អ្នក​ដឹក​ភ្ញៀវ​ទេស​ចរ​ណ៍សុំ​អោយ​លោក​ ឃឹម​-ប៊ុន​សុង ​បញ្ឈប់​ការយក​លុយ​ថ្លែច​ត​ឡាន

ជីវិត​អ្នក​​​ប្រ​កប​របរ ​រត​តាក់​ស៊ី​ដឹក​ភ្លៀវ​ទេស​ចរណ៍​មិន​មែន​ជា​អ្នក​មាន​ផ្ទះ​ធំ ទ្រ​នុំ​ខ្ពស់​អី​នោះ​ទេ ជីវភាព​បាន​ព្រឹក​ខ្វះ​ល្ងាច រក​មួយ​រដូវ​ ដេក​ស៊ី​មួយ​រដូវ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ការ​ចំ​ណាយ​ផ្សេង​ៗដូចជា​​ថ្លៃចត​ឡាន ចត​រឺម៉ក រង​ចាំ​ភ្ញៀវ​ចេញ​ពី​ប្រាសាទ​ ដែល​ជា​បន្ទុក​បន្ថែម​ទៅ​លើ​ជី​ភាព​ក្រី​ក្ររបស់​ពួកគេ។

បើ​តាម​សេច​ក្តី​រាយ​ការណ៍​ពី​បង​ប្អូន​អ្នក​ដឹក​ភ្លៀវ​ទេសចរណ៍​ ដោយ​រថ​យន្ត​ និង​រឺ​ម៉ក​កង់​បី ប្រ​ចាំ​ខេត្ត​សៀម​រាប បាន​អោយ​ដឹង​ថា មាន​ចំ​ណតរថ​យន្ត​​២កន្លែង​ដែល​យក​លុយ​ជា​រៀង​រាល់​ថ្ងៃ​នោះ​គឺ ចំ​ណត​មុខ​ប្រា​សាទ​បន្ទាយ​ស្រី ក្នុង​ស្រុក​បន្ទាយ​ស្រី និង​ចំ​ណត​ភ្នំ​ក្បាល​ស្ពាន ក្នុង​ស្រុក​បន្ទាយ​ដូច​គ្នា។ ពួក​គា​ត់និយាយ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ថា ពួកគាត់​មិន​​ពេញ​ចិត្ត​បង់​លុយ​ថ្លៃ​​ចត​ឡាន​​នៅ​ប្រាសាទ​ទាំង​២​ខាង​លើ​ នេះទេ។ ពួក​គាត់​បន្តថា ចំ​ណត​ទាំង​២​កន្លែង​ខាង​លើ​នេះ​អង្គុយ​ចាំ​យក​តែ​លុយ​ជា​រៀង​រាល់​ថ្ងៃ តែ​កន្លែង​ចត​ឡាន​មិន​មាន​ដំ​បូល​នោះ​ទេ គឺ​ចត​ឡាន​​កណ្តាល​ថ្ងៃ​ក្តៅ​ហួត​ហែង ស្ទើ​ឆេះ​ឡាន​អស់​ទៅ​ហើយ។​

ក្រុម​អ្នក​ដឹក​ភ្លៀវ​ទេស​ចរណ៍​ខាងលើ​បាន​ត្អូញ​ត្អែថា ពួក​គាត់​មាន​ជី​វភាព​លំ​បាក​ទើប​នាំ​គ្នា​មក​រត​តាក់​ស៊ី រត​រឺ​ម៉ក ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ  ហើយ​រដូវ​ភ្លៀវ​ច្រើន​មាន​តែ​ប្រ​ហែល​៤​ខែ​ប៉ុណ្ណោះ​គឺ​គិត​ចាប់​ពី​ខែ​ វិច្ឆិកា ដល់​ ខែ​គុម្ភៈ ឯរដូវ​អត់​ភ្លៀ​វ​គឺ​ដេក​ស៊ី​ ជួន​កាល​អត់​អី​ស៊ី​ខ្ចី​លុយ​អង្គការ​ចាយ​សិន​រង​ចាំ​រដូវ​ភ្ញៀវ​ច្រើន​ ឆ្នាំ​ក្រោយ​មក​ដល់​ចាំ​រក​លុយ​សង​គេ​វិញ តែ​​ថ្នាក់​ដឹក​នាំ​ខេត្ត​មើល​មិន​ឃើញ​ពី​ទុក្ខ​លំ​បាក​នេះទេ មិន​ត្រឹម​តែ​មិន​បាន​ជួយ​ ថែម​ទាំ​ងជាន់កអ្នក​ក្រ​​​ អោយ​កាន់​តែ​ក្រ​ថែម​ទៀត​។

