លិខិតដែលដាក់ជូនស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ខុទ្ទកាល័យនិងអង្គភាពប្រឆាំងអំពើពុករលួយផងដែរនោះ បានដាក់ចំណងជើងធំៗថា ការតែងតាំងនិងផ្លាស់ប្តូរមន្ត្រីខុសប្រក្រតី ពាក់ព័ន្ធអំពើពុករលួយមានរៀបរាប់យ៉ាងលម្អិតពីអតីតភាពការងារនិង កំហុសឆ្គងរបស់មន្ត្រីមួយចំនួនអាចជាតម្រុយសម្រាប់ការស៊ើបអង្កេតពី ភាពមិនប្រក្រតីទាំងនោះ ថាតើការតែងតាំងមន្ត្រីរបស់ពួកគេ មានជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយក្នុងកម្រិតណា ព្រោះលោក ឱម យ៉ិនទៀង បានព្រមានជារឿយៗហើយថា ការអន្តរាគមន៍ឬតែងតាំងមុខតំណែង ដែលពាក់ព័ន្ធនឹងអំពើពុករលួយនឹងត្រូវស៊ើបអង្កេតដើម្បីនាំយកជន ពុករលួយទៅផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានតម្រុយណាមួយសម្រាប់ការផ្តើម ស៊ើបអង្កេតពីភាពមិនប្រក្រតី និងអំពើពុករលួយក្នុងការតែងតាំងមុខតំណែងមន្ត្រីពន្ធដារទាំង២៥នាក់ នោះនៅឡើយទេ។
លិខិតរបស់មន្ត្រីតូចតាចបានបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរតែងតាំងមន្ត្រីមិនប្រក្រតីពាក់ព័ន្ធជាមួយអំពើពុករលួយ ក្នុងចំណោមមន្ត្រីទាំង២៥នាក់នោះរួមមាន ឈ្មោះ ហ៊ាន ត្រេង បច្ចុប្បន្នជាប្រធាននាយកដ្ឋានសវនកម្មសហគ្រាសដែលធ្លាប់រង ការចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយឃុបឃិតជាមួយអ្នកជាប់ពន្ធ ធំៗលួចបន្លំចំណូលថវិកាជាតិ ត្រូវបានតែងតាំងឲ្យធ្វើជាប្រធាននាយកដ្ឋានសេវាអ្នកជាប់ពន្ធនិងបំណុល ពន្ធដោយគ្មានការស៊ើបអង្កេតពីកំហុសឆ្គង កាលពីមុននោះទេ។ តាមពិតទៅការផ្លាស់ប្តូរនិងតែងតាំងមុខតំណែងក្នុងអគ្គនាយកដ្ឋាន ពន្ធដារផ្តើមឡើងពីការចាយលុយរត់រកអន្តរាគមន៍ឬការទិញមុខតំណែងដោយ ជ្រកក្រោមស្លាកកែទម្រង់ ហើយគេចាំបានថា លោក ហ៊ុន សែន ធ្លាប់បានព្រមានជាសាធារណៈឲ្យក្រុមមន្ត្រីបញ្ឈប់ការចាយលុយទិញតំណែង ឬស្វែងរកកិច្ចអន្តរាគមន៍សម្រាប់ការតែងតាំងមុខតំណែងផ្សេងៗ បើរកឃើញភាពមិនប្រក្រតីណាមួយ នឹងត្រូវដកហូតមុខតំណែងវិញ ហើយមន្ត្រីទាំងទ្បាយដែលប្រព្រឹត្តខុសប្រឈមនឹងការបញ្ជូនសំណុំរឿង ទៅកាន់តុលាការផងដែរ។ចាប់តាំងពីលោក គង់ វិបុល បានឡើងមកកាន់តំណែងជាប្រធានអគ្គនាយកដ្ឋានពន្ធដារ គេសង្កេតឃើញមានការផ្លាស់ប្តូរតែងតាំង ក្រុមមន្ត្រីតាមរបៀបបក្ខពួកនិយមនិងអំពើពុករលួយដែលទាមទារឲ្យមានការ ស៊ើបអង្កេតឡើងវិញជាបន្ទាន់នូវភាពមិនប្រក្រតីសម្រាប់ការតែងតាំង មុខតំណែងទាំងនេះ ព្រោះតាមរយៈលិខិតដែលដាក់ជូនស្ថាប័នជាតិសំខាន់ៗរួមទាំងអង្គភាព ប្រឆាំងអំពើពុករលួយមន្ត្រីតូចតាចបានរៀបរាប់យ៉ាងលម្អិតពី ភាពមិនប្រក្រតី នៃការតែងតាំងមុខតំណែង ក្រុមមន្ត្រីសំខាន់ៗចំនួន២៥នាក់ ដោយមានរៀបរាប់ឈ្មោះយ៉ាងលម្អិតរួចរាល់ហើយ អាចជាតម្រុយសម្រាប់ការស៊ើបអង្កេតលើភាពមិនប្រក្រតីទាំងនេះឲ្យ ស្របទៅតាមគោលការណ៍កែទម្រង់ស៊ីជម្រៅ។
