ភាពអនាធិបតេយ្យនៃការធ្វើអាជីវកម្មជីកកកាយយកថ្មកែវដ៏មានតម្លៃ ពីសំណាក់អ្នកមានលុយមានអំណាច ដោយគ្មានច្បាប់ទម្លាប់ ដែលរហូតមកដល់ពេលនេះ ថ្មកែវដ៏មានតម្លៃលើភ្នំគិរីសិលា ហៅភ្នំកំពីងពួយស្ថិតក្នុងបរិវេណអាងទំនប់កំពីងពួយ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ គេមិនដែលឃើញលោក ចាន់ សុផល ជាអភិបាលខេត្តបាត់ដំបង ចុះទៅត្រួតពិនិត្យបញ្ហានេះម្តងណាឡើយ ។
ប្រជាពលរដ្ឋបានអះអាងថា ក្នុងការដ្ឋានវាយកម្ទេចភ្នំកាយយកថ្មកែវនេះ មានអ្នកមើលការទទួលខុសត្រូវជាជនជាតិយួន មិនចេះខ្មែរច្បាស់ ប្រហែល៤ទៅ៥នាក់ ហើយប្រជាពលរដ្ឋត្រូវគេរារាំងមិនឲ្យធ្វើដំណើរទៅកាន់បរិវេណដែលក្រុមហ៊ុនជីកកកាយយកថ្មកែវនោះទេ មិនដឹងជាមានអាថ៌កំបាំងអ្វី។ប្រជាពលរដ្ឋដែលរងផលលំបាកពីបញ្ហានេះបាននាំគ្នាសុំកិច្ចអន្តរាគមន៍ពីមេភូមិ មេឃុំ ប៉ុន្តែអាជ្ញាធរមូលដ្ឋានហាក់ដូចជារារែកមិនហ៊ានរកដំណោះស្រាយជូនប្រជាពលរដ្ឋនោះទេ បន្ទាប់ពីដឹងថា ម្ចាស់ក្រុមហ៊ុន វាយបំបែកយកថ្មកែវនោះមានអំណាចដែលគ្មាននរណាហ៊ានប៉ះពាល់។
មន្ត្រីសាលាខេត្តបាត់ដំបងមួយចំនួន បានបង្ហើបឲ្យដឹងថា ប្រធានក្រុមហ៊ុនដែលបើកការដ្ឋានវាយយកថ្មកែវលើភ្នំកំពីងពួយ ជារបស់លោកជំទាវ ហ៊ុន តុលា ជាស្ត្រីដែលមានត្រកូលពោរពេញដោយឥទ្ធិពលអំណាចមិនមាននរណាហ៊ានក្អកនោះទេ។
មន្ត្រីជំនាញក៏បានលើកឡើងផងដែរថា ចំពោះការកាយភ្នំយកថ្មកែវរបស់លោកជំទាវ ហ៊ុន តុលា បានរត់ការតាំងពីពេលដែលលោក ប្រាជ្ញ ចន្ទ ធ្វើជាអភិបាលខេត្តបាត់ដំបងមកម្លេះ រហូតមកដល់ពេលនេះលោក ចាន់ សុផល បានឡើងធ្វើជាអភិបាលខេត្ត ក៏មិនទាន់មានច្បាប់ចេញជាផ្លូវការនៅឡើយ ប៉ុន្តែក្រុមហ៊ុននេះកំពុងតែធ្វើសកម្មភាពបំផ្ទុះថ្មភ្នំនិងប្រើគ្រឿងចក្រកាយយកថ្មីកែវ ធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ គេមិនដែលឃើញលោក ជី ឈៀង ជាប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង ចុះទៅស៊ើបអង្កេតស្រាវជ្រាវឬបង្ខំឲ្យក្រុមហ៊ុននេះ ធ្វើច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវម្តងណាឡើយ។ សូម្បីតែលោក ចាន់ សុផល ជាអភិបាលខេត្តបាត់ដំបងហាក់ដូចជារក្សាភាពស្ងៀមស្ងាត់មិនដែលឮមាត់ឮកពីបញ្ហានេះនោះទេ បើទោះបីជាដឹងថាក្រុមហ៊ុននេះមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវពេញលេញក៏ដោយ។
ច្បាប់នៅស្រុកខ្មែរស្ថិតនៅលើបបូរមាត់របស់អ្នកមានអំណាចប្រសិនបើប្រជារាស្ត្រក្រីក្រទន់ខ្សោយគេនឹងចាប់បង្ខំឲ្យមានការគោរពច្បាប់ទម្លាប់ ប៉ុន្តែសម្រាប់ឈ្មួញមានលុយមានអំណាចអាចធ្វើអ្វីៗតាមតែអំពើចិត្តគ្មាននរណាហ៊ានដេញដោលនោះទេ។ ជាក់ស្តែងករណីរបស់ក្រុមហ៊ុនរបស់លោកជំទាវ ហ៊ុន តុលា ដែលបានប្រើគ្រឿងចក្រនិងរំសេវបំផ្ទុះភ្នំកំពីងពួយកក្រើកស្រុកបាណន់ ដើម្បីយកថ្មកែវ ទៅធ្វើអាជីវកម្មរយៈពេលជាង២ខែមកហើយ នៅតែអាចដំណើរការដោយរលូនល្អ បើទោះបីជាមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវក៏ដោយ ក៏អភិបាលខេត្តបាត់ដំបងនិងជំនាញពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់សម្ងំយកតែសុខរៀងៗខ្លួន មិនហ៊ាននប៉ះពាល់ឈ្មួញដ៏មានអំណាចនោះឡើយ ៕
Recent Comments