កន្លងមកឈ្មួញយួនអាចបើករថយន្តចូលទឹកដីខ្មែរ តាមច្រកទន្លូង ស្រុកមេមត់ខេត្តត្បូងឃ្មុំ ហើយដឹកឈើប្រណីតចេញតាមច្រកនេះយ៉ាងរលូនដោយសារតែមានការបើកដៃពីលោក ម៉ៅ សាន់សូនា ដែលជាមេច្រកនេះ។ ប៉ុន្តែកាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ កម្លាំងគយចល័ត បានចាប់រថយន្តដឹកឈើ១គ្រឿង របស់ឈ្មួញយួនដែលលួចដឹកឈើចេញតាមច្រកទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនកម្ពុជា-យួន។
ក្នុងការបង្ក្រាបបទល្មើសនោះកម្លាំងគយចល័ត បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ទាក់ចាប់រថយន្តដឹកឈើនៅជាប់ព្រំដែនយួន។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា រថយន្តកាម៉ាស់ដឹកឈើប្រណីតនោះជារបស់ក្រុមហ៊ុនយួន ហើយអ្នកបើកបរថយន្តក៏ជាជនជាតិយួនដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺរថយន្តនេះបានបើកចេញ បើកចូល តាមច្រកទន្លូង ដែលគ្រប់គ្រងដោយលោក ម៉ៅ សាន់សូនា ដែលបញ្ហានេះលោក ម៉ៅ សាន់សូនា ជាអ្នកទទួលខុសត្រូវធំជាងគេ។
ប្រភពពីសមត្ថកិច្ចមួយចំនួនបានឲ្យដឹងថា លោក ម៉ៅ សាន់សូនា ឃុបឃិតជាមួយឈ្មួញយួន ហើយអនុញ្ញាតឲ្យរថយន្តដឹកឈើជារបស់ក្រុមហ៊ុនយួន ពាក់ស្លាកលេខយួនចូលមកដឹកឈើលើទឹកដីខ្មែរទាំងបំពានច្បាប់យ៉ាងគឃ្លើន។ ហេតុនេះគេចាំមើលថា តើស្ថាប័នពាក់ព័ន្ធចាត់វិធានការបែបណាចំពោះលោក ម៉ៅ សាន់សូនា ដើម្បីកុំឲ្យមន្ត្រីរូបនេះឃុបឃិតបើកដៃឲ្យឈ្មួញយួនចូលមកដឹកឈើលើទឹកដីខ្មែរតាមអំពើចិត្ត៕
Recent Comments