ល​ក់​ភូមិ​គ្រឹះ​របស់​លោក ​ដាប ​ឈួន​ទៀត​ហើយ​នៅក្រុង​សៀមរាប​​ឲ្យក្រុម​ហ៊ុន​ G&R ​គឹជា​ការអំ​ពើ​ពុក​រលួ​យ

ទីតាំង​ផ្ទះ​លោក ដាប ឈួន ជា​កន្លែង​ត្រូវប៉ាន់​បំផុត​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ឆ្ពោះទៅកាន់​ ប្រាសាទអង្គរវត្ត​ទល់មុខ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥  ឡឺ​ម៉េ​រ៉េ​ឌា​ន ដែល​ទីតាំង​នោះ​មានតម្លៃ​១​ម៉ែត្រការ៉េ មិនតិចជាង​៣​ពាន់​ដុល្លារ​អាមេរិក​នោះទេ  ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ ហើយ​គេ​ដឹងថា  ឈ្មួញ​បាន​ចែចូវ​ទិញ​ទីតាំង​នេះ អំឡុងពេល​លោក អឹ​​ម សិទ្ធី ធ្វើជា​រដ្ឋមន្ត្រីក្រសួង​អប់រំ និង​មាន​លោក ស៊ូ ភិរិន្ទ ធ្វើជា​អភិបាលខេត្ត​សៀមរាប​។ លិខិតស្នាម​នៃ​ការលក់ដូរ​ដោយ​ជ្រក​ក្រោម​ស្លាក​ដោះដូរ​ទីតាំង​ផ្ទះ​លោក ដាប ឈួន  នេះ​មិន​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​នោះទេ ប៉ុន្តែ​បើតាម​ប្រភព​ក្រៅផ្លូវការ​បាន​បង្ហើប​ឲ្យ​ដឹងថា អាជ្ញាធរ​និង​ក្រសួង​អប់រំ​បាន​លក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ​ឈ្មោះ  G&R ក្នុងតម្លៃ​ប្រហែល​៦០​ឬ​៧០​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ គឺ​ថោក​ជាង​តម្លៃ​ជាក់ស្តែង ហើយ​ក្រោយមក​ក្រុមហ៊ុន G&R បាន​យក​ទីតាំង​នេះ​ទៅ​អភិវឌ្ឍន៍​វិនិយោគ​ក្នុងតម្លៃ​មិនតិចជាង​៧​លាន​ ដុល្លារ​អាមេរិក​នោះទេ​។​

ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តសៀមរាប ជាពិសេស​មន្ត្រី​ដែល​ស្រឡាញ់​ទ្រព្យសម្បត្តិ​ជាតិ បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល ​បាន​ឃុបឃិត​គ្នា​លក់​ទីតាំង​ផ្ទះ​របស់លោក ដាប ឈួន ហៅ​ឈួន​ម្ជុល​ពេជ្រ ជា​ស្តេចត្រាញ់​ដ៏​មានអំណាច​ប្រចាំខេត្ត​សៀមរាប ក្នុងតម្លៃ​រាប់សែន​ដុល្លារ តាមរបៀប​ពុករលួយ​ហើយ​គេ​មិនដឹងថា លុយ​ដែល​បានមកពី​ការលក់​ផ្ទះ​លោក ដាប ឈួន ដែល​ក្រោយមក​ត្រូវបាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​យុវជន​កម្ពុជា ត្រូវបាន​បង់​ចូលក្នុង​ខ្ទង់​ថវិកាជាតិ​ណាមួយ​នោះទេ ដែល​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពិនិត្យ​ស្រាវជ្រាវ​បញ្ហា​នេះ​ ឡើងវិញ​ផង ដើម្បី​នាំ​មន្ត្រី​ខិលខូច​ពុករលួយ​ដែល​ឃុបឃិត​គ្នា​លក់​ទ្រព្យសម្បត្តិ​ រដ្ឋ​មិន​ប្រក្រតី​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តសៀមរាប​បាន​សំណូមពរ​ឲ្យ​អង្គភាព​ប្រឆាំង​ អំពើពុករលួយ​និង​ផ្នែក​ពាក់ព័ន្ធ​ពិនិត្យ​សើរើ​បញ្ហា​នេះ​ឡើងវិញ​ជាបន្ទាន់ ដើម្បី​យក​ទីតាំង​សាធារណៈ​របស់​រដ្ឋ​ដ៏​មានតម្លៃ​មួយ​នេះ​មកប្រើប្រាស់​ជា​ សម្បត្តិ​សាធារណៈ​ឡើងវិញ​ព្រោះ​ការលក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន ធ្វើឡើង​តាមបែប​មិន​ប្រក្រតី ហើយ​គេ​ដឹងថា លោក អឹ​​ម សិទ្ធី ដែល​កាលណោះ​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ បានធ្វើ​របាយការណ៍​ភូតភរ​លោក ហ៊ុន សែន ថា​ទីតាំង​ផ្ទះ​របស់លោក ដាប ឈួន ចាស់​ទ្រុឌទ្រោម​ត្រូវ​ដោះដូរ​រក​ទីតាំង​ថ្មី​ហើយ​លោក ហ៊ុន សែន ក៏បាន​ចំណារ​ឯកភាព​តាម​សំណើ​របស់លោក អឹ​ុ​ម សិទ្ធី តែម្តង​។​

