ខេត្តបន្ទាយមានជ័យ ៖ប្រភពពីឈ្មួញដឹកទំនិញ បានឲដឹងថា លោក ចាប សុផារិទ្ធ និងលោក ឡុង សំអឿន បានបង្កើតកុងត្រូលជជុះ ឲ្យកូនចៅជំនិតៗ ចុះប្រមូលលុយពីក្បាលឡាន ឬប្រដេញចាប់ឡានដឹកទំនិញ ឲ្យចូលបង់លុយ តាមបណ្តោយផ្លូវជាតិលេខ៥ យ៉ាងប្រសេចប្រសាច។ មិនត្រឹមតែប៉ុណ្ណោះ អ្នករកស៊ីដឹកជញ្ជូន ផលកសិកម្ម និងទំនិញ ទៅលក់តាមដេប៉ូ ត្រូវបានកូនចៅ លោក ចាប សុផារិទ្ធ និងលោក ឡុង សំអឿន តម្រូវអោយបង់លុយ ក្នុងមួយរថយន្ត ១ម៉ឺនរៀល ទៅ ២ម៉ឺនរៀល ដោយគ្មានការ យោគយល់នោះទេ ដែលបញ្ហានេះ អាចធ្វើឲ្យ គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ បាត់បង់ប្រជាប្រិយភាព គួរឲ្យព្រួយបារម្ភ ។
ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ ទាំងតូចទាំងធំ បានរអ៊ូរទាំចំពោះបែបបទ នៃការបង់លុយឲ្យមន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ ដែលគ្មានតួនាទីប្រមូលលុយ បង់ចូលក្នុងហិបថវិកាជាតិ តែពួកគេមានអំណាច ចាប់ឬបង្ក្រាបការដឹកជញ្ជូនទំនិញ របស់ក្រុមឈ្មួញទាំងឡាយណា ដែលមិនបានបង់លុយ ទៅតាមការតម្រូវរបស់ពួកគេ មានដូចជាប៉ូលីសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ក្រោមបញ្ជារបស់លោក ចាប សុផារិទ្ធ និងប៉ូលីសសេដ្ឋកិច្ចក្រសួង ក្រោមបញ្ជារបស់ លោក ឡុង សំអឿន។
ប្រភពបានឲ្យដឹងថា តាំងពីលោក អាត់ ខែម វិលត្រឡប់មកកាន់តំណែងជា ស្នងការខេត្តបន្ទាយមានជ័យ គេឃើញប៉ូលីសសេដ្ឋកិច្ច ក្រោមបញ្ជារបស់លោក ចាប សុផារិទ្ធិ កាន់តែមានឱកាស ពង្រាយកូនចៅ អោយកោសរូសទារលុយ ពីឈ្មួញដឹកទំនិញ និងអ្នករត់តាក់ស៊ី តាមតែអំពើចិត្ត ដោយគ្មានខ្លាចរអែងអ្វីឡើយ។ ដោយឡែក ប៉ូលីសសេដ្ឋកិច្ចក្រសួង ដែលចុះទៅឈរជើង ក្នុងខេត្តបន្ទាយមានជ័យ ក៏កំពុងបញ្ចេញថ្វីដៃ ក្នុងការប្រមូលលុយច្រកហោប៉ៅ ធ្វើឲ្យក្រុមអ្នករកស៊ីដឹកទំនិញ មានការក្រពុលមុខយ៉ាងខ្លាំង។
ប្រភពបានឲ្យដឹងថា នៅក្រុងប៉ោយប៉ែត កូនចៅរបស់លោក ចាប សុផារិទ្ធ និងលោក ឡុង សំអឿន តែងតែដើរទារប្រាក់ និងកោសរូស ឈ្មួញដឹកទំនិញ ដោយប្រើពាក្យយ៉ាងខ្លីថា ប្រសិនបើមិនបង់លុយ ទេគេនឹងចាប់យកទៅខេត្ត និងបញ្ជូនសំណុំរឿង ទៅតុលាការ ហើយដោយសារពួកឈ្មួញ មានការភ័យខ្លាច ក៏បានបង់លុយតាមតម្រូវ របស់ពួកគេ បើទោះបីជាដឹងថា នោះជាបែបបទពុករលួយ និងដើម្បីកុំឲ្យមានការរំខាន។ ណាមួយលោក ចាប សុផារិទ្ធ និងលោក ឡុង សំអឿន បាន ធ្វើឲ្យឈ្មួញមួយចំនួនញាក់សាច់ក៏រត់ទៅជួប ឬបង់លុយជាប់ជាប្រចាំ៕
Recent Comments