លោក សូ ចាន់ណារី ជាមេបញ្ជាការវរៈសេនាតូច នគរបាលការពារព្រំដែន លេខ៩១១ ដែលមានទីតាំងឈរ ជើងចាប់ពី ការិយាល័យទំនាក់ទំនង ព្រំដែនចាស់ រហូតដល់ច្រក បឹងសាគូ មានអំណាចបង្កើត ច្រករបៀងខុសច្បាប់ចំនួន ១១កន្លែង ដើម្បី សម្របសម្រួលឲ្យក្រុមឈ្មួញ ដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ឆ្លងកាត់ព្រំដែន និងជាតំបន់ក្តៅ សម្រាប់មេខ្យល់ លួចនាំពលករឆ្លងដែន ទៅរកការងារធ្វើនៅស្រុកថៃ ហើយគេឆ្ងល់ថា ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ សឹងគ្រប់ជំនាន់ មិនដែលហ៊ានហើបមាត់ ជាមួយលោក សូ ចាន់ណារី ម្តងណាឡើយ។
ដោយឡែក មានការនាំចូល ទំនិញគេចពន្ធ និងទំនិញខូចគុណភាព ខុសច្បាប់គ្រប់ប្រភេទ ពីស្រុកថៃ ចូលមកប្រទេសកម្ពុជា តាមបណ្តាច្រករបៀង ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ពិសេសច្រកបៀងទាំង ១១ កន្លែង ដែលគ្រប់គ្រងដោយលោក សូ ចាន់ណារី បានឃុបឃិតជាមួយ ពួកឈ្មួញទុច្ចរិត ប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យមានការនាំចូល ទាំងយប់ទាំងថ្ងៃ ធ្វើឱ្យបាត់បង់ចំណូលរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រៅពីនាំចូលទំនិញគេចពន្ធ ទំនិញខូចគុណភាព លោក សូ ចាន់ណារី បានបើកច្រកយុទ្ធសាស្ត្រ សម្រាប់នាំចេញ និងវិលត្រឡប់ នូវពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ និយាយរួម ដូចទ្រូប្រើសពីរ ទាំងឡើងទាំងចុះ លោក សូ ចាន់ណារី ត្រូវប៉ាន់ដូចគ្នា ។
ប្រភពព័ត៌មានបានឲ្យដឹងថា តម្លៃឆ្លងកាត់សម្រាប់ពលករ ក្នុងម្នាក់ចាប់ពី ៣០០បាត ទៅ ៤០០បាត យោងតាមស្ថានការណ៍ជាក់ស្តែង ចេញចូល ២៤ ម៉ោង ពីព្រោះមានមេខ្យល់ រង់ចាំទទួលនៅខាងថៃ ដោយឡែកប្រជាពលរដ្ឋ ដែលចូលទៅត្រឹមផ្សារ លុងកឿ ក្នុងម្នាក់ ២០បាត ទាំងចេញទាំងចូល ត្រូវចំណាយ ៤០បាត។ បើទោះបីកន្លងមក លោក ហ៊ុន សែន បានស្រែកកោកៗ តាមប្រព័ន្ធផ្សព្វផ្សាយ ទាំងអនុសាសន៍ កណ្តាប់ដៃដែកយ៉ាងណាក៏ដោយ ក៏លោក សូ ចាន់ណារី និងកូនចៅក្រោមបង្គាប់ មិនអនុវត្តតាមលោកហ៊ុន សែនដែរ.៕
Recent Comments