លោក សំ សុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ​ឃុប​ឃិតជា​មួយ​ឈ្មួញ​នាំទំ​និញ​ចូល​បង់​ពន្ធ​មិន​គ្រប់

ក្រោម​ការដឹកនាំ​របស់​លោក សំ សុខា កើតមាន​ភាព​អសកម្ម ភាពអនាធិបតេយ្យ​នៃ​ការរត់ពន្ធ​ទំនិញ​ខុសច្បាប់ បំផ្លាញ​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ គេ​មិនដែល​ឃើញ​ថ្នាក់លើ​ចាត់វិធានការ​កោះហៅ​លោក សំ សុខា ឲ្យ​កែទម្រង់​ភាព​អសកម្ម​ម្តងណា​ឡើយ​។ ពោល​គឺមាន​មន្ត្រី​ស្អាតស្អំ​ច្រើនណាស់​ដែល​ស័ក្តិសម​នឹង​ឡើង​ធ្វើជា​ប្រធាន ​សាខាគយ​ខេត្តកំពត ជំនួស​លោក សំ សុខា ប៉ុន្តែ​មិនអាច​ធ្វើទៅបាន​ក៏​ព្រោះតែ​លោក សំ សុខា ជាមនុស្សមានតម្លៃសម្រាប់​លោក ប៉ែន ស៊ីម៉ន​។​

សមត្ថកិច្ច​ប្រចាំការ​នៅ​ចំណុច​ច្រកព្រំដែន​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច ជាប់​ប្រទេស​យួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​លោក មេ​គយ សំ សុខា បាន​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​មេ​ឈ្មួញ​ធំៗ​នាំចូល​ទិញ​គេចពន្ធ​ពី​ស្រុក​យួន​ រាប់សិប​ឡាន​ក្នុង​មួយថ្ងៃៗ​ដូចជា​ប្រេងឆា​រាប់ពាន់​ប៊ីដុង ទឹក​ត្រចៀកកាំ គ្រឿងឧបភោគ​បរិភោគ​និង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​ប្រភេទ​ទៀត ដោយ​មិនមាន​ការបង់ពន្ធ​ត្រឹមត្រូវ​តាមច្បាប់​នោះទេ​។ ទំនិញគេចពន្ធ​ដែល​នាំចូល​ពី​ស្រុក​យួន​តាម​ច្រក​ព្រែក​ចាក ត្រូវបាន​ក្រុម​ឈ្មួញ​ប្រើប្រាស់​រ៉ឺម៉ក​ធំៗ​សម្រាប់​ដឹកជញ្ជូន​ឆ្លងកាត់​ ព្រំដែន ដើម្បី​យកមក​ទម្លាក់​នៅ​ខាង​ទឹកដី​ខ្មែរ ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ប៉ុណ្ណោះ ពី​ច្រកព្រំដែន ដោយ​គេ​ដាក់​គរ​ពេញ​ចិញ្ចើមផ្លូវ​រង់ចាំ​រថយន្ត​មក​ដឹកជញ្ជូន​ចូល​ទី​រួម​ ខេត្តកំពត​ដើម្បី​លក់​ចែកចាយ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ច្បាប់ទម្លាប់​អ្វី​នោះឡើយ​។​

