លោក ​យឹម​ ផេង ​ស្នងការរងន​គរបាល​ខេត្តកោះ​កុងកាង​ប្រពន្ធ​ឈ្មោះ​ ពែក រត​នៈ នាំទំ​និញគេច​ពន្ធគ្រប់ប្រភេទចូលពីប្រ​ទេស​សៀ​មទាំង​យប់​ទាំង​ថ្ងៃ?

ប្រភពពី​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា អ្នកស្រី ពែ​ក រតនៈ ហៅ​ចែ​ណាក់ ភរិយា​លោក យឹម ផេង បាន​រកស៊ី​នាំ​ទំនិញគេចពន្ធ​ចូល​តាម​ច្រក​ប៉ាក់​ខ្លង​យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​នោះទេ ព្រោះ​លោក យឹម ផេង តែងតែ​ចេញមុខ​កាង​ប្រពន្ធ​ខ្លួន​ជាប្រចាំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា គយ និង​នគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ពី​ក្រសួងមហាផ្ទៃតែងតែ​ទទួលផល​ប្រយោជន៍​ពី​ចែ​ណាក់ ទើប​ឈ្មួញ​រូបនេះ​អាច​នាំចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត​។ ទំនិញ​ដែល​ចែ​ណាក់​នាំចូល​មានដូចជា ប្រេងសាំង ទឹកក្រូច ស្រា​បៀរ និង​គ្រឿង​ចាប់ហួយ គ្រប់​ប្រភេទ​ដោយមាន​ការឃុបឃិត​បើកដៃ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​។​

ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង​បាន​រិះគន់ថាលោក យឹម ផេង ស្នងការរង​នគរបាល​ខេត្ត​ទទួលបន្ទុក​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បែរជា​កាង​ប្រពន្ធ​របស់ខ្លួន​ឲ្យ​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​សៀម​យ៉ាង​ពេញ​បន្ទុក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។ លោក សំ​ឃិត វៀន ស្នងការ​នគរបាល​ខេត្តកោះកុង​ ប្រហែល​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ទើប​បណ្ដោយ​ឲ្យ​លោក យឹម ផេង យក​តួនាទី​ជា​ស្នងការរង​ទទួលបន្ទុក​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ទៅ​កាង​ប្រពន្ធ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ភរិយា​លោក យឹម ផេង រកស៊ី​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​សៀម​តាម​ច្រក​ប៉ាក់​ខ្លង ជា​យូរ​មកហើយ​មិនដែល​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ ហើយ​សមត្ថកិច្ច​បង្ក្រាប​តែ​ឈ្មួញ​តូចតាច​ដែល​គ្មាន​ខ្នងបង្អែក​ប៉ុណ្ណោះ​។​

​សេចក្ដីរាយការណ៍​ពី​ឈ្មួញ​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា ប្រពន្ធ​លោក យឹម ផេង នាំ​ទំនិញគេចពន្ធ​ចូល​តាម​ទូក​ហើយ​ឡើង​នៅ​ផែ​ព្រែ​កកោះ​ប៉ោ ស្ថិតនៅ​ក្នុងភូមិ​២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ សមត្ថកិច្ច​គយ​ខេត្តកោះកុង និង​គយ​ចល័ត​តែងតែ​មើលរំលង​ការនាំ​ចូល​ទំនិញគេចពន្ធ​របស់​ចែ​ណាក់ បើទោះបី​រថយន្ត​ដឹកទំនិញ​ចេញពី​ទូក​បើក​ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ខេត្តកោះកុង​យ៉ាងណាក៏ដោយ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​ប្រធាន​សាខាគយ​ខេត្តកោះកុង ប្រធានការិយាល័យ​គយ​ច្រក​ប៉ាក់​ខ្លង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាអ្នក ​ឃុបឃិត​គ្នា​ប្រ​ព្រិ​ត្ត​អំពើពុករលួយ​ដោយសេរី ​៕

810