ឈ្មោះវង្ស តារាសុផលនាយរងប៉ុស្តិ៍ណាំលៀ បានឲ្យដឹងថា ជាឈ្មួញរកស៊ីឈើប្រណីត ដោយធ្វើការប្រមូលទិញ ឈើប្រណីតយកទៅស្តុកទុកនៅភូមិវ៉ាយោង ស្ថិតក្នុងស្រុកពេជ្រាដា ហើយបន្តដឹកយកទៅលក់នៅប្រទេសយួន តាមច្រករបៀងនានា ពិសេស ច្រកជាប់នឹងទីតាំងថ្នាលបណ្តុះកូនកៅស៊ូ របស់ក្រុមហ៊ុនកូវីម៉ា ដែលនៅមិនឆ្ងាយប៉ុន្មានពីច្រកណាំលៀ។ លោកផន ណាវី នាយប៉ុស្តិ៍ណាំលៀ ត្រូវបានប្រជាពលរដ្ឋស្រុកពេជ្រាដា បង្ហើបឲ្យដឹងថា បានបើកដៃឲ្យឈ្មួញដឹកឈើ យកទៅលក់នៅប្រទេសយួនតាមច្រកណាំលៀ ដោយតម្រូវឲ្យបង់ក្បាលឡានចាប់ពី១០០ដុល្លារ ទៅពី២០០ដុល្លារ និងអាចឈានដល់៣០០ដុល្លារក្នុងឡានមួយគ្រឿង អាស្រ័យលើឈើតិច ឬច្រើន និងឈើធម្មតា ឬឈើប្រណីត។
បើទោះជាមានប្រជាពលរដ្ឋរិះគន់ថាមន្ត្រីអនុវត្តន៍ច្បាប់ជាអ្នកល្មើសច្បាប់យ៉ាងណាក៏ដោយ ក៏បញ្ហានេះនៅតែបន្តកើតមានយ៉ាងរលូននៅក្នុងសង្គមកម្ពុជា។ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ជាអ្នកជួញដូរគ្រឿងញៀន ខណៈសមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើ ជាអ្នកកាប់បំផ្លាញ និងជាអ្នកជួញដូរឈើខុសច្បាប់ផងដែរ។ ជាក់ស្តែង នៅខេត្តមណ្ឌលគិរី ក្នុងពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា សមត្ថកិច្ចមួយចំនួន បានជាប់ពាក់ព័ន្ធយ៉ាងពេញបន្ទុកជាមួយបទល្មើសព្រៃឈើ ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចទាំងនោះ កំពុងឃុបឃិតប្រព្រឹត្តបទល្មើសព្រៃឈើ និងទទួលបានផលប្រយោជន៍ពីបទល្មើសព្រៃឈើ ដោយគ្មានខ្វល់ខ្វាយពីផលប្រយោជន៍សង្គមជាតិនោះទេ។
ប្រភពដដែលបានបញ្ជាក់ថា ការដែលមន្ត្រីអនុវត្តន៍ច្បាប់ ជាអ្នកប្រព្រឹត្តបទល្មើសបំពានកាតព្វកិច្ចរបស់ខ្លួននោះ វាគឺជារឿងគ្រោះថ្នាក់បំផុតសម្រាប់សង្គមកម្ពុជា ហើយប្រជាពលរដ្ឋក្រីក្រ នឹងក្លាយទៅជាអ្នកងាយរងគ្រោះនៅក្នុងសង្គម។
ប្រជាពលរដ្ឋស្រុកពេជ្រាដាបានលើកឡើងថា ក្រុមឈ្មួញឥឡូវនេះមិនខ្លាច ក្នុងការដឹកជញ្ជូនឈើទៅលក់នៅប្រទេសយួន និងតាមបណ្តាខេត្តផ្សេងៗទៀតនោះទេ ប្រសិនបើពួកគេមានការជជែកត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចជំនាញហើយនោះ។
គេកំពុងរង់ចាំមើលចំណាត់ការរបស់លោកញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្តមណ្ឌលគិរី តែទំនងមិនអាចទៅរួចនោះទេ ព្រោះថ្មីៗនេះលោកញ៉ែម វ៉ាន់នី ក៏ត្រូវបានមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនរិះគន់ថាបានប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម នៅក្នុងការដឹកនាំស្ថាប័ននគរបាលខេត្តមណ្ឌលគិរី និងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋមិនត្រឹមត្រូវ ៕
Recent Comments