ខេត្តកំពង់ធំ ៖ប្រភព័ត៌មានពីប្រជាពលរដ្នក្នុងស្រុកសណ្ដាន់និងស្រុកប្រាសាទសំបូរ បានឲដឹង ថា លោកសៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្ដាន់ជាប្រភពមេខ្លោងដ៏ធំក្នុងការបើកភ្លើងខៀវអោយជនឆ្លៀតឱកាសចូលកាប់បំផ្លាញព្រៃឈើ និងដុតព្រៃវាតយកដីលក់ ក្នុងនោះមានការរៀបចំជាខ្នងផ្ទះរាប់រយខ្នងផ្ទះដែលមានលក្ខណជាជួរ និងមានផ្លូវខ្វាត់ខ្វែង បង្កើតជាភូមិ (សហគមន៍ជួយសង្គ្រោះប្រជាពលរដ្នខ្មែរដើម្បីអភិវឌ្ឍន៍) ក្នុងនោះដីដែលបានកាប់ដុតនិងសាងសង់ផ្ទះ រួចមានទំហំ៥ហិកតា និងដីដែលបានកាប់បំផ្លាញដើមឈើរួចស្រេចទុកឲ្យដីដែលមានឈើងាប់ទំហំជិត២០ហិកតា ដោយក្នុងសហគមន៍នោះមានរៀបចំជារចនាសម្ព័ន្ធឈ្មោះម៉ាយ៉ានជាប្រធានសហគមន៍, ហូថា ជាទីប្រឹក្សាផ្នែកច្បាប់, ទឹមយ៉ា អនុប្រធានសហគមន៍ ,ជួមជន់ ជាអ្នកប្រឹក្សាភិបាល ,ពេជ្រដា ប្រធានរដ្ឋបាល ,ញែម វណ្ណី ប្រធានហិរញ្ញឹក ,យក់ដេ ប្រធានលេខាធិការ ដែលសហគមន៍នេះមានអាស្រ័យដ្ឋានផ្ទះលេខ៦៤ ក្រុមទី៧ ផ្លូវជាតិលេខ៦អា ភូមិ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ពួកអ្នកទាំងអស់នេះមានលោក សៅ វណ្ណី ជាអ្នកនៅពីក្រោយខ្នង មិនតែប៉ុណ្ណោះ លោក សៅ វណ្ណី ក៏ជាមេឈ្មួញឈើប្រណីតដែលបានបើកភ្លើងខៀវអោយឈ្មួញឈើផ្សេងៗ ទៀតចូលកាប់ឈើ ដឹកជញ្ចូនចេញពីទឹកដីដែលខ្លួនគ្រប់គ្រង ក្នុង១យប់១ថ្ងៃទាំងគោយន្ដ រថយន្ដកូរ៉េ មិនតិចជាង១០គ្រឿងនោះទេ រហូតមកដល់ពេលនេះ លោក សៅ វណ្ណី បានដើរតួជាអ្នកដឹកនាំក្នុងការបោសសំអាត សំណង់អាណាធិតិយ្យ នៅក្នុងព្រៃឡង់ទៅវិញ ដោយធ្វើជាអ្នកមិនដឹងរឿង ។
ព្រៃឡង់គឺជាព្រៃដែលរាជរដ្ឋាភិបាលរក្សាទុកមិនអោយកាប់ព្រៃ ឈូសឆាយ ឫដុតបំផ្លាញព្រៃឈើ ប៉ុន្តែព្រៃនេះត្រូវបានជនឆ្លៀតឱកាសចូលជ្រៀតជ្រែក រុករានកាប់និងដុតបំផ្លាញព្រៃដើម្បីយកដីលក់ដោយ បង្កើតឈ្មោះជាភូមិ (សហគមន៍ជួយសង្គ្រោះប្រជាពលរដ្នខ្មែរដើម្បីអភិវឌ្ឍន៍) ដោយចងជារចនាសម្ព័ន្ធជាបក្ខពួកជាក្រុម ។
ប្រជាពលរដ្នដែលផ្អើលមកពីខេត្តព្រះវិហារ បន្ទាយមានជ័យ ខេត្តកណ្ដាល កំពង់ចាម និងខេត្តមួយ ចំនួនទៀតបានប្រាប់អ្នកយកព័ត៌មានដែរថា សមាគមន៍នេះបានកៀងគរប្រជាពលរដ្ន មកចាប់ យកដីក្នុងទំហំ៤០គុណ ៧០ម៉ែត្រ ក្នុងតម្លៃតែ២០០០០០ទៅ៣០០០០០រៀលតែប៉ុណ្ណោះក្នុង១ប្លង់ ក្នុងនោះក៏មានលោកមេភូមិ និងមេឃុំ ព្រមទាំងអាជ្ញាធរស្រុករវៀងក្នុងទឹកដីខេត្តព្រះវិហារ ជាអ្នកបោះត្រានិងអនុញាតិអោយកាប់បំផ្លាញ ព្រៃដើម្បីឈូសឆាយយកដីលក់ធ្វើជាសំណង់អនាធិបតេយ្យក្នុងទឹកដីព្រៃឡង់នេះផងដែរ ។
អ្នកសារព័ត៌មានបានព្យាយាមទំនាក់ទំនងតាមទូរស័ព្ទទៅលោក សៅ វណ្ណី ដើម្បីឲ្យលោកជួយ បំភ្លឺក្នុងករណីខាងលើនេះ ចូលតែគ្មានអ្នកលើក ៕
Recent Comments