ឈ្មួញឈើនៅខេត្តសៀមរាប ត្រូវបានគេដឹងយ៉ាងច្បាស់ថា ឈ្មួញ ដោ ប៉ូ បាន ធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើនៅខេត្តសៀមរាប ក្លាយជាវាលរហោស្ថាន តែសមត្ថកិច្ចជំនាញបែរជាអះអាងថាគ្មានបទល្មើសព្រៃឈើនៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនទៅវិញ។ ប្រភពបានបញ្ជាក់ថា សកម្មភាពរបស់ក្រុមឈ្មួញព្រៃឈើ ក៏បាត់មុខមួយរយៈពេល តែថ្មីៗនេះក៏លេចមុខក្រុមឈ្មួញចេញមករកស៊ីឈើនៅខេត្តឧត្តរមានជ័យ ដោយមានការឃុបឃិតបើកដៃពីលោក ឃុន ប៊ុនហេង នាយផ្នែករដ្ឋបាលព្រៃឈើ អន្លង់វែងផងដែរ។ ឈ្មួញខាងលើ បានរកស៊ីឈើជាង១០ឆ្នាំមកហើយ ដោយដឹកឆ្លងកាត់យកមកលក់នៅខេត្តសៀមរាបយ៉ាងអានាធិបតេយ្យ ។
សកម្មជនព្រៃឈើនៅស្រុកស្វាយលើ ខេត្តសៀមរាប បានឲ្យដឹងថា ឈ្មួញឈើឈ្មោះ ដោ ប៉ូ បានធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើចូលមកលក់តាមដេប៉ូនៅខេត្តសៀមរាបយ៉ាងអនាធិបតេយ្យ ខណៈគ្មានសមត្ថកិច្ចជំនាញណាចេញមុខទប់ស្កាត់ទេ។ ប្រភពដដែលបញ្ជាក់ថា បញ្ហានេះសង្ស័យមានការបើកភ្លើងខៀវពីស្ថាប័នពាក់ព័ន្ធ ជាពិសេស មន្ត្រីរដ្ឋបាលព្រៃឈើតែម្ដង។ សកម្មភាពរកស៊ីដឹកជញ្ជូនឈើរបស់ឈ្មួញ ដោ ប៉ូ ជាមេខ្លោងដ៏ធំមួយ ក្នុងចំណោម មេខ្លោងដទៃទៀតដែលរកស៊ីដឹកជញ្ជូនឈើ និងបំផ្លាញធនធានធម្មជាតិព្រៃឈើយ៉ាងធ្ងន់ធ្ងរ។
សកម្មជនព្រៃឈើនៅខេត្តសៀមរាប បានបញ្ជាក់ថាមានរថយន្តយីឌុបដឹកឈើពេញរបស់ឈ្មួញ ដោ ប៉ូ បានដឹកឈើចេញពីភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឆ្លងកាត់តាមស្រុកស្វាយលើ ខេត្តសៀមរាប ទាំងយប់ទាំងថ្ងៃយកមកលក់តាមដេប៉ូ ក្នុងខេត្តសៀមរាបជាយូរឆ្នាំណាស់មកហើយ។ ប្រជាពលរដ្ឋបានរិះគន់ថា បើគ្មានការឃុបឃិតពីមន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកស្វាយលើ និងមន្ត្រីជំនាញផ្សេងទៀត ឈ្មួញមិនអាចធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើបានឡើយ ៕
Recent Comments