សៀមរាប៖ តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើ បាននិងកំពុងតែសម្រុក កាប់បំផ្លាញព្រៃឈើស្ទើររលាយសាបសូន្យក្នុងបរិវេណក្រុមហ៊ុន និងក្រៅក្រុមហ៊ុន ហើយពួកគេតែងតែ ប្រើប្រាស់រថយន្តខ្នាតយក្សធំៗ ដឹកជញ្ជូនឈើរាប់សិបតោន លើសទម្ងន់ពីច្បាប់កំណត់ ដែលជាការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរបំផុតទៅលើ ផ្លូវជាតិ ផ្លូវថ្នល់ ឬផ្លូវលំនានា ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ។ ទង្វើអស់ទាំងនេះ ត្រូវប្រជាពលរដ្ឋ បាននិយាយថា វាជាការផ្គើន ឬប្រមាថមើលងាយ ចំពោះបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ។
ប្រភពបានរាយការណ៍មកថា កន្លងមកក្រុមហ៊ុន សុខ សំណាង ស្អីគេនោះ មិនមានអាជ្ញាប័ណ្ណអ្វី ដែលរាជរដ្ឋាភិបាល បានប្រគល់ឲ្យក្នុងការ វិនិយោគផ្នែកវិស័យកសិកម្ម និងឧស្សាហកម្ម ដំណាំកៅស៊ូនោះទេ ប៉ុន្តែក្រុមហ៊ុននេះ បានឃុបឃិតគ្នា ជាមួយក្រុមហ៊ុន ២ទៀត គឺក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើ ដែលមានទីតាំង នៅស្រុកអន្លង់វែង និងស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីចែកលាភ សក្ការៈគ្នាចំណេញ កេងលើរាជរដ្ឋាភិបាលកម្ពុជាតែម្ដង ។
ប្រភពបានបញ្ជាក់ទៀតថា ក្រោយពីក្រុមហ៊ុន សុខ សំណាង បានទទួលសិទ្ធិស្ងាត់ៗ ពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុនទំរីង រ៉ាប់ប៊ើ រួចមក ក្រុមហ៊ុន សុខ សំណាង ក៏បានចាប់ផ្តើមសម្រុក កាប់បំផ្លាញព្រៃឈើ និងប្រមូលទិញឈើ ក្រៅបរិវេណក្រុមហ៊ុន ដូចជាឈើលេខ១, ឈើលេខ២ រួមទាំងឈើគ្រញូងផងដែរ ។ ឈើទាំងឡាយ ដែលក្រុមហ៊ុននេះ កាប់បាន និងប្រមូលទិញបាន គេតែងតែដឹកជញ្ជូនចែកចាយ លក់នៅតាមបណ្តាខេត្ត-ក្រុងផ្សេងៗ ដូចជាខេត្តសៀមរាប, បន្ទាយមានជ័យ, បាត់ដំបង, កំពង់ធំ, កំពងចាម, ព្រៃវែង, ស្វាយរៀង និងខេត្តមួយទៀត ។
ពាក់ព័ន្ធនឹងបញ្ហានេះ មានមជ្ឈដ្ឋានជាច្រើន បាននិយាយថា នៅក្នុងសម័យតេជោនេះ គេមិនដឹងថា តើមានក្រុមហ៊ុន ចំនួនប៉ុន្មានទេ ដែលរត់ការបានសិទ្ធិ វិនិយោគលើដីសម្បទាន អភិវឌ្ឈន៍ស្អីៗត្រឹមត្រូវ ពីរាជរដ្ឋាភិបាលហើយ ពួកគេបែរជាយកឡៃសិន (License) នោះ ទៅគួកជេរលក់បន្ត ទៅឲ្យក្រុមហ៊ុនផ្សេងៗ ជាភាគីទី២ ឬទី៣ទៀត ដែលមិនមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់សោះទៅវិញ? តើទង្វើបែបនេះ អាចចាត់ទុកថា ជាការក្បត់ទំនុកចិត្ត ឬជាការរំលោភបំពាន ឬជាការក្បត់កិច្ចសន្យា ជាមួយរាជរដ្ឋាភិបាលដែរឬទេ? ឬមួយរាជរដ្ឋាភិបាល ជាអ្នកអនុញ្ញាតិឲ្យធ្វើបែបនេះ? បើធ្វើអញ្ចឹងបានតាមចិត្ត ប្រហែលជាអាណត្តិនេះ នឹងមានអ្នកមានលុយច្រើន បើកជាក្រុមហ៊ុនមួយ ក្នុងការបម្រើសេវាកម្មរត់ការ និងលក់ឡៃសិន គ្រប់ប្រភេទហើយ ។ ផ្ទុយទៅវិញ បើមិនអីចឹងទេ រាជរដ្ឋាភិបាល ត្រូវតែដកយកសិទ្ធិ ពីក្រុមហ៊ុនទាំងនោះ មកវិញទាំងអស់… ហើយក៍ត្រូវដាក់ទោស ឲ្យធ្ងន់ធ្ងរទៅលើ ម្ចាស់ក្រុហ៊ុនតាំងនោះដែរ ដូចជាក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើ ដែលបានលក់សិទ្ធិកាប់ឈើ ប្រមូលទិញឈើ និងដឹកជញ្ជូនឈើ ទៅឲ្យក្រុមហ៊ុន សុខ សំណាង. ។
Recent Comments