ក្រោយមក​គេ​បានឃើញ​លិខិត​មួយច្បាប់​របស់លោក អឹ​ម សិទ្ធី ផ្ញើជូន​លោក ស៊ូ ភិរិន្ទ ដែល​កាលណោះ​ជា​អភិបាល​ខេត្តសៀមរាប សុំ​ឲ្យ​បញ្ចូល​ទីតាំង​មជ្ឈមណ្ឌល​វប្បធម៌​យុវជន ទៅក្នុង​សំណង់​អគារ​នៃ​បុរី​រដ្ឋបាល​ខេត្តសៀមរាប គឺ​មានន័យថា​ផ្ទះ​លោក ដាប ឈួន ត្រូវបាន​លក់​ឲ្យ​ឈ្មួញ​តាមរបៀប​មិន​ប្រក្រតី ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ មិនបាន​រក​ទីតាំង​ថ្មី​ណាមួយ​ធ្វើជា​ការិយាល័យ​សម្រាប់​ម​ជ្ឈ​មណ្ឌល​វប្បធម៌ ​យុវជន​នោះទេ គឺ​គេ​លក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន តាមរបៀប​ឆៅៗ​ដោយ​គ្រាន់តែ​ស្នើសុំ​ទីតាំង​តូច​មួយ​ក្នុង​បុរី​រដ្ឋបាល​ ខេត្តសៀមរាប សម្រាប់​ឲ្យ​មន្ត្រី​ធ្វើការ​ងារ​តែប៉ុណ្ណោះ​។

រហូតមកដល់​ពេលនេះ ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​ឆន្ទៈ​បើក​ការស៊ើបអង្កេត​ ស្រាវជ្រាវ​ឡើងវិញ​ពី​ការលក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន តាមរបៀប​ពុករលួយ​មិនទាន់​យឺត​ពេល​នោះទេ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តសៀមរាប បាន​ត្រៀមខ្លួន​ធ្វើជា​សាក្សី​ហ៊ាន​ចេញមុខ​បំភ្លឺ​រឿង​ពិត​ពាក់ព័ន្ធ​នឹង​ អំពើពុករលួយ​នៃ​ការលក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន ដែលជា​សំណង់​រឹងមាំ​អាច​បម្រើ​ការងារ​បាន មិនមែនជា​អគារ​ចាស់​ទ្រុឌទ្រោម​ស្អី​នោះទេ​។ មិនមាន​អ្វី​ចម្លែក​ទាល់តែសោះ សម្រាប់​ការដឹកនាំ​របស់លោក ហ៊ុន សែន ដែល​បណ្តែតបណ្តោយ​ឲ្យ​មានការ​លក់ដូរ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​យ៉ាង ​វិនាស​ហិនហោច ​៕

ផ្ទះដាបឈួន