សេចក្តីរាយការណ៍ពីខេត្តក្រចេះបានឲ្យដឹងថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បានដឹកនាំសមត្ថកិច្ចចម្រុះចុះទៅឡោមព័ទ្ធទីតាំងស្នាក់ការសន្តិសុខ លេខ ៧០៩ ដើម្បីឆែកឆេរត្រួតពិនិត្យមើលបទល្មើសស្តុកនិងកែច្នៃឈើខុសច្បាប់ ហើយទីតាំងសិប្បកម្មដ៏ធំមួយកន្លែងនៅមិនឆ្ងាយពីស្នាក់ការសន្តិសុខ នោះត្រូវគេដឹងថា ស្ថិតក្រោមការគ្រប់គ្រងចាត់ចែងដោយផ្ទាល់ពីសំណាក់លោក លន់ ប៊ុនថុល មិនដែលមាននរណាហ៊ានទៅក្បែរ ។នៅចំណុចកាបី មេឈ្មួញ លន់ ប៊ុនថុល ដែលជ្រកក្រោមស្បែកជាកងរាជអាវុធហត្ថ ក្លាយជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ធំជាងគេ ដែលឈ្មួញតូចតាចមួយចំនួនតែងតែពឹងអាស្រ័យឲ្យលោក លន់ ប៊ុនថុល រត់ការប៉ាវផ្លូវសម្រាប់ការដឹកជញ្ជូនឈើខុសច្បាប់ ព្រោះការងារទាំងអស់ដែលលោក លន់ ប៊ុនថុល ជួយសម្របសម្រួលអាចដំណើរការបាន ល្អ គឺសមត្ថកិច្ចនិងមន្ត្រីជំនាញតែងតែមានការយោគយល់ចំពោះការចេញមុខ សម្របសម្រួលរបស់លោក លន់ ប៊ុនថុល។
គេចាំបានថា អំឡុងពេលយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ កាលពីដើមឆ្នាំ២០១០ លោក លន់ ប៊ុនថុល ដែលជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ធំជាងគេក្នុងទឹកដី ខេត្តកំពង់ចាម បានរត់គេចខ្លួនមួយរយៈ ព្រោះគាត់ជាមុខសញ្ញាដែលសមត្ថកិច្ចត្រូវចាប់ខ្លួនក្នុងបទល្មើស ឧក្រិដ្ឋកម្មព្រៃឈើ។មិនដឹងជាយ៉ាងម៉េចនោះទេ បន្ទាប់ពីបាត់ដំណឹងមួយរយៈស្រាប់តែលោក លន់ ប៊ុនថុល បានចាយលុយរត់ការឡើងតំណែងជាប្រធានស្នាក់ការសន្តិសុខរបស់កងរាជ អាវុធលេខ៧០៩ ដែលមានទីតាំងស្ថិតនៅចំណុចស្ពានជ្រីវជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តកំពង់ចាម ពោលគឺការឡើងតំណែងជាមេស្នាក់ការសន្តិសុខ របស់លោក លន់ ប៊ុនថុល ច្បាស់ជាកើតឡើងដោយសារតែការចាយលុយដើម្បីសុំកិច្ចអន្តរាគមន៍ជា ថ្នូរទទួលបានស្បែកជាកងរាជអាវុធហត្ថ យកទៅពង្រីកពង្រឹងមុខជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់យ៉ាង អនាធិបតេយ្យបំផុតមិនដែលខ្វល់ខ្វាយពីបទបញ្ជានិងសេចក្តីណែនាំថ្នាក់លើ នោះទេ។
នៅតំបន់កាបី សឹងក្លាយជាតំបន់ផ្តាច់មុខដែលលោក លន់ ប៊ុនថុល រកស៊ីធ្វើជំនួញឈើខុសច្បាប់ គឺគាត់មានអំណាចពង្រាយកូនចៅឲ្យចាំរាប់ក្បាលឡានយកលុយផង ចាត់ចែងកម្មករឲ្យចូលទៅកាប់ឈើប្រណីតក្នុងដែនជម្រកសត្វព្រៃនិងតំបន់ អភិរក្សក្នុងខេត្តក្រចេះផង និងដឹកឈើចេញពីខេត្តមណ្ឌលគិរីផង តាមក្រុមហ៊ុនដីសម្បទាននៅចំណុចគីឡូម៉ែត្រលេខ១១៥ ដឹកយកមកស្តុកទុកនៅស្នាក់ការសន្តិសុខដើម្បីបន្តជញ្ជូនយកទៅលក់នៅ ស្រុកយួន គ្មានក្រែងញញើតអ្នកណាទេ។
ភាពអនាធិបតេយ្យដែលលោក លន់ ប៊ុនថុល បានប្រព្រឹត្ត ដោយបានប្រើប្រាស់ស្បែកជាប៉េអឹមក្នុងការរកស៊ីប្រមូលលុយពីជំនួញឈើ ខុសច្បាប់ ច្បាស់ណាស់ដែលថា គាត់មានសិទ្ធិអំណាចធំធេងតាមរយៈការវេចស្ពាយផលប្រយោជន៍យកទៅចែកជូន ថ្នាក់លើជាប់ជាប្រចាំ ព្រោះក្នុងអតីតកាលលោក លន់ ប៊ុនថុល គ្រាន់តែជាមេឈ្មួញរកស៊ីឈើខុសច្បាប់រហូតមានលុយទិញតំណែងជាប្រធាន ស្នាក់ការសន្តិសុខលេខ ៧០៩ គាត់កាន់តែមានឱកាសពង្រីកមុខជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់បានល្អ។ សម្រាប់លទ្ធផលនៃការចុះឡោមព័ទ្ធទីតាំងស្នាក់ការសន្តិសុខលេខ៧០៩ កម្លាំងចម្រុះរឹបអូសបានឈើប្រណីតជាង១០០ម៉ែត្រត្រីគុណ ហើយក្នុងនោះក៏បានដកហូតឡានបង្កង់ និងម៉ាស៊ីនកាត់ឈើរួមទាំងឧបករណ៍ប្រព្រឹត្តបទល្មើសព្រៃឈើផ្សេងៗ ជាច្រើនទៀតយកទៅកសាងសំណុំរឿងដើម្បីចាត់ការបន្ត ប៉ុន្តែគេជឿជាក់ថា លោក លន់ ប៊ុនថុល អាចនឹងមិនត្រូវបានចាប់ឃុំខ្លួនក្នុងបទល្មើសព្រៃឈើនោះទេ ព្រោះគាត់មានលុយអាចទិញទឹកចិត្តមន្ត្រីពាក់ព័ន្ធដើម្បីរួចផុតពី ការនាំខ្លួនទៅដាក់ទោសពីបទល្មើសស្តុក និងកែច្នៃឈើខុសច្បាប់៕
Recent Comments