លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ បទ​ល្មើស​នេសា​ទគ្រប់​ប្រភេ​ទពេញ​ដែន​សមុ​ទ្រ

រាជធានី​ភ្នំពេញ ៖លោក ទៀ វិញ យក​ឥទ្ធិពល​អំណាច​បងប្រុស របស់គាត់​គឺ​លោក ទៀ បាញ់ ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មក​ប្រើ ​ជានិច្ច ហើយ​ចាត់ចែង​ការងារ តាម​បែប​​អត្តនោម័ត ធ្វើ​ឲ្យ​នាយទាហាន​ជាច្រើននាក់ ដែល​គ្មាន​ខ្សែ​ទុយោ​ខ្នងបង្អែក ទទួលរង​នូវ​ការឈឺចាប់​យ៉ាងខ្លាំង ចំពោះ​អំពើ​បក្ខពួកនិយម និង​ការតែងតាំង​មន្ត្រី​មិន​ត្រឹមត្រូវ តាម​ជំនាញ​សមត្ថភាព ដូចជា​ករណី​តែងតាំង​លោក កាន់ កៅ ជា​មេ​ឈ្មួញ​រកស៊ី​រត់ពន្ធ​ប្រេងសាំង ដ៏​ល្បីឈ្មោះ​ប្រចាំ​ដែនសមុទ្រ ឲ្យ​ពាក់​ផ្កាយ​១ កាន់​ផ្នែក​គណនេយ្យ​កងទ័ពជើងទឹក និង​ការតែងតាំង​កូនប្រុស​របស់គាត់​ឈ្មោះ ទៀ សុខា ឲ្យ​ពាក់​ផ្កាយ​២ កាន់​តួនាទី​ជា​ប្រធាន​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ​។ ​​អំ​ពើ​ពុក​រលួយ ក្រោម​​ការ​ចាត់​ចែង​​រប​ស់​លោក ទៀ វិញ ដែល​​នាំ​​ឲ្យ​​ពល​ទា​ហាន នាយ​ទាហាន​​ក្នុង​​អង្គ​ភាព ​​កង​ទ័ព​ជើង​ទឹក ជា​ច្រើននាក់​​មិន​​សប្បាយ​ចិត្ត កាន់​តែ​​រីក​​រាល​ដាល​​ធំ​ឡើង ដែល​​រហូតមក​​ ដល់ពេលនេះ គេ​មិនទាន់​ឃើញ​ក្រសួង​​ការពារ​ជាតិ ឬ​​អគ្គ​មេ​បញ្ជា​ការ​​ក​ង​ទ័ព​​ជាតិ យកចិត្ត​ទុកដាក់​ដោះស្រាយ​ភាព​អសកម្ម ដែល​កំពុង​កើតមាន​ក្នុង​អង្គភាព កងទ័ពជើងទឹក នៅឡើយ​ទេ ធ្វើ​ឲ្យ​លោក ទៀ វិញ ចេះតែ​មានឱកាស តែងតាំង​បក្ខពួក​របស់ខ្លួន ដែល​គ្មាន​សមត្ថភាព គ្មាន​អតីតភាព​ការងារ ឲ្យ​កាន់តំណែង​ធំៗ​ផ្ទុយ​ពី​ក្រឹត្យក្រម​រដ្ឋបាល​។​ ​

​ ​ នាយទាហាន​មួយចំនួនទៀត បាន​លើកឡើងថា ពួកគាត់​បាន​ចូល​បម្រើ​ការងារ ក្នុង​ក្របខ័ណ្ឌ​កងទ័ពជើងទឹក រយៈពេល​៣០​ឆ្នាំ​មកហើយ ខ្លះ​ពាក់​ត្រឹម​ស័ក្តិ​៣​ប៉ុណ្ណោះ ហើយ​អ្នក​ខ្លះទៀត​មានសំណាង​ពាក់​ស័ក្តិ​៥ ប៉ុន្តែ​គ្រាន់តែ​ពាក់​ស័ក្តិ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​គ្មាន​តួនាទី​មុខតំណែង​អ្វី​ទេ​។​

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក៏​ធ្លាប់​បានលើកឡើង​ផងដែរ​ថា លោក ទៀ សុខា ដែល​ឡើងបុណ្យស័ក្តិ​តាម​ លោក ទៀ វិញ ដែលជា​ឪពុក​មាន​សិទ្ធិអំណាច​ធំធេង ក្នុងការ​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ ចូល​ដែនសមុទ្រ​កម្ពុជា គ្មាន​នរណា​ហ៊ាន​បង្រ្កាប ​។

ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន ប្រេងសាំង​គេចពន្ធ មកពី​តំបន់​កោះរ៉ុង កោះ​ខ្យង ក្នុង​មួយថ្ងៃៗ​រាប់ពាន់​តោន ចូល​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ ការ​កាប់​បំផ្លា​ញ​ព្រៃឈើ​តាម​ដែន​កោះ ក៏ដូចជា​ការឃុបឃិត​ឲ្យ​ទូក​នេសាទ របស់​ជនជាតិ​ថៃ វៀតណាម ចូលមក​ធ្វើ​អាជីវកម្ម​ក្នុង​ដែនសមុទ្រ​ខ្មែរ រួមទាំង​ការដឹកជញ្ជូន​ទំនិញ​គេចពន្ធ ឆ្លងកាត់​ដែនសមុទ្រ មិនដែល​ហ៊ាន​រំលង​លោក ទៀ សុខា នោះទេ ហើយ​នៅពេល​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ មិន​បង្ក្រាប​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ទាំងនោះ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ដទៃទៀត គ្រាន់តែ​ជា​ជើង​ក្រោយ​ប៉ុណ្ណោះ​។​អំពើពុករលួយ​ដែល​លោក ទៀ សុខា រួម​ដៃ​ជាមួយ​លោក កាន់ កៅ ឃុបឃិត​ឲ្យ​មាន​បទល្មើស នៅក្នុង​ដែនសមុទ្រ​កម្ពុជា មិនមែនជា​រឿង​ធម្មតា​ទេ ដែល​ទាមទារ​ឲ្យ​អង្កភាពអំពើពុករលួយត្រួតពិនិត្យមើល​ឡើងវិញ​ផង​៕

OLYMPUS DIGITAL CAMERA