អំពើសាហាវឃោរឃៅប្រព្រឹត្តដោយសមត្ថកិច្ចប្រដាប់អាវុធក្រោមបញ្ជា របស់ក្រុមហ៊ុនដឺកជុង ក្នុងការឈូសឆាយកម្ទេចដុតបំផ្លាញផ្ទះសម្បែង និងបណ្តេញប្រជារាស្ត្រក្រីក្រចេញពីដីធ្លី គឺជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិឬជាការអនុវត្តនយោបាយសម្លាប់ ប្រជារាស្ត្របន្តិចម្តងៗ ជាពិសេសហេតុការណ៍ដែលកើតមាននៅស្រែ ពឹ ឃំ ខ្សឺមស្រុកស្នួល ខេត្តក្រចេះ បានធ្វើឲ្យប្រជាពលរដ្ឋរាប់រយគ្រួសាររងទុក្ខវេទនា ដោយសារតែអំពើឆក់ប្លន់ដីធ្លីយកទៅប្រគល់ឲ្យក្រុមហ៊ុនយួនចំនួន ១ឈ្មោះដឺកជុង មិនមែនជារឿងចៃដន្យនោះទេ ព្រោះវាកើតឡើងទៅតាមផែនការដែលគេរៀបចំដើម្បីបម្រើផលប្រយោជន៍ ក្រុមហ៊ុនបរទេស។ ដូច្នេះខ្មែរគ្រប់ៗរូបត្រូវតែរួមដៃគ្នាក្នុងការដាក់ពាក្យបណ្តឹង ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីអូស.កអ្នកកាន់អំណាចដែល ធ្វើបាបប្រជារាស្ត្រខ្លួនឯងទៅផ្តន្ទាទោសតាមច្បាប់។
ជាមួយនឹងក្តីអាណិតអាសូរជាពន់ពេកចំពោះប្រជាពលរដ្ឋក្រីក្ររងគ្រោះ ជាច្រើនគ្រូសារ មកពីស្រុកស្នួល ខេត្តក្រចេះ អំពាវនាវរកអំណោយសប្បុរសធម៌មកពីក្រៅប្រទេសមកចែកជូនប្រជាពលរដ្ឋ រងគ្រោះទាំងអស់ ជាការរួមចំណែករំលែកទុក្ខវេទនា តែអំណោយនោះតិចតួចបំផុត គ្រាន់តែជានិមិត្តរូបនៃវប្បធម៌ចែករំលែកជួយដោះទុក្ខទាល់របស់ ប្រជារាស្ត្រខ្មែរ។
បងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅភូមិពីឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលទើបតែរងគ្រោះដោយសារតែក្រុមហ៊ុនយួន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចឬសម្បទានព្រៃឈើពីអ្នកកាន់អំណាច បានធ្វើឲ្យប្រជាពលរដ្ឋក្រីក្ររងគ្រោះចំនួន២ឃុំ គឺឃុំ២ធ្នូ និងឃុំខ្សឹម នៃស្រុកស្នួល ដោយពួកគាត់ត្រូវបាត់បង់ដីធ្លី ផ្ទះសម្បែង។ អំឡុងពេលកើតហេតុ ដែលសមត្ថកិច្ចចុះទៅដុតបំផ្លាញផ្ទះសម្បែងនិងបណ្តេញប្រជាពលរដ្ឋចេញពី ដីធ្លីភ្លាមៗ លោកប្រធាន សម រង្ស៊ី បានទៅដល់ទីនោះ បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ។
