លោក ប្រជានេសាទចំនួន៥ភូមិនៅស្រុកបុទុមសាគរ ខេត្តកោះកុងបានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដកហូតតំណែងមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ដោយសារតែមន្ត្រីទាំងនោះកាងឲ្យឈ្មួញហ៊ុំព័ទ្ធរបងឬស៊ុមរាប់ពាន់ហិកតាព្រមទាំងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ទំនើបៗយ៉ាងអនាធិបតេយ្យ។ លើសនេះទៅទៀតមន្ត្រីរដ្ឋបាលជលផលទាំងនោះប្រព្រឹត្តអំពើពុករលួយតម្រូវឲ្យប្រជានេសាទជាលក្ខណៈគ្រួសារនៅឃុំថ្មស បង់លុយឲ្យពួកគេក្នុងទូកនីមួយៗចាប់ពី៥ម៉ឺនរៀលទ្បើងទៅសម្រាប់ការនេសាទម្តងៗ។
ប៊ុន លើត អភិបាលខេត្តកោះកុងក្រៅពីប្រើប្រាស់អំណាចបម្រើផលប្រយោជន៍ក្រុមហ៊ុនចិនដែលឆក់ប្លន់ដីធ្លីប្រជាពលរដ្ឋខ្មែរគឺមិនចាត់វិធានការទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗដែលកើតទ្បើងយ៉ាងពេញបន្ទុកនោះទេ។
ប្រជាពលរដ្ឋក្នុងភូមិចំនួន៥នៃឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង បានឲ្យដឹងថាលោក ទ្បាង គីរី នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ជាអ្នកបើកដៃឲ្យឈ្មួញប្រើឧបករណ៍នេសាទខុសច្បាប់ទំនើបៗដើម្បីនេសាទគ្រែងឈាមយ៉ាង អនាធិបតេយ្យ ប៉ុន្តែបែរជាមកគំរាមកំហែងជំរិតយកលុយពីពួកគាត់ដែលប្រកបរបរនេសាទជាលក្ខណៈគ្រួសារទៅវិញ។ ប្រជាពលរដ្ឋបានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងស្ថាប័នពាក់ព័ន្ធដកហូតតំណែងលោក ទ្បាង គីរី ដែលបានឃុបឃិតជាមួយឈ្មួញប្រើឧបករណ៍ខុសច្បាប់នេសាទគ្រែងឈាម ហើយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលទៅនេសាទនៅក្នុងតំបន់នោះ។ មន្ត្រីអាជ្ញាធរមូលដ្ឋានឃុំថ្មស ក៏បានឲ្យដឹងដែរថាលោកទ្បាង គីរី នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុងនិងមន្ត្រីរដ្ឋបាលជលផលថ្នាក់ស្រុកបានគំរាមកំហែងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងទូកមួយគ្រឿង៥ម៉ឺនរៀលសម្រាប់ការនេសាទគ្រែងឈាមម្តងៗ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលដឹងរឿងនេះបានឲ្យដឹងថាលោក ទ្បាង គីរី និងមន្ត្រីក្រោមឱវាទឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយធ្វើបាបប្រជាពលរដ្ឋក្រីក្រទន់ខ្សោយជាយូរមកហើយ ប៉ុន្តែមិនដែលឃើញលោក ប៊ុន លើត អភិបាលខេត្តកោះកុងចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋនោះទេ។ ប្រការនេះហើយទើបប្រជាពលរដ្ឋ៥ភូមិក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង អំពាវនាវឲ្យលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដកហូតតំណែងលោក ទ្បាង គីរី នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុងជាបន្ទាន់បំផុត ៕
Recent Comments