លោក​ ចាន់សុ​ផលចៅហ្វា​យខេត្តបា​ត់ដំបង​ឆ្លើយថាក្តាប់មិ​នជុំចំ​ពោះអាជីវក​ម្មថ្មកែវ​លើភ្នំ​​១៥០

ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត្ត​បាត់ដំបង ត្រូវបាន និង​កំពុង​ឈានទៅ​ធ្វើ​អាជីវកម្ម​នៅលើ​ជួរ​ភ្នំ​ថ្ម​ក្រហម​មួយកន្លែង​ទៀត ហើយ ដើម្បី​ប្រមូលយក​ប្រភេទ​ថ្ម​ពណ៌​ម្តង បន្ទាប់ពី​បាន​ប្រមូលយក​ថ្មកែវ សឹងតែ​រលាយ​តួ​ភ្នំ​១៥០ អស់​មួយ​ចំហៀង​រួចមក​។

គួរ​បញ្ជាក់ថា កាលពី​ដើមឡើយ ជួរ​ភ្នំ​១៥០​ទាំងមូល មានការ​ការពារ និង​អភិរក្ស​យ៉ាង​ល្អ​ទៅលើ​ដើម​រុក្ខជាតិ​នានា​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នេះ រហូត​ធ្វើ​ឲ្យ​តួ​ភ្នំ​ទាំងមូល​មាន​ភាពស្រស់​បំព្រង និង​មាន​ពណ៌​ខៀវស្រងាត់ ដែលជា​ចំណែក​មួយ​ក្នុងការ​លើកស្ទួយ​នូវ​សោភ័ណភាព​របស់​អាងទឹក​កំពីងពួយ​ផងដែរ​។

ប៉ុន្តែ​មួយរយៈ​ក្រោយ​មកនេះ ក៏មាន​បញ្ហា​មួយ​បានកើត​ឡើង និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នេះ​មានការ​ខកចិត្ត​យ៉ាងខ្លាំង ព្រោះ​អ្វីៗ​ដែល​ពួកគេ​ខំប្រឹង​ថែ ត្រូវបាន​ក្រុមហ៊ុន​មួយ​ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា វ័យក្មេង​ម្នាក់ ដាក់​គ្រឿងចក្រ​ចូលទៅ​ទន្ទ្រាន​ឈូសឆាយ​ដោយ​ធ្វើ​ការដាក់​គ្រាប់​បំផ្ទុះ បំ​ប៉ើង​ដុំថ្ម​ធំៗ ដើម្បី​ទាញយក​នូវ​ប្រភេទ​ថ្ម​ម្យ៉ាង ដែលមាន​ឈ្មោះថា “​ថ្មកែវ​” ដោយ​គេ​បានដាក់​ម៉ាស៊ីន​កែច្នៃ​នៅ​នឹង​ជើងភ្នំ​តែម្តង ក្នុងការ​ពុស​ជ្រៀក​ដុំថ្ម​ទាំងនោះ​ឲ្យ​ទៅជា​ការ៉ូ​ផ្ទាំងៗ ងាយស្រួល​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​នានា​នៅក្រៅ​ប្រទេស​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ បាន​លើកឡើងថា ពួកគាត់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព ព្រោះ​ពេលដែល​គេ​ដាក់​គ្រាប់​ដើម្បី​បំផ្ទុះ​ម្តងៗ ដុំថ្ម​ជាច្រើន​បាន​ហោះហើរ​ព្រោងព្រាត​ដោយ​ឆ្លងកាត់​លើដំបូល​ផ្ទះ​ទៅ​ធ្លាក់​ដល់​ផ្លូវថ្នល់ ហើយ​ម្យ៉ាងទៀត​ព្រៃឈើ​ដែល​ធ្លាប់​តែមាន​ភាពស្រស់​បំព្រង ឥឡូវ​ស្ទើរតែ​ក្លាយ​ជាទី​រហោ​ដ្ឋា​ន​ទៅហើយ ព្រោះ​វិសាលភាព​នៃ​ការធ្វើ​អាជីវកម្ម​របស់​ពួកគេ​មាន​ទំហំធំធេង​ណាស់​នៅលើ​ខ្នងភ្នំ​នេះ​។