ពេលនោះព្រឹត្តិការណ៍ទើបតែកើតឡើងថ្មីៗក្តៅគគុក ឃើញបងប្អូនស្រែកទ្រហោយំ រៀបរាប់ពីទុក្ខវេទនាដោយសារតែការដុតបំផ្លាញផ្ទះសម្បែងនិងការបណ្តេញ ចេញពីដីធ្លីរបស់ពួកគាត់ ដែលរស់អាស្រ័យផលជាច្រើនឆ្នាំមកហើយ កើតចេញពីបំណងដ៏អាក្រក់បំផុត ពីសំណាក់ក្រុមអ្នកកាន់អំណាចក្នុងការសម្លាប់ប្រជារាស្ត្រខ្មែរបន្តិច ម្តងៗតាមរយៈការដកហូតដីធ្លីដែលមានន័យថា ជាការដកហូតជីវិតប្រជារាស្ត្រ ព្រោះកសិករត្រូវការដីធ្លីដើម្បីរស់ សម្រាប់បង្កបង្កើនផល ហើយប្រសិនបើគ្មានដីធ្លីទេនោះ មានតែស្លាប់ ដូច្នេះរឿងដែលគេឆក់ប្លន់ដីធ្លីប្រជារាស្ត្រយ៉ាងកំរោលមិនខុសពី ការឆក់ប្លន់អាយុជីវិត ធ្វើឲ្យប្រជារាស្ត្រខ្មែរក្រីក្រស្លាប់នោះទេ។
ការធ្វើបាបប្រជារាស្ត្រខ្មែរតាមមធ្យោបាយបែបនេះ គឺគេមិនបានធ្វើឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតស្លាប់ភ្លាមៗនោះទេ គឺគេទុកឲ្យស្លាប់បន្តិចម្តងៗ ធ្វើឲ្យរងទុក្ខវេទនាឈឺចាប់ ដូចដែលបងប្អូនបានហូរស្រក់ទឹកភ្នែករៀបរាប់ពីការឈឺចាប់អស់រយៈពេល ជិត១ខែមកហើយចាប់តាំងពីពេលដែលគេដុតបំផ្លាញផ្ទះសម្បែង និងបណ្តេញចេញពីដីធ្លី ហើយពេលជនរងគ្រោះទូទៅបាននាំគ្នាមកសុំកិច្ចអន្តរាគមន៍ពីស្ថាប័ន ពាក់ព័ន្ធ គ្មាននរណាអើពើជួយដោះស្រាយជូនប្រជារាស្ត្រក្រីក្រនោះទេ។ រឿងេហតុដែលអ្នកកាន់អំណាចបានប្រើនយោបាយសម្លាប់ប្រជារាស្ត្រ ខ្លួនឯងបន្តិចម្តងៗតាមរយៈការធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីធ្លី ស្រែចម្ការ បាត់បង់ផ្ទះសម្បែង រងទុក្ខវេទនា បាត់បង់អាជីពប្រចាំថ្ងៃ គ្មានប្រាក់ចំណូលចិញ្ចឹមជីវិតធ្វើឲ្យប្រជារាស្ត្រក្រីក្ររងគ្រោះ រងទុក្ខវេទនាគ្មានទីបញ្ចប់ហើយគ្រួសារខ្លះដែលមានរឿងរាវពាក់ព័ន្ធ នឹងអំពើឆក់ប្លន់ដីធ្លីនិងការបណ្តេញចេញ កើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរធ្វើឲ្យគ្រួសារពួកគេរីងរៃរហូតដល់ ស្លាប់បាត់បង់អាយុជីវិត ដែលរូបភាពអស់ទាំងនេះស្តែងឲ្យឃើញពីអំពើឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ តាមរយៈការធ្វើឲ្យប្រជាពលរដ្ឋបាត់បង់សេចក្តីថ្លៃថ្នូរ បាត់បង់សិទ្ធិជាមូលដ្ឋាន គ្មានទីជម្រកសម្រាប់រស់នៅនិងបាត់បង់មុខរបរចិញ្ចឹមជីវិតដែលជារឿង អយុត្តិធម៌បំផុតគង់តែថ្ងៃណាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិនឹងកោះហៅ ជនដែលធ្វើបាបប្រជារាស្ត្រខ្លួនឯងទៅផ្តន្ទាទោសចៀសមិនផុតឡើយ៕
Recent Comments