លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀង​ខុ​ស​ច្បាប់ដឹក​ឈើ​ប្រណី​តឲ្យ​ក្រុម​ហ៊ុន ​ទ្រី ​ភាព ​

មន្ត្រី​ មួយចំនួនឲ្យ​ដឹងថា បច្ចុប្បន្ននេះ​នៅក្នុង​ខេត្តរតនគិរី លោក សៀង ស៊ី​វន មាន​តួនាទី​ជា​មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ ប្រចាំខេត្ត​មណ្ឌលគិរី​បានក្លាយ​ជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ ទ្រង់ទ្រាយ​ធំ ជាងគេ​គ្មាន​នរណា​ហ៊ាននិយាយ ​នោះទេ សូម្បីតែ​លោក កែប តក់ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ក៏​មិនដែល​ហ៊ាន​ក្អក​ជាមួយ​លោក សៀង ស៊ី​វន នោះដែរ​។ ជាធម្មតា​លោក សៀង ស៊ី​វន បាន​ប្រើ​តួរនាទី ជា​នគរបាល​ព្រំដែន ក្នុង​ការប្រមូលទិញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ បេង នាងនួន សម្រាប់​លក់ដូរ​បន្ត​ឲ្យ​ក្រុមហ៊ុន​និង​ឈ្មួញកណ្តាល ក្នុង​ទ្រង់ទ្រាយ​ធំជាងគេ ដែល​ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​លោក សៀង ស៊ី​វន បាន​រកស៊ី​ទិញ​លក់​ឈើ​រង្វង់​៦​ទៅ​១០​ម៉ែត្រត្រីគុណ ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​ទុក​សម្រាប់​ប្រើប្រាស់​អភិវឌ្ឍន៍​មុខតំណែង​យ៉ាង​សុខ​ស្រួល​បំផុត​។​ឈើ​ ប្រណីត​ខុសច្បាប់​ចេញទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ ទាំង​ការដឹកជញ្ជូន​ចេញ​តាម​ច្រក​អន្តរ​ជាតិ​ដាក់​ដាំ ក៏ដូចជា​ច្រករបៀង​ជាច្រើន​កន្លែង ស្ថិតក្រោម​ការគ្រប់គ្រង​របស់​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ នៅ​ខេត្តមណ្ឌលគិរី​។​ប៉ុន្តែ​លោក អេង ប៊ុន​ហៀ​ង ជា​អភិបាលខេត្ត ហាក់ដូចជា​ធូររលុង​មិនបាន​យកចិត្តទុកដាក់ រឹតបន្តឹង​ការបង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​ស្របទៅតាម​ កំណែទម្រង់​ស៊ីជម្រៅ​ម្តងណា​ឡើយ ព្រោះ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ភាគច្រើន​ជ្រក​ក្រោម​ស្បែក​ជា​កម្លាំងប្រដាប់អាវុធ កំពុងតែ​ក្រអឺតក្រទម​យ៉ាងខ្លាំង ដោយសារតែ​ភាព​អសកម្ម​របស់​ពួកគេ​មិន​ត្រូវបាន​អភិបាលខេត្ត​ក្នុងនាម​ជា​ ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត ធ្វើការ​ស្តីបន្ទោស​ឬ​ដាក់ពិន័យ​។​

​ លើស​នេះ​ទៅទៀត លោក សៀង ស៊ី​វន ក៏​រង​នូវ​ការរិះគន់​អំពី​ករណី​ឃុបឃិត​លួច​បើក​ច្រករបៀង​ខុសច្បាប់ ស្ថិតក្រោម​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព នាំចេញ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​បំផុត ហើយលោក សៀង ស៊ី​វន ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ក្នុង​ការជួយ​សម្របសម្រួល​បើក​ច្រករបៀង​ ខុសច្បាប់​សម្រាប់​ក្រុមហ៊ុន ទ្រី ភាព រកស៊ី​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ព្រំដែន​។ យ៉ាងណាក៏ដោយ​មន្ត្រី​ជាច្រើន​បាន​ដឹងឮ​ពី​ភាព​អសកម្ម​និង​ការប្រព្រឹត្ត​ អំពើពុករលួយ​សម្ងំ​កើប​លុយ​ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់លោក សៀង ស៊ី​វន ប៉ុន្តែ​លោក ញ៉ែម វ៉ាន់​នី ដែលជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​មិនបាន​យកចិត្ត​ទុក​ដាក់​កែទម្រង់​ភាព​អសកម្ម ឬ​ដាក់ពិន័យ​ទៅលើ​លោក សៀង ស៊ី​វន តាមច្បាប់​ម្តងណា​ឡើយ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី​។

លោក សៀង ស៊ី​វន មិន​ត្រឹមតែ​ប្រើតូនាទី ​ជា​មេ​បញ្ជា​ការ​នគរបាល​វរៈ​ការពារ​ព្រំដែន​ លេខ​៣០៣ ប្រចាំខេត្ត​មណ្ឌលគិរី​ទៅ​ប្រឡូក​ក្នុង​ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បំពាន​លើ​ភារកិច្ច​តួនាទី​របស់ខ្លួន តាមរយៈ​ការឃុបឃិត​បិទ​ភ្នែក​លួច​បើក​ច្រករបៀង​ខុសច្បាប់​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​បំផុត​។ សព្វថ្ងៃ​លោក សៀង ស៊ី​វន កំពុង​ប្រព្រឹត្ត​ផ្ទុយទៅនឹង​សេចក្តីណែនាំ​របស់លោក ហ៊ុន សែន និង​បំពាន​ទៅលើ​យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជម្រៅ​ដល់​ទៅ​១៨០​អង្សារ​ឯណោះ ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​ហើបមាត់​ជាមួយ​លោក សៀង ស៊ី​វន នោះទេ​ទើប​រហូតមកដល់​ពេលនេះ​លោក សៀង ស៊ី​វន បានក្លាយ​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ធំជាងគេ​ប្រចាំខេត្ត​មណ្ឌលគិរី និង​ជា​មន្ត្រីនគរបាល​ដែល​ហ៊ាន​ឃុបឃិត​បិទ​ភ្នែក​លួច​បើក​ច្រករបៀង​ ខុសច្បាប់​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ដឹកឈើ​ចេញទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​ក្រអឺតក្រទម​បំផុត​៕

ឈើ