មានទឹកប្រាក់ជិត៤០០លានរៀល។ ប៉ុន្តែថវិកាដែលជាសាងសង់ពិតប្រាកដ អស់ត្រឹម៤០ភាគរយនៃទឹកប្រាក់ចំណាយ បើមិនជឿទៅមើល អគារមន្ទីរដែលមានទីតាំងនៅតំបន់ក្បាលឆាយ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចុះពីផ្លូវជាតិលេខ៤ ប្រហែល៣០០ម៉ែត្រ នោះហ្នឹងជ្រៀបច្បាស់។
២-ការកិបកេងប្រេងឥន្ធនៈ ដែលការចំណាយក្នុងមួយឆ្នាំៗ មានទឹកប្រាក់ជិត៤០លានរៀល ត្រូវបាន លោកប្រធានមន្ទីរនិងបក្ខពួក យកមកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន អស់មិនតិចជាងពាក់កណ្តាល។
៣-ការកិបកេងលើការចំណាយ ជួលទីស្នាក់ការមន្ទីរមុនពេលមន្ទីរត្រូវបានសាងសង់រួច ដែលការចំណាយក្នុងមួយឆ្នាំជិត៤០លានរៀល។ ប៉ុន្តែតម្លៃជាក់ស្តែងខុសគ្នាជាងពាក់កណ្តាល ព្រោះដោយផ្ទះ នោះ ជួលនិងចុះកុងត្រា តាំងពីសម័យប្រធានមន្ទីរចាស់ ដែលតម្លៃជួលនៅធូរថ្លៃ ហើយទោះបីតម្លៃជួល មានការកើនឡើង ក៏ទីតាំងមន្ទីរដែលគេជួលនោះ ក៏នៅតែមានតម្លៃខ្ពស់ជាងទីផ្សារដដែល។
៤-ការកិបកេងលើកការចំណាយប្រាក់ជំពូក ៦២ ដែលសរុបក្នុងមួយឆ្នាំៗ ជិត៨០លានរៀល ។ប៉ុន្តែ ប្រាក់ដែលគេកិបកេង គឺប្រាក់សំរាប់រៀបចំទិវាពលកម្មអន្តរជាតិនិងប្រាក់សាហ៊ុយទូទាត់ក្នុងប្រទេស។ ក្រៅពីនោះ ក៏មានការកិបកេងប្រាក់មន្ត្រីជាប់កិច្ចសន្យាខ្លះៗដែរ ដែលការចំណាយទៅលើមន្ត្រីជាប់កិច្ច សន្យា មួយឆ្នាំអស់ជាង១០លានរៀល រួមនិងមានរឿងជាច្រើនទៀត និងបន្តផ្សាយនៅពេលក្រោយ។ សូមរំលឹកថា នៅមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ ក្នុងមួយឆ្នាំៗមានក្រុមអធិការ កិច្ច និងក្រុមសវនកម្មចុះទៅធ្វើការត្រួតពិនិត្យ ការចំណាយថវិកាបន្តបន្ទុយគ្នា ជាពិសេសនាយកដ្ឋាន សវនកម្មផ្ទៃក្នុងរបស់ក្រសួងការងារ គឺចុះទៅត្រួតពិនិត្យមិនដែលដាច់។ ប៉ុន្តែក្រុមទាំងនេះគឺមិនបានទៅ ពិនិត្យរកចំណុចខុសត្រូវទេ ដោយទៅពិនិត្យតែលុយប៉ុណ្ណោះ។ពាក់ព័ន្ធរឿងពុករលួយសារពត៌មានយើងមិនទំនាក់ទំនងលោក យ៉ូវ ខេមរាពន្យល់បានទេ៕
Recent Comments