សេចក្តីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានឲ្យដឹងទៀតថា កាលពីមុនឧកញ៉ា ធី ប្ញទ្ធសី ធ្លាប់ប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីស្រុកវ៉ឺនសៃតាមអំពើចិត្ត ដោយគ្មានសមត្ថកិច្ចណាបង្ក្រាបទេ ព្រោះសមត្ថកិច្ចតាមដងផ្លូវជាប់ពាក់ព័ន្ធនឹងបញ្ហាផលប្រយោជន៍គ្រប់ៗគ្នា។ ឥទ្បូវនេះឧកញ៉ា ធី ប្ញទ្ធសី កំពុងបង្កមហន្តរាយព្រៃឈើនៅដែនជម្រកសត្វលំផាត់ដោយមានលោក អ៊ូ សុធី ជាអ្នកឃុបឃិតក្រោមយីហោក្រុមហ៊ុនហុងអាញ់លំផាត់ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ។ បញ្ហានេះលោក ឆេង គឹមសុន មេរដ្ឋបាលព្រៃឈើនិងលោក អ៊ូ រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចាត់វិធានការលើមេឈ្មួញ ធី ប្ញទ្ធសី ជាបន្ទាន់បំផុត ដើម្បីកុំឲ្យព្រៃដែនជម្រកសត្វលំផាត់ត្រូវប្រឈមនឹងការបំផ្លិចបំផ្លាញតទៅទៀត។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកលំផាត់ ខេត្តរតនគិរី បានឲ្យដឹងថា ប្រធានដែនជម្រកសត្វលំផាត់ឈ្មោះ អ៊ូ សុធី គឺជាអ្នកបើកដៃឲ្យអ្នកមានលុយអ្នកមានអំណាចកាប់ឈើនិងដឹកជញ្ជូនឈើធ្វើអាជីវកម្មខុសច្បាប់យ៉ាងមហន្តរាយ។ ក្នុងនោះឧកញ៉ា ធី ប្ញទ្ធសី ត្រូវបានគេដឹងថាជាអ្នកប្រមូលទិញឈើដឹកជញ្ជូនយកទៅលក់នៅក្រៅប្រទេសប្រមូលលុយដាក់ហោប៉ៅយ៉ាងអាណាធិបតេយ្យ ដោយមានការឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើនិងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ ប្រការនេះហើយដែលធ្វើឲ្យឈើប្រណីតនិងឈើប្រភេទលេខ១ក្នុងដែនជម្រកសត្វលំផាត់ត្រូវប្រឈមនឹងមហន្តរាយចៀសមិនផុតទ្បើយព្រោះលោក អ៊ូ សុធី និងបក្ខពួកគិតគូរតែរឿងផលប្រយោជន៍ប៉ុណ្ណោះ។
ប្រភពព័ត៌មានពីសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថាឧកញ៉ា ធី ប្ញទ្ធសី ជាអ្នកប្រមូលទិញឈើពីតំបន់ដែនជម្រកសត្វព្រៃលំផាត់ដោយច្រកក្រោមយីហោក្រុមហ៊ុនហុងអាញ់លំផាត់ ដើម្បីបិទបាំងនូវបទល្មើសរកស៊ីឈើខុសច្បាប់របស់ខ្លួន។ ក្នុងមួយខែៗឧកញ៉ា ធី ប្ញទ្ធសី ចំណាយលុយជាច្រើនមឺនដុល្លារ ក្នុងការចែកចាយដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋបាលព្រៃឈើ ទើបជំនួញឈើខុសច្បាប់អាចប្រព្រឹត្តទៅដោយរលូនគ្មានបញ្ហា អ្វីទាំងអស់។ លោក អ៊ូ សុធី ក្នុងនាមជាប្រធានដែនជម្រកសត្វលំផាត់បានបើកដៃឲ្យជនល្មើសកាប់ឈើធ្វើអាជីវកម្មខុសច្បាប់ជាយូរមកហើយ ប៉ុន្តែមិនឃើញក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ៕
Recent Comments