លោ​ក នូ ​ស៊ី​ថា ​ចាយ​លុយ​រាប់​ម៉ឺន​ដុល្លារ​ទិញ​តំណែង​មេ​គយ​ខេត្ត​ត្បូង​ឃ្មុំស​ម្រេចដូចបំណង?

ខេត្ត​ត្បូងឃ្មុំ​ ៖ កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយក​ផលប្រយោជន៍​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង ហើយ​មុន​បាន​មក​កាន់​មេ​ច្រក​ដូង ៧​ដើម លោក នូ ស៊ីថា ជា​មន្ត្រី​គយ​នៅ​ទិសឧត្តរ​នៃ​ប្រទេស ហើយ​ដោយ​សម្លឹង​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើយ៉ាងណា ដើម្បី​ឆាប់​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ លោក នូ ស៊ីថា បាន​ជ្រែ​រត់​មក​រក​ប៉ុស្តិ៍​ភាគ​ខាងកើត​ប្រទេស​វិញ ម្តង ហើយ​ចុងក្រោយ​ទីបំផុត​បាន​ផ្លោះ​ឡើង​ធ្វើ​ជា​ស្តេចត្រាញ់​គយ​ប្រចាំខេត្ត​ត្បូងឃ្មុំ ដែល​ជា​ខេត្ត​សម្បូរណ៍​ដោយជំនួញ​សេដ្ឋកិច្ច​ គ្រប់​វិស័យ ។​

​តាម​ការសង្កេត​ពី​បុគ្គលិកលក្ខណៈ​សម្បត្តិ​របស់លោក នូ ស៊ីថា គឺ​មាន​សមត្ថភាព​ជំនាញ​ក្នុង​ការប្រព្រឹត្ត​អំពើ ពុករលួយ​គ្រប់​រូបភាព​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ប្រេងឥន្ធនៈ​ការដឹកជញ្ជូន​ឈើ ទំនិញ​គ្រប់​ប្រភេទ​ត្រូវ​ធ្លាក់​ក្នុង កណ្តាប់ដៃ​លោក នូ ស៊ីថា ទាំងស្រុង ។​

លោក នូ ស៊ីថា ឥឡូវ​នេះ​ពិតជា​បាន​សម្រេច​ដូចក្តី​ប៉ងប្រាថ្នា​របស់​គាត់​មែន ។ បានសេចក្តីថា មហិច្ឆតា​ល្មោភ​បុណ្យស័ក្តិ​អំណាច​របស់ លោក នូ ស៊ីថា គឺ​ពិតជា​គ្មាន​ព្រំដែន ហើយ​ក្លាហាន​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លា​រទិញ​តំណែង មេ​គយ​ខេត្ត​ត្បូងឃ្មុំ ធ្វើឱ្យ​ផ្អើល​ល្បីល្បាញ​ទូទាំងប្រទេសគ្មាន​នរណា​មួយ​អាច​មាន​សមត្ថភាព​ធ្វើបាន​ដូច​ជា​រូបគាត់​បាន​ឡើយ ។​

​ ​គ្រប់​អាជីវករ​ទាំង​តូច​ទាំង​ធំ អ្នករកស៊ី​ទាំង​ស្រប​ច្បាប់​មិន​ស្រប​ច្បាប់​គ្មាន​នរណា​មួយ​បាន​រួចខ្លួន​ថាមិនបានបង់លុយ​ក្រៅផ្លូវការ​ទៅ​ឱ្យ​លោក នូ ស៊ីថា ឡើយ ។ ចំណែកឯ​កិច្ចខិតខំ​ប្រឹងប្រែង​រក​ចំណូល​ជូន​រដ្ឋ​វិញ លោក នូ ស៊ីថា មិន​ដែល​ឈឺ​ក្បាល​វិលមុខ​គិតគូរ​រក​ផលប្រយោជន៍​ជូន​ជាតិ​ឡើយ ធ្វើយ៉ាងណា​ឱ្យ​តែ​ខ្លួន​ឆាប់​បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ដ៏​ហ៊ឺ​ហារ ! ក្រោម​គំនរ​ទឹកភ្នែក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់​រក​តែ​អាហារ​ចំអែត​ក្រពះរស់ មួយថ្ងៃ សឹងតែ​មិន​បាន​ផង ។​

​បើ​ក្រឡេក​មើល​ពី​ជន​ហ៊ឺហារ ! ឈ្មោះ នូ ស៊ីថា ជំនាញ​គយ​ពូកែ​ខាង​គោះ​វិញ ពេល​មក​បូរី​នៅ​ជិត​ស្ថានីយ៍ ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ក្នុង​ក្រុង​ភ្នំពេញ​ម្តងៗ គេ​សង្កេត​ឃើញ​ជន​ហ៊ឺហារ​រូបនេះ យក​លុយ​ទាំង​គី​បៗ​ក្នុង​វ៉ា​លី​ដើរ​ស៊ី ចាយ​សប្បាយ​ក្អាកក្អាយ​ក្នុង​ភោជនីយ៍ដ្ឋាន​ផ្សេងៗ ដោយ​មាន​ស្រី​ស្រស់​ក្មេងៗ​អង្គុយ​កំដរ​ឆ្វេង​ស្តាំ ដោយ​មិន​បាន​យក ឧត្តមគតិ ទៅ​ជួយ​បំរើ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តាម​មូលដ្ឋាន​ដែល​រាជរដ្ឋាភិបាល​កំពុងតែ​យកចិត្តទុកដាក់​នោះ​ឡើយ​។​

​ ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​នេះ គួរតែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ទីចាត់ការគយ និង​រដ្ឋាករ មាន​វិធានការណ៍​សើរើ​ការប្រកាស​តែងតាំង​ប្រធាន​សាខាគយ​ខេត្ត​ត្បូងឃ្មុំ​នេះ​ឡើងវិញ ដោយ​ពិនិត្យ ជ្រើសរើស​មន្ត្រី​ដែល​មាន​សមត្ថភាព លក្ខណៈសម្បត្តិ​ត្រឹមត្រូវ​ពិតប្រាកដ ឱ្យទៅ​កាន់​កន្លែង​កៅអី លោក នូ ស៊ីថា វិញ​ម្តង ព្រោះ​មិន​ទាន់​ហួសពេល​ទេ តំណែង​នេះ​ជា​ការប្រកាស​តែងតាំងបណ្តោះអាសន្ន ៕

nou_sitha1-150x105