ក្រុមអាជីវករពិឃាតជ្រូក គោ ក្របី នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអំពាវនាវឲ្យលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារចាត់វិធានការលើលោក កាន់ សុង ប្រធានស្តីទីការិយាល័យពន្ធដារស្រុកកំពង់សៀម ជាបន្ទាន់ ព្រោះបុគ្គលនេះប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃយ៉ាងក្រអឺតក្រទមបំផុត។ ជាមួយគ្នានេះលោក គង់ វិបុល ក៏ត្រូវចាត់វិធានការលើប្រធានមន្ទីរពន្ធដារខេត្តកំពង់ចាមផងដែរ ព្រោះបើគ្មានការឃុបឃិតបែងចែកផលប្រយោជន៍គ្នាយ៉ាងរលូនទេនោះគឺប្រធានមន្ទីរពន្ធដារខេត្តកំពង់ចាមមិនបណ្តោយឲ្យលោក កាន់ សុង ប្រព្រឹត្តអំពើពុករលួយប្រើអំណាចជំរិតយកលុយពីអាជីវករពិឃាតសត្វជ្រូក គោ ក្របី នៅស្រុកកំពង់សៀមតាមអំពើចិត្ត ។
ក្រុមអាជីវករបានឲ្យដឹងថាជារៀងរាល់ឆ្នាំពួកគាត់បានយកលុយទៅបង់ជូនលោក កាន់ សុង ប្រធានការិយាល័យពន្ធដារស្តីទី ស្រុកកំពង់សៀម គឺបង់ពន្ធអាករពិឃាតសត្វជ្រូក គោ ក្របី ប៉ុន្តែក្រោយមកស្រាប់តែមានការទារលុយពីពួកគាត់ច្រើនជាងមុនពី៣០ទៅ៤០ភាគរយទៅវិញ។ បញ្ហានេះក្រុមអាជីវករសង្ស័យថាមានការបើកដៃពីប្រធានមន្ទីរពន្ធដារខេត្តកំពង់ចាម ទើបបុគ្គល កាន់ សុង ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
ក្រុមអាជីវករប្រកបអាជីវកម្មកាប់ជ្រូក គោ ក្របី នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឲ្យដឹងថាប្រធានការិយាល័យពន្ធដារស្តីទី ស្រុកកំពង់សៀម ឈ្មោះ កាន់ សុង ប្រព្រឹត្តអំពើពុករលួយជំរិតយកលុយពីពួកគាត់ច្រើនឆ្នាំមកហើយ គ្មានស្ថាប័នពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះទេ។
ក្រុមអាជីវករដែលស្អប់ខ្ពើមអំពើពុករលួយរបស់លោក កាន់ សុង បានបញ្ជាក់ថាពន្ធអាករពិឃាតសត្វជ្រូក គោ ក្របី ត្រូវបានគេដម្លើងពី៣០ទៅ៤០ភាគរយរៀងរាល់ឆ្នាំ ហើយបើអ្នកណាមិនព្រមបង់តាមការកំណត់គឺលោក កាន់ សុង គំរាមពិន័យតាមច្បាប់ពន្ធដារ។ លើសនេះទៅទៀតនៅក្នុងក្រដាសប្រមូលពន្ធដាក់ថាមួយខែត្រូវបង់១២ម៉ឺនរៀល ប៉ុន្តែការពិតលោក កាន់ សុង តម្រូវឲ្យបង់ក្នុងមួយខែពី ៣០ទៅ៤០ម៉ឺនរៀល គឺលើសការកំណត់ជាច្រើនដងធ្វើឲ្យអាជីវករគ្មានសល់ប្រាក់ចំណេញទៀតទេ។ ចំពោះអាជីវករកាប់ជ្រូក គោ ក្របី ថ្មីៗដែលសុំបើកអាជីវកម្មត្រូវលោក កាន់ សុង ចេញលិខិតកោះហៅមកទារប្រាក់ពី១០០ទៅ២០០ដុល្លារដោយគ្មានញញើតអ្វីទាំងអស់ ហើយអភិបាលស្រុកកំពង់សៀមក៏ធ្វើមិនដឹងមិនឮជុំវិញបញ្ហានេះដែរ។
Recent Comments