បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានផ្ទុះបាតុកម្មសាជាថ្មី កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ មានគ្នាប្រហែលជាង៣០នាក់ តំណាងឱ្យប្រជាពលរដ្ឋ ជាង៤៥គ្រួសារ ដោយនាំគ្នា រុះរើរបងដែកស័ង្កសី ដែលមេឈ្មួញ កំណាច ឈ្មោះឱក សុផាន រំលោភបំពានយកផ្លូវ សាធារណៈ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានកោតក្រែង រអែងច្បាប់ ទម្លាប់បន្តិចសោះឡើយ។
ដីផ្លូវសារធារណៈ ដែលមានទទឹង ១០ម៉ែត្រ និងបណ្តោយជាងមួយគីឡូម៉ែត្រ នៅចំណុច ឡធ្យូង ក្នុងភូមិបាលិលេយ្យ២ ត្រូវបុគ្គល ឈ្មោះ ឱក សុផាន ចូលខ្លួនទៅកាន់កាប់យ៉ាងត្រជាក់ចិត្ត ក្រោមការបើកភ្លើងខៀវ ពីសំណាក់លោកស្រីមេភូមិ ថេង ធារី មេភូមិ បាលិលេយ្យ២ និងលោក នុត លី ចៅសង្កាត់ក្រុងប៉ោយប៉ែត ដែលបានអនុញាតិ ឱ្យឈ្មួញខាងលើ កាន់កាប់ផ្លូវសារធារណៈ ជាបណ្តោះ អាសន្នល្មើសនិងច្បាប់ភូមិបាល ។
ដោយមើលឃើញ អំពើល្មើសច្បាប់ របស់បុគ្គលខាងលើ និងគ្មានផ្លូវដើរចេញចូលផង រួមទាំងការការដាក់ពាក្យបណ្តឹង ជាច្រើនលើកច្រើនសាទៅអាជ្ញាធរក្រុង និងសង្កាត់ ប៉ុន្តែគ្មានដំណោះស្រាយ បណ្តាលឱ្យពលរដ្ឋ អស់សង្ឃឹមលើផ្លូវច្បាប់ ទើបសម្រេចចិត្ត នាំគ្នារុះរើរបងនោះចេញដោយខ្លួនឯង ។
លោក នុត លី ចៅ សង្កាត់ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ចំពោះបុគ្គលដែលកាន់កាប់ ផ្លូវសាធារណៈ លោកមិនដឹងទេ ការសាងសងទាំងឡាយ ទាំងពួង ស្ថិតលើការិយាយល័យ ច្រកចេញចូលតែមួយ ខាងសង្កាត់មិនពាក់ព័ន្ធឡើយ។
ចំណែកលោកស្រី ថេង ធារី មេភូមិ បាលិលេយ្យ២ ក៏បានបំភ្លឺឱ្យដឹងថា រឿងកាន់កាប់ធ្វើអាជីវកម្ម ផ្លូវនោះ គឺភាគី ឱក សុផាន ធ្វើរបងបាំងដីបណ្តោះអាសន្ន តែប៉ុណ្ណោះ ដោយធ្វើរបងបិទផ្លូវដើម្បីការពារ សម្ភារសំណង់ ដែលកំពុងតែសាងសង់លំនៅឋាន។ ក្រោយពេលកើតហេតុ គេមិនឃើញលោក ឱក សុផាន ចេញមុខមកដោះស្រាយជាមួយ ប្រជាពលរដ្ឋនោះទេ ។
សូមរំលឹកផងដែរថា ការផ្ទុះបាតុភាព រុះរើរបងហ៊ុមព័ទ្ធយកដីផ្លូវ នៅចំណុចខាងលើ គឺបានកើតឡើងចំនួនពីរលើកមកហើយ ដោយគ្មានការដោះស្រាយ តាមផ្លូវច្បាប់ណាមួយ ពីអាជ្ញាធរ ដែនដីឡើយ គឺបណ្តោយឱ្យឈ្មួញ បំពានច្បាប់ តាមទំនើងចិត្ត ហើយទុកឱ្យរាស្រ្តដោះស្រាយដោយខ្លួនឯង ចំណែក សមត្ថកិច្ច នាំគ្នាជិះសេះបង្ហៀរ លែងដៃ យ៉ាងរំភើយ៕
Recent Comments