អង្គភាព ប្រឆាំងអំពើពុករលួយ ដែលមានលោក ឱម យ៉ិនទៀង ជាប្រធានគួរចាត់ វិធានការស៊ើប អង្កេតអំពើពុករលួយ របស់មេគយចល័តលើ ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៧ ផងពី ព្រោះមួយរយៈពេល ចុងក្រោយនេះ គេប្រព្រឹត្ត អំពើពុករលួយ ជំរិតយកលុយ ពីឈ្មួញដឹកទំនិញគេច ពន្ធនិងឈ្មួញ ដឹកជញ្ជូនឈើ ខុសច្បាប់ យ៉ាងអានាធិបត្តេយ្យ ។
មន្ត្រី គយចល័តប្រចាំ ផ្លូវជាតិលេខ១ និងលេខ៧ មិនត្រឹមតែបំពាន លើការងារមន្ត្រីរាជការ និងសមត្ថកិច្ចដូចគ្នាប៉ុណ្ណោះទេ ហើយថែមទាំងជម្រិតយកលុយពីឈ្មួញរកស៊ីឈើបាន៣០ម៉ឺនដុល្លារ ។ បញ្ហានេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករមិនត្រូវមើលរំលងតទៅទៀតទេ ព្រោះមន្ត្រីគយចល័តប្រចាំផ្លូវជាតិលេខ៧និងផ្លូវជាតិលេខ១កំពុងប្រព្រឹត្តអំពើពុករលួយ ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថាករណីមន្ត្រីគយចល័តលើផ្លូវជាតិលេខ៧ឃាត់រថយន្តដឹកឈើហើយជំរិតយកលុយពីឈ្មួញ៣០ម៉ឺនដុល្លារនោះគឺជាអំពើខុសច្បាប់ព្រោះគ្មានការចូលរួមពីមន្ត្រីស្ថាប័នជំនាញដទៃទៀតដូចជាមន្ត្រីតុលាការនិងមន្ត្រីនគរបាល។ បើតាមច្បាប់ប្រតិបត្តិការបែបនេះត្រូវមានការចូលរួមពីស្ថាប័នពាក់ព័ន្ធផ្សេងៗជាពិសេសពីសំណាក់ព្រះរាជអាជ្ញានិងមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មិនអាចរំលងស្ថាប័នទាំងនេះបានទ្បើយ។ ប៉ុន្តែមន្ត្រីគយចល័តដ៏មានអំណាចនៅលើផ្លូវជាតិលេខ៧និងលេខ១ បានចាប់ឈើដែលបម្រុងឆ្លងតាមច្រករបៀងទន្លេចាម ជំរិតយកលុយ៣០ម៉ឺនដុល្លារទៅតាមជំនាញរបស់ខ្លួនដោយគ្មានញញើតច្បាប់ទម្លាប់អ្វីទាំងអស់ដោយសារអាងមានមន្ត្រីគយជាន់ខ្ពស់ជាខ្នងបង្អែក ។
សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថាករណីមន្ត្រីគយចល័តជំរិតយកលុយ៣០ម៉ឺនដុល្លារពីឈ្មួញដឹកឈើប្រណីតនៅច្រកទន្លេចាមនោះ កំពុងតែធ្វើឲ្យឈ្មួញរកស៊ីឈើមួយចំនួនមានការភិតភ័យយ៉ាងខ្លាំង ព្រោះមុខរបរខុសច្បាប់របស់ពួកគេត្រូវប្រឈមនឹងការគាបសង្កត់ពីសំណាក់សមត្ថកិច្ចគយចល័ត។ គេមិនដឹងថាលុយ៣០ម៉ឺនដុល្លារដែលសមត្ថកិច្ចគយចល័តលើផ្លូវជាតិលេខ៧ជំរិតយកពីឈ្មួញកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៥នោះត្រូវគេដាក់ចូលហិបថវិការដ្ឋឬចែកគ្នាធ្វើមានធ្វើបាននោះទេ ព្រោះមេគយចល័តលើផ្លូវជាតិលេខ៧និងផ្លូវជាតិលេខ១មានអំណាចខ្លាំងណាស់ ៕
Recent Comments