ប្រភពព័ត៌មាន ពីសមត្ថកិច្ចពាក់ព័ន្ធ បានឲ្យដឹងថា នៅចំណុចបន្ទាយ ទី១ ភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាទ្បៃ មានច្រករបៀងតូចៗ ដែលឈ្មួញអាច នាំចូលទំនិញ គេចពន្ធនិងទំនិញខុសច្បាប់ យ៉ាងពេញបន្ទុក ហើយក៏មានការបើកដៃ ឲ្យពលករខ្មែរឆ្លងដែនខុសច្បាប់ យ៉ាងអនាធិបតេយ្យដែរ។ ដោយ សារអ្នកកាសែតដឹងរឿងនេះ ហើយចុះទៅយកព័ត៌មានទើប ត្រូវលោក អ៊ុក ដារ៉ាន់ ប្រើអំណាច ដកហូតយកកាមេរ៉ានិង ឃាត់រថយន្ត មិនឲ្យចេញ ទៅវិញទាល់តែមាន ការសម្របសម្រួលពី ថ្នាក់លើទើបលោក អ៊ុក ដារ៉ាន់ យល់ព្រមប្រគល់ រថយន្តនិងកាមេរ៉ាដល់អ្នកកាសែតវិញ ប៉ុន្តែតម្រូវឲ្យលុបចោលរូប នៅក្នុងកាមេរ៉ានោះទាំងអស់។
ប្រភពព័ត៌មានបានឲដឹងថា នៅក្នុងភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាលោក អ៊ុក ដារ៉ាន់ ជាប្រធានកងអនុសេនាធំយោធាតំបន់ប្រតិបត្តិការសឹករងស្រុកម៉ាទ្បៃ កំពុងប្រើអំណាចបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងឃុបឃិតឲ្យពលករខ្មែរឆ្លងដែនខុសច្បាប់ចូលទឹកដីសៀមយ៉ាងពេញបន្ទុក។ ហេតុនេះហើយទើបកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៥ អ្នកសារព័ត៌មាន២នាក់ដែលចុះទៅយកព័ត៌មានពាក់ព័ន្ធពលករខ្មែរឆ្លងដែនខុសច្បាប់នៅទីនោះត្រូវបានគេដកហូតយកកាមេរ៉ានិងឃាត់រថយន្តផងដែរ។ ប្រការនេះដោយសារតែលោក អ៊ុក ដារ៉ាន់ ចង់បិទបាំងអំពើអាក្រក់របស់ខ្លួនដែលឃុបឃិតឲ្យឈ្មោះសំណាង នាំចូលទំនិញគេចពន្ធស្រេចតែអំពើចិត្តនិងការឃុបឃិតបើកដៃឲ្យពលករឆ្លងដែនទៅប្រទេសសៀមដោយខុសច្បាប់។
តាមការអះអាងពីមន្ត្រីយោធាតូចតាចនៃតំបន់សឹករងស្រុកម៉ាទ្បៃបានឲ្យដឹងថាលោក អ៊ុក ដារ៉ាន់ មានតួនាទីជាមេបញ្ជាការកងអនុសេនាធំយោធាសឹករងស្រុកម៉ាទ្បៃ តែងតែឃុបឃិតឲ្យឈ្មួញម្នាក់ឈ្មោះសំណាង ជាមន្ត្រីយោធាដែរនោះនាំចូលម៉ូតូគេចពន្ធនិងទំនិញគេចពន្ធផ្សេងៗតាមអំពើចិត្តរហូតដល់មានលួចនាំចូលរថយន្តទំនើបៗយកមកប្រើប្រាស់ផ្ទាល់ខ្លួនទៀតផងដោយបាញ់ពណ៌ត្រេអ៊ីសម្គាល់ថាជារថយន្តយោធា។ លើសនេះទៅទៀតឈ្មោះអ៊ុក ដារ៉ាន់ បានឃុបឃិតជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតក្នុងការបើកដៃឲ្យពលករឆ្លងដែនខុសច្បាប់ទៅស្រុកសៀមក្នុងមួយថ្ងៃៗរាប់សិបនាក់ផងដែរ។ រដ្ឋមន្ត្រីក្រសួងការពារជាតិនិងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទត្រូវចាត់វិធានការបន្ទាន់ទៅលើ លោក អ៊ុក ដារ៉ាន់ ប្រព្រឹត្តខុសច្បាប់តាមអំពើចិត្ត ៕
Recent Comments