លោក សំ សុផល ហៅរ៉ែន ជាប្រធានកំពុងកើតមានរឿងអាស្រូវពុករលួយនៃការកិបកេងរបបហូបចុក អ្នកទោស ការកោសរូសបង្ខំឲ្យគ្រួសារអ្នកជាប់ឃុំបង់លុយពេលជួបសួរសុខទុក្ខ សាច់ញាតិហើយជារឿយៗលោក សំ សុផល ហៅរ៉ែន បានប្រើប្រាស់កម្លាំងអ្នកទោសសម្រាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន មិនយកចិត្តទុកដាក់គោរពតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃនោះទេ។
ប្រជាពលរដ្ឋនិងអ្នកទេសចរនៅក្នុងខេត្តព្រះសីហនុ បានជួបហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីបានឃើញរថយន្តដឹកអ្នកទោសជាច្រើននាក់ បើកបរជុំវិញក្រុងព្រះសីហនុ ដឹកសម្ភារៈមានតុទូគ្រែ យកទៅដាក់នៅផ្ទះរបស់លោក សំ សុផល ហៅរ៉ែន ជាប្រធានពន្ធនាគារខេត្តព្រះសីហនុ។ អ្នកដែលមិនដឹងរឿង បានសម្តែងការភ្ញាក់ផ្អើលចំពោះ ការបញ្ចេញកម្លាំងអ្នកជាប់ឃុំយ៉ាងប្រសេចប្រសាចប៉ុន្តែមន្ត្រីជាច្រើន បានបញ្ជាក់ថា វាសឹងក្លាយជាទម្លាប់ទៅហើយដែលលោក សំ សុផល ហៅរ៉ែន បានប្រើប្រាស់កម្លាំងអ្នកជាប់ឃុំឲ្យធ្វើការងារផ្សេងៗជាផលប្រយោជន៍ ផ្ទាល់ខ្លួនរហូតដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ធ្លាប់ផ្តល់រហស្សនាមជូនលោក សំ សុផល ហៅរ៉ែន ថាជាឥស្សរជនដែលចូលចិត្តដឹកអ្នកទោសយកមកបម្រើប្រយោជន៍ផ្ទាល់ខ្លួន បង្អួតភ្ញៀវទេសចរ។
គេចាំបានថាអតីតប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យម្នាក់ ធ្លាប់បានយកអ្នកជាប់ឃុំទៅធ្វើជាកម្មករ សម្អាតនៅក្នុងផ្ទះរបស់ខ្លួនយ៉ាងក្រអឺតក្រទមថែមទាំងប្រើអំណាចបញ្ចេញ អ្នកជាប់ឃុំក្រៅបរិវេណពន្ធនាគារតាមតែអំពើចិត្ត មិនផ្តល់ដំណឹងឬគោរពសេចក្តីណែនាំរបស់ព្រះរាជអាជ្ញានោះទេ ហើយទីបំផុតប្រធានពន្ធនាគារម្នាក់នោះត្រូវបានដកហូតមុខតំណែង និងនាំទៅឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប ពាក់ព័ន្ធនឹងការឃុបឃិតឲ្យអ្នកទោសជាអាណិកជនម្នាក់រត់រួចពី ការឃុំខ្លួន។ រឿងហេតុដែលកើតមាននៅក្នុងខេត្តបន្ទាយមានជ័យបែរជាលោក សំ សុផល ហៅរ៉ែន ជាប្រធានពន្ធនាគារប្រចាំខេត្តព្រះសីហនុ យកមកអនុវត្តន៍តាមយ៉ាងរលូនល្អ មិនក្រែងញញើតពីច្បាប់ទម្លាប់នោះទេ ដោយសំអាងថាគាត់មានខ្សែទុយោ និងខ្នងបង្អែកធំ គ្មាននរណាហ៊ានប៉ះពាល់នោះទេ ណាមួយលោក សំ សុផល ហៅរ៉ែន ឧស្សាហ៍វេចខ្ចប់ផលប្រយោជន៍យកមកជូនលោក គុយ ប៊ុនសន ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ។
លោក សំ សុផល ហៅរ៉ែន បានបង្កើតឲ្យមានអំពើពុករលួយ តាមរយៈការចាត់តាំងមន្ត្រីអនុរក្សពន្ធនាគារឲ្យកោសរូសសាច់ញាតិអ្នក ជាប់ឃុំបង់លុយក្នុងកម្រិតខ្ពស់សម្រាប់ការចូលសួរសុខទុក្ខសាច់ញាតិ ម្តងៗ ហើយរាល់បញ្ញើរបស់អ្នកទោសជាត្រីសាច់ ម្ហូបអាហារលុយកាក់ ត្រូវអនុរក្សពន្ធនាគារកាត់កងទៅតាមភាគរយដូចជាត្រីងៀតមួយគីឡូត្រូវ បាត់អស់កន្លះគីឡូរួចទៅហើយ ទើបអាចទៅដល់ដៃអ្នកជាប់ឃុំ។
ការគ្រប់គ្រងពន្ធនាគារខេត្តព្រះសីហនុលោក សំ សុផល ហៅរ៉ែន បង្កព្យុះភ្លៀងតាមតែអំពើចិត្ត ដូចជាការបញ្ជូនអ្នកជាប់ឃុំក្រីក្រឲ្យទៅរស់នៅក្នុងបន្ទប់ដ៏ តូចចង្អៀត ប៉ុន្តែសម្រាប់អ្នកជាប់ឃុំដែលមានលុយបង់ប្រចាំខែ អាចស្នាក់នៅក្នុងបន្ទប់ធំទូលាយ អាចប្រើ ប្រើទូរស័ព្ទឆ្លើយឆ្លងជាមួយសាច់ញាតិ មិត្តភក្តិ។ គោលការណ៍របស់ក្រសួងមហាផ្ទៃ គឺអ្នកជាប់ឃុំទាំងអស់ត្រូវមានសិទ្ធិស្មើៗគ្នាប៉ុន្តែការអនុវត្តន៍ ជាក់ស្តែងរបស់លោក សំ សុផល ហៅរ៉ែន គឺអ្នកទោសក្រីក្ររងនូវការជិះជាន់សង្កត់សង្កិនកេងប្រវ័ញ្ចតាមគ្រប់ រូបភាព ប៉ុន្តែសម្រាប់អ្នកទោសដែលមានលុយវិញទទួលបានការយោគយល់ អាចធ្វើអ្វីៗតាមតែអំពើចិត្ត។ គេ លោក គុយ ប៊ុនសន ពិនិត្យមើលភាពអសកម្មរបស់លោក សំ សុផល ហៅរ៉ែន ឡើងវិញផងដែលយ៉ាងហោចណាស់បង្ហាញពីការយកចិត្តទុកដាក់ចំពោះគោលនយោបាយ កែទម្រង់ស៊ីជម្រៅរបស់លោក ហ៊ុន សែន ៕
Recent Comments