ក្រុម​ឈ្មួញ​ធំៗ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ចូល​ខេត្តកំពត សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អ​ ​ជាមួយ​លោក សំ សុខា ដែលជា​មេ​គយ​ដុះ​ស្លែ​ប្រចាំ​ខេត្តកំពត ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ​។ បើទោះបីជា​នៅតាម​ច្រកព្រំដែន ឬ​នៅតាម​ដងផ្លូវ​មាន​មន្ត្រី​គយ​ប្រចាំ​ច្រកទ្វារ និង​គយ​ចល័ត​ឈរជើង​យ៉ាងច្រើន​ស្អេកស្កះ​ក៏ដោយ ប៉ុន្តែ​ជំនាញ​គយ​អស់ទាំងនោះ​បានត្រឹមតែ​នាំគ្នា​ដេក​ចង​អង្រឹង​ដាក់​ ប៉ុស្តិ៍​ជជុះ​ចាំ​កោសរូស​គាប​ជំរិត​ប្រជាពលរដ្ឋ​ឬ​ឈ្មួញ​តូចតាច​ឲ្យ​ចូល​ បង់លុយ​តាមរបៀប​ពុករលួយ​ប៉ុណ្ណោះ​។ សម្រាប់​ឈ្មួញ​ធំៗ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​យ៉ាង​អនាធិបតេយ្យ​ចូល​ ខេត្តកំពត ជំនាញ​គយ​តូចតាច​មិន​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​គេ​ដឹងថា លុយដុំៗ​ត្រូវបាន​ឈ្មួញ​បង់​ជូន​លោក សំ សុខា ដែលជា​មេ​គយ​ធំ​ហើយ​គយ​ចល័ត ឬ​មេ​គយ​ប្រចាំ​ច្រកទ្វារ បានត្រឹមតែ​ស៊ីប្រាក់ខែ​រដ្ឋ និង​ទទួលបាន​របប​ដែល​លោក សំ សុខា បន្តក់​ឲ្យ​ប៉ុណ្ណោះ មិនមាន​ឆន្ទៈ​បង្ក្រាប​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ឲ្យ​ស្របតាម​គោលនយោបាយ ​កែទម្រង់​ស៊ីជម្រៅ​ម្តងណា​ឡើយ​។​

ការរកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​របស់​ក្រុម​ឈ្មួញ ឆ្លងកាត់​ខេត្តកំពត សុទ្ធ​តែមាន​ភាគហ៊ុន របស់​ជំនាញ​គយ​ដែល​គេ​និយម​ហៅថា ហ៊ុន​ខ្យល់ តាមរយៈ​កា​រស​ម្រយ​សម្រួល​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ ទំនិញគេចពន្ធ​តាមតែ​អំពើ​ចិត្ត​។ សមត្ថកិច្ច​និង​មន្ត្រី​ដទៃទៀត​ដែលមាន​វត្តមាន​ប្រចាំការ​នៅ​ចំណុច​ព្រំដែន​ ក៏ដូចជា​សមត្ថកិច្ច​ដែល​ដាក់​ប៉ុស្តិ៍​ជជុះ​តាម​ដងផ្លូវ​មិនដែល​ហ៊ាន​ ប៉ះពាល់ ឬ​សុំ​ឆែកឆេរ​ត្រួតពិនិត្យ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ​ទាំង​នោះទេ ព្រោះ​គេ​ដឹងថា លោក​មេ​គយ សំ សុខា ជា​អ្នក​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អ្វីៗ​តាមតែ​ ចិត្ត​ រួចហើយ ដូច្នេះ​សមត្ថកិច្ច​ដទៃទៀត​គ្រាន់តែ​ជា​ជើង​ក្រោយ​ប៉ុណ្ណោះ មិន​ហ៊ាន​ប៉ះពាល់​ទេ ក្រៅពី​ការ​លា​បាតដៃ​សុំ​ប្រាក់​ពី​ក្រុម​ឈ្មួញ​គ្រាន់​នឹង​យកទៅ​បង្គ្រប់​ ថ្លៃ​បាយ​។​
​គេ​ចង់ឃើញ​លោក ប៉ែន ស៊ីម៉ន ជា​អគ្គនាយក​គយ​និង​រដ្ឋាករ​ពិនិត្យមើល​ឡើងវិញ​ផង​ពី​ភាពអនាធិបតេយ្យ​នៃ​ ការហូរចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​គ្រប់​ប្រភេទ​ដែល​កើតឡើង​ពី​ ការឃុបឃិត​បិទ​ភ្នែក​របស់លោក សំ សុខា នាំ​ឲ្យ​មានការ​បំផ្លាញ​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​ មួយខែៗ​ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​ពី​ភាពអនាធិបតេយ្យ​នៃ​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ ឃុបឃិត​ដឹកទំនិញ​គេចពន្ធ​មកពី​ស្រុក​យួន​ចូល​ខេត្តកំពត​ដោយ​គ្មាន​ ការត្រួតពិនិត្យ ឬ​បង់ពន្ធ​ត្រឹមត្រូវ​តាមច្បាប់ ដែល​កើតឡើង​ដោយសារតែ​គំនិត​ពុករលួយ​របស់​លោក សំ សុខា នោះទេ​ ​៕​

ច្រកព្រែកចាក