ប្រភព​ដដែល​បាន​សង្កាត់​ធ្ងន់​ថា រយៈពេល​ប្រហែល​ជិត​មួយខែ​កន្លងទៅនេះ គេ​បានឃើញ​ក្រុមហ៊ុន​នេះ បាន​លើក​គ្រឿងចក្រ​ចេញទៅ​ចំណុច​មួយ​ផ្សេង​ទៀតហើយ ដោយ​ទុក​កម្លាំង​ខ្លះ​នៅចាំ​កន្លែង គឺ​ចំណុច​ថ្មី​ដែល​គេ​ទៅ​ឈរជើង​នេះ ស្ថិតនៅ​ខាងលិច​ភ្នំ​តា​គ្រាម គឺ​នៅលើ​ជួរ​ភ្នំ​ថ្ម​ក្រហម បើ​គេ​សំលឹងមើល​ពី​ផ្លូវ គឺ​មិនអាច​មើលឃើញ​ឡើយ ព្រោះ​វា​ស្ថិតនៅ​ខាងក្រោយ​ភ្នំ​តា​គ្រាម ដូច្នេះ​គេ​អាចមាន​លទ្ធភាព​ធ្វើ​យ៉ាង​ឆ្ងាញ់​ដៃ ហើយ​នៅ​ទីតាំង​ទី​ពីរ​នេះ គឺ​ប្រភព​គ្រាន់តែ​ដឹងថា ជាការ​ធ្វើ​អាជីវកម្ម​យក​ប្រភេទ​ថ្ម​ពណ៌​។

​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​លើ​សម្បត្តិ​ធម្មជាតិ​ទាំងនេះ លោក ជឺ ឈាង ប្រធាន​មន្ទីរ រ៉ែ និង​ថាមពល បាន​លើកឡើងថា គេ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ តែ​ចំពោះ​វិសាលភាព​នស​ការធ្វើ​អាជីវកម្ម លោក​មិនបាន​ចាំ​ទេ​។

​ថ្លែងប្រាប់​​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​នា​កាល​ព្រឹក​ថ្ងៃទី​២៨ ខែមីនា​ លោក​អភិបាលខេត្ត ច័ន្ទ សុផល បានលើកឡើង​យ៉ាងខ្លី ខណៈដែល​រូបលោក​កំពុងស្ថិត​នៅក្នុង​អង្គប្រជុំ​ថា លោក​ក្តាប់​មិន​ជុំ​ទេ​ក្នុង​រឿងនេះ ទាល់តែ​សួរ​ទៅខាង​មន្ទីរជំនាញ ទើប​គេ​ដឹង​។

ប្រភព​មួយចំនួន​បាន​និយាយថា បើ​ច្បាប់​មិនបាន​កំណត់​វិសាលភាព​នៃ​ការធ្វើ​អាជីវកម្ម​ឲ្យ​បានច្បាស់លាស់​ទេនោះ អនាគត​ជួរ​ភ្នំ​ទាំងនេះ​ប្រាកដជា​រលាយ ហើយ​ភោគផល​រ៉ែ​ធម្មជាតិ​ក៏​នឹង​វិនាស​ទៅ​ដែរ។ ពល​រដ្ឋ​ក៏បាន​រិះ​គន់ថា លោក ចាន់សុផល មិន​គួរ​ឆ្លើយថា ក្តាប់មិន​ជុំ​នោះទេ ព្រោះ​លោក​ជាចៅ​ហ្វាយ​ខេត្ត​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន​ពេញ​ចិត្ត​ហើយ​តែង​តាំងជាចៅ​ហ្វាយ​ខេត្ត​បាត់ដំបង ពាក្យថា​ក្តាប់​មិន​ជុំជាភាសា​អសមត្ថភាព​បំ​ផុត​៕ ដោយ៖ សហការី

ksnews_01_30032015