ប្រភព ពីមន្ត្រីកងរាជអាវុធហត្ថ ម្នាក់ដែលបានចូលរួម បង្ក្រាបបទល្មើស ព្រៃឈើខាងលើ បានឲ្យដឹងថា ដោយមានសេចក្តី រាយការណ៍ថា មានជនជាតិយួន កំពុងតែធ្វើសកម្មភាពអារ និងដឹកជញ្ជូនឈើ ក្នុងដែនព្រៃការពារ ក្រុមលោក បានទទួលការ ចង្អុលបង្ហាញ ពីប្រធានគំរោងរបស់ អង្គការការពារ ធនធានធម្មជាតិ ចុះចំគោលដៅ ហើយបានចាប់ខ្លួនជនជាតិយួន ជាបន្តបន្ទាប់ ព្រមទាំងវត្ថុតាងជាក់ស្តែងមួយចំនួនធំ។ ប្រភពដដែលបញ្ជាក់ថា បើយោងតាមការសារភាពរបស់ជនជាតិយួន គេសង្ស័យថា យោធាព្រំដែនខ្មែរជាអ្នកឃុបឃិត ខណៈជនជាតិយួន ចំនួន៦នាក់ ត្រាក់ទ័រ១គ្រឿង រថយន្ត រណារយន្ត និងឈើសុក្រំមួយចំនួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងចាប់បញ្ជូនមកសាកសួរ ក្រោយពីក្រុមឈ្មួញបានព្យាយាមជញ្ជូន ឈើចេញពីព្រៃការពារ ស្ថិតក្នុងដែនអភិរក្ស។
ជនជាតិយួនចំនួន៦នាក់ ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួន នៅខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ ជនជាតិយួនទាំងនោះ ត្រូវបានគេដកស្រង់សំដី ដែលបានឆ្លើយសារភាពថា ពួកគេចូលមកកាប់ឈើនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី នេះបាន គឺដោយសារតែមានការអនុញ្ញាត ពីមន្ត្រីយោធាការពារព្រំដែនខ្មែរម្នាក់ ឈ្មោះសៅ រិទ្ធ ។ ការចុះបង្ក្រាបបទល្មើសព្រៃឈើក្នុងករណី ខាងលើនេះ ត្រូវគេឃើញថា មិនមានសមត្ថកិច្ចក្នុងមូលដ្ឋានមានវត្តមាននៅកន្លែងកើតហេតុនោះទេ គឺឃើញមានតែកម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេសដែលសហការជាមួយអង្គការអភិរក្សជីវចម្រុះ កែវសីមា នៅខេត្តមណ្ឌលគិរី តែប៉ុណ្ណោះ។
ទាក់ទង បញ្ហានេះ លោក ទា ខូវម៉េង មេបញ្ជាការកងអនុសេនាធំទី២ ចំណុះវរការពារព្រំដែនលេខ១០៣ បាននិយយថា លោកមិនបានដឹងអំពីមន្ត្រីយោធារបស់លោក ឃុបឃិតឲ្យជនជាតិយួនចូលដោយខុសច្បាប់នោះទេ ដោយលោកថា លោកនឹងហៅមន្ត្រីយោធាឈ្មោះសៅ រិទ្ធ មកសាកសួរ ។ លោក អ៊ុំ សុវណ្ណ មេបញ្ជាការយោធាវរការពារព្រំដែនលេខ១០៣ មិនអាចស្វែងរកការបំភ្លឺបន្ថែមបាននោះទេ ។ តែសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន បានបញ្ជាក់ថា បើគ្មានការឃុបឃិតគ្នា រវាងមន្ត្រីនៅអង្គភាពទាំងមូល នោះមន្ត្រីថ្នាក់ក្រោមក៏មិនហ៊ានឃុបឃិតជាមួយជនជាតិយួនចូលកាប់ឈើលើដីខ្មែរនោះទេ។ ប្រភពដដែលបានបញ្ជាក់ថា ពេលទទួលបានផលប្រយោជន៍មន្ត្រីថ្នាក់លើតែងតែសម្ងំទទួលយកផលប្រយោជន៍ តែដល់ពេលមានបញ្ហាមន្ត្រីខ្មែរតែងតែរុញដាក់ឲ្យមន្ត្រីថ្នាក់ក្រោម ៕
Recent Comments