លោក សា​ល ​មេកា​រក្រុម​ហ៊ុន​ ទ្រី ​ភាព​ នៅខេត្តរត​នគិរី​មាន​សិទ្ធិ​ផ្តាច់​មុខ​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់

ការកាប់បំផ្លាញ​ព្រៃឈើ​នៅតាម​តំបន់​ព្រៃ​ការពារ​ព្រៃ​សហគមន៍​ជាពិសេស​នៅ​ ដែនជម្រកសត្វព្រៃ​លំផាត់ និង​ព្រៃ​សហគមន៍​របស់​ជនជាតិ​ភាគតិច​នៅ​ស្រុក​វ៉ឺ​ន​សៃ ត្រូវបាន​កាប់បំផ្លាញ​យ៉ាង​វិនាស​ហិនហោច ដោយសារតែ​ការ​បំផុស​ពី​ឈ្មួញកណ្តាល​មួយចំនួន​។ ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព ដែលជា​ប្រធាន​រដ្ឋបាល​និង​ជា​អ្នកចាត់ចែង​កាន់​ការងារ​លុយកាក់ បាន​បង្កើត​ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​មួយកន្លែង​នៅក្បែរ​ច្រកព្រំដែន​អន្តរជាតិ ​អូរ​យ៉ា​ដាវ ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ដើម្បី​ងាយស្រួល​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ហើយ​ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​ មួយ​នេះ ចាំ​ប្រមូល​ទិញ​ពី​ឈ្មួញកណ្តាល ឬ​ឈ្មួញ​តូចតាច​ទាំងយប់​ទាំង​ថ្ងៃ​មាន​ប៉ុន្មាន​ទិញ​ទាំងអស់​ដោយ​លោក សាល ចាំ​ទូទាត់​លុយកាក់​។​

ជាគោលការណ៍​ក្រុមហ៊ុន ទ្រី ភាព ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុង​ការប្រមូលទិញ​ឈើ​ដែល​បានមកពី​ការបង្ក្រាប​ របស់​សមត្ថ​កិច្ច​និង​មន្ត្រី​ជំនាញ ប៉ុន្តែ​ភាពជាក់ស្តែង​លោក សាល បាន​ចាត់តាំង​បណ្តាញ​ឲ្យ​ចាំ​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ប្រជាពលរដ្ឋ​និង​ ឈ្មួញ​តូចតាច​នៅតាម​បណ្តា​ស្រុក ដើម្បី​ដឹកជញ្ជូន​យកមក​ស្តុក​ទុក​នៅ​ឃ្លាំង​ដ៏​ធំ​នៅក្បែរ​ច្រកព្រំដែន​ អន្តរជាតិ​អូរ​យ៉ា​ដាវ​។ ការប្រមូលទិញ​ឈើ​ប្រណីត​ដែល​គ្មាន​ប្រភាព​ច្បាស់លាស់ ភាគច្រើន​ជា​ឈើ​ដែល​បានមកពី​ការកាប់បំផ្លាញ​នៅតាម​ព្រៃ​សហគមន៍​ ដែនជម្រកសត្វព្រៃ​លំផាត់ នៅ​ទូទាំង​ខេត្តរតនគិរី ហាក់ដូចជា​ការលើកទឹកចិត្ត​ឲ្យ​ឈ្មួញ​តូចតាច​និង​ប្រជាពលរដ្ឋ​កាប់បំផ្លាញ​ ព្រៃឈើ​យ៉ាង​វិនាស​ហិនហោច ដូចដែល​ប្រជាពលរដ្ឋ​មួយចំនួន​បានលើកឡើង​ថា​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព បាន​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ជាមួយ​ឧក្រិដ្ឋកម្ម​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ ខេត្តរតនគិរី ដែល​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ត្រួតពិនិត្យ​ទប់ស្កាត់​បញ្ហា​ នេះ​ឡើងវិញ​ជាបន្ទាន់ ដែល​យ៉ាងហោចណាស់​បង្ហាញ​ពី​ការយកចិត្តទុកដាក់​អនុវត្តន៍​កំណែទម្រង់​ ស៊ីជម្រៅ​របស់លោក ហ៊ុន សែន ឲ្យ​មាន​ប្រសិទ្ធភាព​ ​។​

បច្ចុប្បន្ននេះ មេការ​របស់​ក្រុមហ៊ុន ទ្រី ភាព ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ខេត្តរតនគិរី​ឈ្មោះ សាល កំពុង ​ស្ពាយ​លុយ​យកទៅ​បើក​ប្រាក់ខែ ជូន​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ដែល​ជួយ​សម្របសម្រួល​សម្រាប់​ ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន ទ្រី ភាព និង​ដើម្បី​ការពារ​មុខ​ជំនួញ​ប្រមូល​ទិញ​ឈើ​ឲ្យ​ចៀស​ផុតពី​ឧបសគ្គ​ផ្សេងៗ​។​ គេ​ឆ្ងល់​ថា មួយរយៈ​ចុងក្រោយ​នេះ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ចុះទៅ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅលើ​ទឹកដី​ខេត្តរតនគិរី ប៉ុន្តែ​សម្រាប់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន ទ្រី ភាព បែរជា​មិន​ហ៊ាន​ប៉ះពាល់​ទៅវិញ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី ដែល​ទាមទារ​ឲ្យ​ថ្នាក់លើ​ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ ។

​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​នោះ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ បាន​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ប្រណីត​ខ្នាត​ធំ​ចំនួន​២​គ្រឿង​នៅ​ស្រុក​វ៉ឺ​ន​ សៃ ដែល​គេ​ដឹងថា ឈើ​ទាំងនោះ​ជា​របស់​ក្រុមហ៊ុន ទ្រី ភាព ត្រូវបាន​ដឹកជញ្ជូន​មិន​ប្រក្រតី ហើយ​ការបង្ក្រាប​ឈើ​ប្រណីត​ដ៏​រាលដាល​នៅ​ទូទាំង​ខេត្តរតនគិរី កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​អនុវត្តន៍​ទៅតាម​ស្មារតី​នៃ​អង្គប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃ​។ ប៉ុន្តែ​ទីបំផុត​កងកម្លាំង​ដែល​ចុះទៅ​បង្ក្រាប​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ ប្រណីត​ចំនួន​២​គ្រឿង​របស់​ក្រុមហ៊ុន ទ្រី ភាព បាន​ក្លាយជា​អ្នករងគ្រោះ​ត្រូវ​ថ្នាក់លើ​ស្តីបន្ទោស ហើយ​ខាង​អាជ្ញាធរ​ខេត្តរតនគិរី ដែល​គេ​សង្ស័យថា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុន ទ្រី ភាព យូរ​ឆ្នាំ​មកហើយ​បាន ប្រតិកម្ម​បន្ទោស​ទៅលើ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ពី​ ការរំលោភ​អំណាច​ឬ​ការអនុវត្ត​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​របស់​ ក្រសួងមហាផ្ទៃ​។​

​ លោក សាល ជា​ប្រធាន​រដ្ឋបាល​និង​ជា​អ្នក​កាន់​លុយ​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព សម្រាប់​ការទូទាត់​ទិញ​ឈើ​ប្រណីត​ឬ​បើក​របប​ឲ្យ​សមត្ថកិច្ច​និង​មន្ត្រី​ ពាក់ព័ន្ធ​មាន​ភាពមិនស្មោះត្រង់​បាន​យក​ឥទ្ធិពល​របស់​ក្រុមហ៊ុន ទ្រី ភាព ទៅប្រើ​ប្រាស់​សម្រាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ។

ab227