បន្ទាយមានជ័យ ៖ មន្ដ្រីសាលាខេត្ដបន្ទាយមានជ័យមួយរូប សូមមិនបញ្ចេញឈ្មោះ បានឲដឹងថា ចំណូលដែលរកបានពីស្ថានីយជញ្ជីងថ្លឹងរថយន្ដកូនដំរីខាងលើនេះ មានចំនួនយ៉ាងច្រើន ប៉ុន្ដែលុយទាំងនោះ មិនបានដាក់បញ្ចូល ទៅក្នុងថវិការបស់ជាតិនោះឡើយ ពោលបានយកមកចែកគ្នាដាក់ក្នុងហោប៉ៅ ដោយគ្មានធ្វើវិក្កយបត្រត្រឹមត្រូវនោះឡើយ ។
អំពើពុករលួយ នៃ ការរកប្រាក់ចំណូលពីស្ថានីយជញ្ជីងថ្លឹងរថយន្ដ កូនដំរី ខេត្ដបន្ទាយមានជ័យ យកមកចែកគ្នាតាំងពីក្រោមរហូតដល់ថ្នាក់ដឹកនាំ ពិសេសគឺលោកលឹម ស៊ីដេនីន និងលោកប៉ែន បូរ៉ាណ ដែលគ្មានវិក្កយបត្រនិងធ្វើកំណត់ហេតុ ត្រឹមត្រូវនោះ ត្រូវបានផ្ទុះឡើងនិងបែកធ្លាយ ព្រោះតែការចែកលុយមិនស្មើគ្នា ។
មន្ដ្រីសាលាខេត្ដបន្ទាយមានជ័យរូបនេះ បានបញ្ជាក់ថា អំពើពុករលួយនៃការចែកលុយពីចំណូល របស់ស្ថានីយជញ្ជីងថ្លឹងរថយន្ដកូនដំរី បានបែកធ្លាយក្នុងរយៈពេល៣ខែកន្លងទៅ នេះ ខណៈដែលដំណើរការងារបានប្រព្រឹត្ដទៅជាធម្មតា ប៉ុន្ដែថ្នាក់ដឹកនាំខេត្ដបន្ទាយមានជ័យ អាចនឹងសរសេរលិខិតមួយច្បាប់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធ្វើការស៊ើបអង្កេត ។
ក្នុងរយៈពេល១០ថ្ងៃ កាលពី៣ខែកន្លងទៅ គ្រាន់តែចំណូលផាកពិន័យ រថយន្តដឹកលើសទម្ងន់នៅ ដែលរកបានពីស្ថានីយជញ្ជីង ថ្លឹងរថយន្ដ កូនដំរី មានរហូតទៅដល់៨០លានរៀល ស្មើនិង ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ប៉ុន្ដែចំនួនទឹក ប្រាក់ដ៏ច្រើនលើសលុបនេះ មិនត្រូវបានថ្នាក់ដឹកនាំស្ថានីយជញ្ជីងថ្លឹងរថយន្ដ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដបន្ទាយ មានជ័យ ដាក់បញ្ចូលទៅក្នុងថវិការបស់ជាតិនោះឡើយ ពោលបានយកលុយទាំងនេះ មកចែកគ្នា ជាប្រយោជន៍ផ្ទាល់ខ្លួនតែម្តង ។
មន្ដ្រីសាលាខេត្ដបន្ទាយមានជ័យ បាន បង្ហាញពីការបែងចែកទឹកប្រាក់ទាំង៨០លាន រៀលនេះគឺ ៣លានរៀល ត្រូវផ្ដល់ជូនមន្ដ្រី មន្ទីរសាធារណការខេត្ដបន្ទាយមានជ័យ ចំនួន ៣នាក់ (ម្នាក់ៗទទួលបាន១លានរៀល) ថវិកា ១,៥លានរៀល ត្រូវប្រគល់ជូនក្រុមនគរបាល ដែលចូលរួមយាម និងបម្រើការងារនៅទីនោះ ១,៥លានរៀលទៀត ត្រូវប្រគល់ជូនក្រុមមន្ដ្រីអាវុធហត្ថ ដែលយាមនិង បម្រើការនៅទីនោះ ។ ដោយឡែកថវិកា ១៧លានរៀល ត្រូវប្រគល់ជូនមន្ដ្រីនិងថ្នាក់ដឹកនាំមន្ទីរសាធារណការខេត្ដបន្ទាយមានជ័យ ១៧លានរៀលផ្សេងទៀត សម្រាប់ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ដផ្ទាល់តែម្តង រីឯទឹកប្រាក់៤០ លានរៀលផ្សេងទៀត ដែលជាចំនួនលុយពាក់កណ្ដាលនៃចំណូល ក្នុងរយៈពេល ១០ថ្ងៃនេះ ត្រូវប្រគល់ជូនលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និង លោកប៉ែន បូរ៉ាណ ដែលជាអ្នក ទទួល បន្ទុកក្នុងនាមក្រសួង តាមរយៈមន្ដ្រីជំនិត របស់ខ្លួនម្នាក់ ឈ្មោះអ៊ុំ ផានិត ដែលត្រូវបាន បញ្ជូនពីភ្នំពេញ ឱ្យទៅធ្វើជាអនុប្រធានស្ថានីយ ជញ្ជីងថ្លឹងរថយន្ដកូនដំរី ដើម្បីស្វែងរកចំណូលនៅទីនោះ។
បើតាមមន្ដ្រីសាលាខេត្ដបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា ក្រោយពីមានព័ត៌មាន លេចឮនៃភាពមិនប្រក្រតីទាំងនេះ ថ្នាក់ដឹកនាំស្ថានីយជញ្ជីង ថ្លឹងរថយន្ដនិងប្រធានមន្ទីរសាធារណការខេត្ដ បានកោះហៅមន្ដ្រី ក្រោមឱវាទរបស់ខ្លួនលើការងារទាំងនេះ ទៅប្រជុំ សួរនាំ ប៉ុន្ដែមិនបានឱ្យធ្វើ កំណត់ហេតុជាលាយលក្ខ័អក្សរនោះឡើយ ព្រោះខ្លាចបែកការ ពោលគ្រាន់តែធ្វើសាក្សីប៉ុណ្ណោះ ដោយឡែក លុយដែលយកទៅចែកគ្នា គឺគ្មានចេញវិក្កយ បត្រឱ្យបានត្រឹមត្រូវឡើយ ។
ជុំវិញភាពមិនប្រក្រតី និងអំពើពុករលួយ នៃការកឹបកេងថវិការបស់ជាតិខាងលើនេះ ថ្នាក់ដឹកនាំខេត្ដបន្ទាយមានជ័យ អាចនឹង សរសេរលិខិត មួយ ច្បាប់ទៅកាន់អង្គភាព ប្រឆាំងអំពើពុករលួយ ដើម្បីចុះមកស៊ើបអង្កេតនិងស្រាវជ្រាវ នៅស្ថានីយជញ្ជីងថ្លឹងរថយន្ដកូនដំរី នាពេលខាងមុខផងដែរ ៕
Recent Comments