មេឈ្មួញ ហាក់ ម៉ៅ ដែលជាឧត្តមសេនីយ៍យោធាផងនោះត្រូវបានគេដឹងថា កំពុងរកស៊ីបំផ្លាញចំណូលពន្ធរដ្ឋតាមរយៈ ម៉ៅការដឹកជញ្ជូនទំនិញគេចពន្ធឫទំនិញបងពន្ធមិនគ្រប់ពីកំពង់កែវផុស ពីព្រំដែនសៀម និងព្រំដែនយួនចូលមករាជធានីភ្នំពេញ។ រថយន្តដឹកជញ្ជូនទំនិញរបស់មេឈ្មួញ ហាក់ ម៉ៅ ជាប្រភេទរថយន្តយីឌុបកែច្នៃ និងតទ្រុង ហើយដឹកជញ្ជូនលើសទម្ងន់បំផ្លាញផ្លូវក្នុងរាជធានីភ្នំពេញ ជាពិសេសផ្លូវលេខ២០០២ យ៉ាងពេញបន្ទុក។ មិនតែបណ្ណោះមានឈ្មួញតូចតាចខ្លះបានបង្ហើបឲ្យដឹងថា មេឈ្មួញ ហាក់ ម៉ៅ មិនត្រឹមតែម៉ៅការដឹកទំនិញគេចពន្ធចូលរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺថែមទាំងម៉ៅការដឹកឈើប្រណីតទៅស្រុកយួនតាមច្រកព្រំដែនមួយចំនួន ដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សងខាងផ្លូវ២០០២ បានឲ្យដឹងថាឃ្លាំងស្តុកទំនិញចំនួនពីររបស់មេឈ្មួញ ហាក់ ម៉ៅ កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពួកគាត់ទាំងយប់ទាំងថ្ងៃ។ រថយន្តយីឌុបធំៗកែច្នៃតទ្រុងដឹកទំនិញចូលមកស្តុកក្នុងឃ្លាំងទាំងពីរខាងលើ បានធ្វើឲ្យស្ទះចរាចរណ៍ទាំងយប់ទាំងថ្ងៃ និងបំផ្លាញផ្លូវលេខ២០០២ ឲ្យខូចខាតជាបន្តបន្ទាប់ ហើយគ្មានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចណាហ៊ានទប់ស្កាត់ឡើយ។ ជាងនេះទៅទៀតអ្នកបើកបររថយន្តដឹកទំនិញរបស់ក្រុមហ៊ុនមេឈ្មួញ ហាក់ ម៉ៅ តែងតែរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូចជាធ្វើឲ្យ ដាច់ខ្សែភ្លើង របស់ប្រជាពលរដ្ឋជាដើម។
សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថា ការដែលមេឈ្មួញ ហាក់ ម៉ៅ អាចធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺដោយសារអាងខ្នងបង្អែកដែលជាមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ និងមានខ្នងបង្អែកជាមន្ត្រីជាន់ខ្ពស់ក្នុងកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ ជាក់ស្ដែងកន្លងមកនៅពេលដែលមន្ត្រីអាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញចាត់វិធានការលើរថយន្តដឹកទំនិញលើសទម្ងន់ របស់មេឈ្មួញ ហាក់ ម៉ៅ បែរជារដ្ឋមន្ត្រីក្រសួងការពារជាតិជាអ្នកចេញមុខអន្តរាគមន៍យ៉ាងគឃ្លើន។ ហេតុនេះហើយទើបមេឈ្មួញ ហាក់ ម៉ៅ អាចបន្តដឹកទំនិញគេចពន្ធតាមរថយន្តកែច្នៃ ផ្ទុកលើសទម្ងន់ បំផ្លាញផ្លូវថ្នល់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់។
សមត្ថកិច្ចពាក់ព័ន្ធបានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចាត់វិធានការព្រមានលើមន្ត្រីជាន់ខ្ពស់ដែលជាខ្នងបង្អែករបស់មេឈ្មួញ ហាក់ ម៉ៅ ជាបន្ទាន់ព្រោះមេឈ្មួញរូបនេះកំពុងបំផ្លាញជាតិតាមរូបភាពពីរយ៉ាងគឺ បំផ្លាញចំណូលពន្ធរដ្ឋ និងបំផ្លាញផ្លូវថ្នល់យ៉ាងមហន្តរាយ។ ជាងនេះទៅទៀតរថយន្តដឹកទំនិញចូលឃ្លាំងរបស់មេឈ្មួញ ហាក់ ម៉ៅ តាមបណ្ដោយផ្លូវលេខ២០០២ ក្បែរមន្ទឺរអភិវឌ្ឍន៍ជនបទ បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ព្រោះមេឈ្មួញ ហាក់ ម៉ៅ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ៕
Recent Comments