មេ​ឈ្មួញ​ធំម្នាក់​ឈ្មោះ​ សាយ ​ម៉េង​ឡាយ​មាន​អំណា​ចរក​ស៊ី​ដឹក​ឈើខុ​សច្បាប់​ដដែល​សមត្ត​កិច្ច​ត្រូវ​ថ្នាំស​ណ្តំ

ឈ្មួញ​មួយចំនួន​បានសម្រេច​ចិត្ត​ផ្អាក​សកម្មភាព​រកស៊ី​ដឹកជញ្ជូន ​ឈើ​ខុសច្បាប់​មួយរយះ ដោយសារតែ​កុងត្រូលជជុះ​តាម​ដងផ្លូវ​កើតឡើង​ច្រើនពេក ហើយ​ឈ្មួញ​តូចតាច​ត្រូវ​បង្ខំចិត្ត​យក​ឈើ​មក​លក់​ឲ្យ​មេ​ឈ្មួញ សាយ ម៉េង​ឡាយ ដែលមាន​ទីតាំង​ស្តុក​ប្រមូល​ទិញ​ឈើ​ធំ​បំផុត​នៅ​ភូមិ​ត្រើង ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ក្នុងតម្លៃ​ថោក​ជាង​ទីផ្សារ ធ្វើ​ឲ្យ​ពួកគេ​រកស៊ី​ខាត​ឡុងចុង​គ្មាន​ប្រាក់ចំណេញ​ ។ ជា​ទម្លាប់​គ្មាន​ឈ្មួញ​ណា​ម្នាក់​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទឹកដី​ ខេត្តកំពង់ចាម ចេញទៅ​ស្រុក​យួន​ដោយផ្ទាល់​បានទេ ប្រសិនបើ​មិន​ពឹង​អាស្រ័យ​ឲ្យ​មេ​ឈ្មួញ សាយ ម៉េង​ឡាយ និង​ឈ្មោះ ពៅ សក់​បះ ជួយ​រត់ការ​សម្របសម្រួល​បា​​វ​ផ្លូវ ហើយ​ឈ្មួញ​ខ្លះ​មិន​ចង់​មាន​បញ្ហា​វែងឆ្ងាយ​បានសម្រេច​ចិត្ត​លក់​ឈើ​ឲ្យ​ ឈ្មោះ សាយ ម៉េង​ឡាយ ក្នុង​តម្លៃថោក ហើយ​ហាងឆេង​ស្ថិតនៅលើ​តែ​បបូរមាត់​របស់​ពួកគេ​ជា​អ្នក​និយាយ​។​

​មេ​ឈ្មួញ សាយ ម៉េង​ឡាយ នៅតែ​ឈរ​លំដាប់​លេខ​១​ក្នុង​ការប្រមូលទិញ​និង​ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​លក់​នៅ​ស្រុក​យួន លើ​ទឹកដី​ខេត្តកំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ​យ៉ាង​រលូន​ល្អ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​សមត្ថកិច្ច មន្ត្រី​ជំនាញ​ទាំងពីរ​ខេត្ត​នេះ សុទ្ធសឹងតែ​ជា​បក្ខពួក​និង​ខ្សែស្រឡាយ​របស់​ឈ្មោះ សាយ ម៉េង​ឡាយ មិនដែល​មាន​នរណា​ហ៊ានបង្ក្រាប​ពី ព្រោះ ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បានទទួល​ផលប្រយោជន៍​ដែល​មេ​ឈ្មួញធំ សាយ ម៉េង​ឡាយ ជាប្រចាំ ទើប​អ្វីៗ​អាច​ដំណើរការបាន។

សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ជាច្រើន​បានក្លាយ​ជា​កូនជឹង​របស់​មេ​ ឈ្មួញ សាយ ម៉េង​ឡាយ ក្នុង​ការចេញ​ប្រតិបត្តិ​ការបង្ក្រាប​ឈ្មួញ​តូចតាច​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ តាមរបៀប​លោតឆ័ត្រ​មិន​យកទៅលក់​ឲ្យ​ឈ្មោះ សាយ ម៉េង​ឡាយ ព្រោះ​នៅលើ​ទឹកដី​ខេត្តកំពង់ចាម​ឈ្មោះ សាយ ម៉េង​ឡាយ ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុង​ការប្រមូលទិញ​និង​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ ស្រុក​យួន​។ ហើយ​ការ​កាត់​ខេត្តកំពង់ចាម ផ្នែក​ខាងកើត​ទន្លេ បង្កើត​ទៅជា​ខេត្ត​ត្បូងឃ្មុំ ក៏​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​ថ្មី​នេះ​សុទ្ធសឹង​ជា​បក្ខពួក ​របស់​មេ​ឈ្មួញ សាយ ម៉េង​ឡាយ ដដែល​ជា​ដដែល គ្មានអ្វី​ជា​ឧបសគ្គ​សម្រាប់​ការរក​ស៊ី​ខុសច្បាប់​របស់​មេ​ឈ្មួញ​សាយ ម៉េង​ឡាយ នោះទេ​។​ព្រោះតែ​មុខ​ជំនួញ​រកស៊ី​ឈើ​ខុសច្បាប់​បានធ្វើ​ឲ្យ​មេ​ឈ្មួញ សាយ ម៉េង​ឡាយ ក្លាយទៅជា​មហាសេដ្ឋី នៅលើ​ទឹកដី​ខេត្តកំពង់ចាម ប្រកបដោយ​ឥទ្ធិពល​អំណាច​គ្មាន​នរណា​ហ៊ាន​បង្រ្កាប ទេ ពោលគឺ​បច្ចុប្បន្ននេះ​ឈ្មោះ សាយ ម៉េង​ឡាយ មានផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ នៅ​ភូមិ​ត្រើង និង​ទើបតែ​ទិញ​ផ្ទះល្វែង​ទាំង​ជុងៗ នៅ​កណ្តាល​ក្រុង​កំពង់ចាម តម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ និង​មាន​រថយន្ត​ស៊េរី​ទំនើបៗ ៣​ទៅ​៤​គ្រឿង មាន​ដីឡូត៍ សឹង​រាប់​ភ្លេច ហើយ​គេ​ដឹងថា​ភាពមានបាន​របស់​មេ​ឈ្មួញ សាយ ម៉េង​ឡាយ ផ្តើមឡើង​ពីមុខ​ជំនួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះឯង ព្រោះ​គ្រួសារ​របស់គាត់​មិនមាន​មុខរបរ​ផ្សេង ដែល​អាច​រកស៊ី​មានបាន​យ៉ាង​ឆាប់រហ័ស​ទេ​។​

​អ្នករកស៊ី​តូចតាច​មួយ​ចំនួន​បាន​លើកឡើងថា​មេ​ឈ្មួញ សាយ ម៉េង​ឡាយ មាន​ខ្សែបណ្តាញ​ចាំ​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន​ចូលទៅ​កាប់​ ឈើ​ប្រណីត​នៅតាម​បណ្តោយ​ព្រំដែន​សៀម ដឹក​តាម​រថយន្ត​យី​ឌុប ចេញទៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តសៀមរាប និង​ខេត្តព្រះវិហារ​យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង និង​ជា​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​របស់គាត់​នៅ​ភូមិ​ត្រើង​។

​មេ​ឈ្មួញ សាយ ម៉េង​ឡាយ មាន​រថយន្ត​យី​ឌុប​ផ្ទាល់ខ្លួន​ចំនួន​២​គ្រឿង សម្រាប់​បម្រើ​ឲ្យ​ការដឹកជញ្ជូន​ឈើ​ចេញពី​ឃុំ​អូរ​ស្វាយ យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​ដូង​៧​ដើម ឬ​ច្រក​ច័ន្ទ​មូល ដែល​នៅ​ទីនោះ​មាន​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ជាច្រើន​ស្ថាប័ន​ជួយ​ សម្របសម្រួល​រត់កា​រ​ប៉ាវ​ផ្លូវ​ធានា​ឲ្យ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ មេ​ឈ្មួញ សាយ ម៉េង​ឡាយ ដំណើរការ​ដោយ​រលូន​ល្អ​និង​មាន​សុវត្ថិភាព​។​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ នោះ គឺ​មេ​ឈ្មួញ សាយ ម៉េង​ឡាយ មាន​ខ្នងបង្អែក​ធំៗ​ដែលជា​មន្ត្រី​ជាន់​ទឹកដី​ខេត្តកំពង់ចាម​សឹង​ផ្អៀង​ ទៅហើយ ទើប​គ្មាន​នរណា​ហ៊ានហើយ​គេ​សង្ស័យថា មន្ត្រី​ជំនាញ​គ្រប់​ជាន់ថ្នាក់ ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម សុទ្ធតែ​ទទួលបាន​របប​ប្រចាំខែ ពី​សំណាក់​មេ​ឈ្មួញ សាយ ម៉េង​ឡាយ ទើប​មិន​ហ៊ាន​ប៉ះពាល់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំងនោះ​៕

ឈើហ៊ុប