ក្រុម​អ្នក​ដឹក​ភ្លៀវ​ទេស​ចរណ៍​ខាងលើ សំនូម​ពរ​ទៅ​លោក​ ឃឹម​-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ថ្មី មេត្តាបញ្ឈប់​ការ​យក​លុយ​ថ្លៃ​ចំណត​ពី​អ្នក​អ្នក​ដឹក​ភ្ញៀវ​ទេស​ចរណ៍​នៅ​ ខេត្ត​សៀម​រាប​ទៀត​ទៅ ​ព្រោះ​លុយ​ទាំង​នោះ​វា​មិន​អាច​យក​ទៅ​អភិវឌ្ឈន៍​ប្រ​ទេស​ជាតិ​បាន​ទេ តែ​បើ​មិន​យក​ពី​អ្នក​ដឹក​ភ្ញៀវ​ទាំង​អស់​នេះ នោះ​វា​អាច​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ពួក​គាត់​បាន​ខ្លះដែរ ព្រោះ​លុយ​នេះ​សំ​រាប់​អ្នក​មាន​គឺ​វាតិច​ណាស់​ តែ​សម្រាប់​អ្នក​ក្រ​គឺ​ច្រើន​គួរសមដែរ។

អ្នក​យក​ព័ត៌យើង​មាន​បាន​ធ្វើ​ការ​សាក​សួរ​ទៅ​អ្នក​អង្គុយ​ចាំ​ទា​លុយ​ ថ្លៃ​ចត​ឡាន​ រឺ​ម៉កកង់​បី​ នៅ​ចំណត​ទាំង​២​ខាង​លើ តែ​ពួក​គេ​ហាក់​ព្យា​យាម​លាក់​បាំង​មិន​បញ្ចេញ​ឈ្មោះ​អ្នក​នៅ​ពី​ក្រោយ​ខ្នង ​ទេ ពួក​គេ​ឆ្លើយ​ថា មិន​ស្គាល់​ថៅ​កែ​ ឬមេ​ដែល​អោយ​យក​ថ្លៃ​ចំ​ណត​នោះ​ទេ គ្រាន់​តែ​ប្រ​មូល​លុយ​បាន​មាន​អ្នក​មក​យក​ជា​រៀង​រាល់​ថ្ងៃពី​ពួកគេ​។

ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជ​ការ​ម្នាក់​នៅ​ភ្នំ​ប្រាសាទ​ក្បាល​ស្ពាន​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លុយ​ថ្លៃ​ចំណត​ទាំង​នេះ​គឺ​យក​ទៅ​ថ្វាយ​ជូន​លោក​ចៅ​ហ្វាយ​ស្រុក​ប្រាសាទ​ បន្ទាយ​ស្រី ខេត្ត​សៀម​រាប​។ លោក​បន្តថា រឿង​លុយ​ទាំង​អស់​នេះ​យក​ជូន​សាលា​ខេត្ត​ ឬ​ចូល​ជា​ថវិការ​រដ្ឋ​ ឬ​ចូល​ហោប៉ៅ​បុគ្គល​ នោះ​លោក​ពុំ​បាន​ដឹង​ច្បាស់​ទេ។

បញ្ជាក់៖ តំលៃ​ចតឡាន និង​រឺម៉ក​គឺ ម៉ូតូ៥រយរៀល រឺម៉កកង់​បី​១ពាន់​រៀល ឡាន​តូច២ពាន់​រៀល​ ឡាន​ធំ​៤ពាន់​រៀល។ ជំ​រក​គ្មាន​ អាច​មាន​ដើម​ឈើ​១ដើម​ ឬ២ដើម​ ដណ្តើម​ប្រ​ជ្រៀត​គ្នាចត។ គុណវិបត្តិ​គឺ ក្តៅឡាន​ ប្រេះ​ថ្នាំ ចំ​ណាយ​ពេល​យូ​ក្នុង​ការ​បញ្ឆេះ​អោយ​ត្រ​ជាក់ ខាត​លុយ​ ខាត​ពេល​វេលា បន្ថែម​ភាព​ក្រី​ក្រដល់​អ្នក​រត​តាក់​ស៊ី។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ឃឹម-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​បាន​ទេនៅ​ថ្ងៃនេះ​ ព្រោះ​ទូរ​ស័ព្ទមិន​ចូល​៕ ដោយ​៖ ផ្លុង-រ៉េត

ksnews kbal spean parking