មន្ត្រីតូចតាចបានរៀបរាប់អំពីភាពអសកម្មនិងអំពើពុករលួយពាក់ព័ន្ធ នឹងការតែងតាំងមន្ត្រីសំខាន់ៗក្នុងអគ្គនាយកដ្ឋានពន្ធដារចំនួន២៥ នាក់ ដែលបានធ្វើឡើងផ្ទុយពីបែបបទរដ្ឋបាលខុសនីតិវិធី ហើយមន្ត្រីជាច្រើនដែលធ្លាប់មានរឿងអាស្រូវពុករលួយមិនត្រូវបានដាក់ ពិន័យឬកសាងសំណុំរឿងទៅផ្តន្ទាទោសនោះទេ ពួកគេបែរជាមានឱកាសឡើងកាន់តំណែងកាន់តែធំមិនដឹងជាមានអាថ៌កំបាំងអ្វី ។ មន្ត្រីតូចតាចបានលើកឡើងផងដែរថា មន្ត្រីដែលគ្មានខ្សែទុយោ ឬមិនចេះអែបអបថ្នាក់លើ មានអតីតភាពការងារច្រើនឆ្នាំ មិនត្រូវបានលោក គង់ វិបុល ពិចារណាឲ្យឡើងតំណែងឡើងតួនាទីនោះទេហើយមន្ត្រីភាគច្រើនដែលគ្មាន លុយរត់ការទិញយកតំណែងតួនាទីមិនសូវមានការងារធ្វើឬបើមានការងារក៏ មិនសូវមានចំណូលខាងក្រៅដូចមន្ត្រីពុករលួយធំៗដែលមានឱកាសឡើងតំណែង ក្នុង១ឆ្នាំ ៣ទៅ៤ដងនោះទេ។
ឈ្មោះ ស្រ៊ុន អង្គរ៉េន ជាមន្ត្រីទើបចូលបម្រើការងារថ្មីថ្មោងសោះ ត្រូវបានឡើងបុណ្យ ឡើងតួនាទីលឿនជាងមន្ត្រីដែលមានអតីតភាពការងារយូរឆ្នាំ ដែលបញ្ហានេះច្បាស់ជាកើតចេញពីអំពើពុករលួយបក្ខពួកនិយមចៀសមិនផុតឡើយ ។ ដោយឡែកឈ្មោះ ខៀន សង្ហា ធ្លាប់ធ្វើជាប្រធានពន្ធដារខេត្តបាត់ដំបងបានរយៈពេល៣ខែ ត្រូវបានផ្លាស់ទៅធ្វើជាប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ក៏មានរឿងអាស្រូវពុករលួយពាក់ព័ន្ធការបង់ពន្ធប្រថាប់ត្រា រហូតដល់មានការដកហូតមុខតំណែង និងត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាស។ មានការរំលឹកផងដែរថាលោក សុនលី ឌឺលីន ជាមន្ត្រីដែលមានឆ្អឹងអណ្តែត និងមានសំណាងជាងគេក្នុងចំណោមមន្ត្រីពន្ធដាររាប់រយនាក់ នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ព្រោះគ្រាន់តែរយៈពេល៦ខែប៉ុណ្ណោះ លោក សុនលី ឌឺលីន ត្រូវឡើងតំណែងដល់ទៅ៣ដង គឺឡើងពីមន្ត្រីនាយកដ្ឋានសវនកម្មសហគ្រាស ទៅជាអនុប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំហើយ ចុងក្រោយលោក សុនលី ឌឺលីន ត្រូវបានឡើងតំណែងជាប្រធានការិយាល័យសវនកម្មសហគ្រាស។ តាមការលើកឡើងពីប្រភពអនាមិកនោះបានបញ្ជាក់ថា ការតែងតាំងតំណែងក្នុងចំណោមមន្ត្រីទាំង២៥នាក់ដែលខុសប្រក្រតីបង្កប់ នូវអំពើពុករលួយនិងមានការចំណាយលុយលើសពី៥ម៉ឺនដុល្លារ សម្រាប់រត់ការយកតំណែងដែលពួកគេចង់បាន។ ប៉ុន្តែមកដល់ម៉ោងនេះមិនទាន់មានសេចក្តីបំភ្លឺជាផ្លូវការចំពោះ ការរិះគន់ពីមន្ត្រីតូចតាចពាក់ព័ន្ធការតែងតាំងមុខតំណែងមន្ត្រី ពន្ធដារធំៗមិនប្រក្រតី នៅឡើយទេ៕
Recent Comments