ខេត្តកណ្តាល ៖ មន្ត្រីអាជ្ញាធរថ្នាក់មូលដ្ឋានបានសម្តែងការមិនពេញចិត្ត ចំពោះនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មួយក្រុមដែលទើបតែចុះទៅឈរជើង នៅតាមផ្លូវជាតិលេខ២១បេ ហើយដាក់ប៉ុស្តិ៍ជជុះតាមប្រដេញឡានដឹកទំនិញ ឲ្យចូលបង់លុយ តាមប្រភពពីក្រុមឈ្មួញ បានឲ្យដឹងថា ប្រធានផ្នែកប៉ូលិសសេដ្ឋកិច្ចក្រសួង ដែលមានមុខឈរជើង នៅតាមផ្លូវជាតិលេខ២១បេ មានឈ្មោះ សាន សាធុកា ជាមន្ត្រីជំនិតបំផុត របស់លោក សួរ គឹមលី ដែលមានយីអ៊ុន និងត្រូវប៉ាន់យ៉ាងខ្លាំង ក្នុងការរាប់ក្បាលឡានយកលុយ ហើយគេមិនច្បាស់ទេថា លោក សាន សាធុកា បង់ថ្លៃទិញប៉ុស្តិ៍ ជូនលោក សួរ គឹមលី ក្នុងមួយខែប៉ុន្មាននោះទេ ទើបគាត់សកម្មក្នុងការប្រមូលលុយ បង្កភាពក្តៅក្រហាយដល់ក្រុមឈ្មួញយ៉ាងខ្លាំង។
ចាប់តាំងពីលោក សួរ គឹមលី ត្រូវបានតែងតាំង ជាប្រធានផ្នែកប្រតិបត្តិនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវបទល្មើស ប្រចាំខេត្តកណ្តាល ទទួលបន្ទុកផ្នែកទំនិញ គេសង្កេតឃើញក្រុមឈ្មួញមួយចំនួន ដែលរកស៊ីដឹកជញ្ជូនទំនិញ ឆ្លងកាត់ផ្លូវជាតិលេខ២១បេ ពីច្រកព្រំដែនជ្រៃធំ មកកាន់ក្រុងតាខ្មៅ ខេត្តកណ្តាល សម្តែងភាពក្តៅក្រហាយសឹងគ្រប់ៗគ្នា ចំពោះការកោសរូស បង្ខំឲ្យបង់លុយតាមតែអំពើចិត្ត ពីសំណាក់នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមបញ្ជារបស់លោក សួស គឹមលី ហើយគេមិនដឹងថា មន្ត្រីនគរបាលដែលដាក់ប៉ុស្តិ៍ជជុះជាប់ជាប្រចាំ តាមផ្លូវជាតិលេខ២១បេ បង់ថ្លៃទិញប៉ុស្តិ៍ជូនលោក សួរ គឹមលី ក្នុងមួយខែប៉ុន្មាននោះទេ ទើបពួកគេមានអំណាចធ្វើអ្វីៗ តាមតែទំនើងចិត្ត។
ពេលខ្លះកូនចៅរបស់លោក សាន សាធុកា នៅចំណុចផ្លូវជាតិលេខ២១បេ បានយកឥទ្ធិពលអំណាច របស់ប្រធាននាយកដ្ឋាន ទៅប្រើប្រាស់ក្នុងការកោសរូស បង្ខំឲ្យអ្នករកស៊ីដឹកជញ្ជូនទំនិញបង់លុយ តាមតែទំនើងចិត្ត តាមរយៈការដាក់ប៉ុស្តិ៍ជជុះ ការប្រដេញឡានដឹកទំនិញ ឲ្យចូលបង់លុយ និងការកៀងគរក្រុមឈ្មួញ ឲ្យចូលបង់ខែ ។ ទោះជាលោក សួរ គឹមលី ទទួលបានតំណែងជា ប្រធាននគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ទទួលផ្នែកត្រួតពិនិត្យទំនិញគេចពន្ធ នៅក្នុងខេត្តកណ្តាល ក៏ពិតមែន ប៉ុន្តែលោក សួរ គឹមលី មិនសូវចុះទៅពិនិត្យស្ថានភាពជាក់ស្តែង ឬឃ្លាំមើលសកម្មភាព មន្ត្រីក្រោមឱវាទនោះទេ គឺលោក សួរ គឹមលី បានដេញថ្លៃប៉ុស្តិ៍តាមផ្លូវជាតិសំខាន់ៗ ឲ្យទៅមន្ត្រីជំនិតៗបង្កព្យុះភ្លៀង តាមតែអំពើចិត្ត។
ពេលខ្លះលោក សាន សាធុកា បានចាត់ចែងឲ្យកូនចៅរបស់គាត់ ចាប់ឆែកឆេររថយន្តមួយចំនួន ដែលសង្ស័យដឹកឈើខុសច្បាប់ ផ្ទុយពីភារកិច្ចការងាររបស់ខ្លួន ដែលទទួលផែនស្រាវជ្រាវបង្ក្រាប ការដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញមានជាតិពុល បង្កើតឲ្យមានភាពចម្រូងចម្រាស់ផងដែរ ៕
Recent Comments