ប្រភពពីក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញតាមក្រុមហ៊ុនមួយចំនួនបាន ឲ្យដឹងថា កំណែទម្រង់គយទៅមុខអត់រួច ក៏ព្រោះតែមេគយចល័តនៅទូទាំងប្រទេសមិនបានយកចិត្តទុកដាក់លើការងារ ប្រមូលពន្ធ ឬបង្ក្រាបការរត់ពន្ធទំនិញខុសច្បាប់គឺលោក កើត សុធារ៉ា មានជំហរតឹងតែងតែពីដំបូងប៉ុណ្ណោះ លុះយូរៗទៅបែរជាទន់ដៃ សុខស្រួលក្នុងការចាត់តាំងមន្ត្រីជំនិតៗដែលគេនិយមហៅថាជាក្រុមគយ របស់ក្រសួង ជាគយចល័តពិសេសទើបបង្កើតថ្មីឲ្យប្រមូលលុយពីការដឹកជញ្ជូនទំនិញ ទាំងស្របច្បាប់និងខុសច្បាប់យកទៅចែកគ្នាច្រកហោប៉ៅធ្វើមានធ្វើបាន ផ្ទាល់ខ្លួន ចង់ខ្លាំងជាងសម័យលោក កែវ សុឃាង ទៅទៀត។ ចាប់តាំងពីពេល លោក កើត សុធារ៉ា ដាក់បក្ខពួករបស់គាត់ឲ្យមកកាន់តំណែងធំៗឬកាន់ការងារ ប្រមូលលុយដើម្បីយកទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួនជាក់ស្តែង លោក កើត សុធារ៉ា បានអូសសណ្តោងលោក យ៉ឹក យូរ ឲ្យមកជំនួសតំណែងរបស់គាត់ដែលរហូតមកដល់ពេលនេះលោក យ៉ឹក យូរ កាន់តំណែង៣តែម្នាក់ឯង គឺជាប្រធានសាខាគយខេត្តព្រះសីហនុផង ជាប្រធានការិយាល័យគយប្រចាំផែស្ទឹងហាវផងនិងជាអ្នករកលុយជូនលោក កើត សុធារ៉ា ផង។ ឈ្មួញមួយចំនួនបានលើកឡើងថា លោក យ៉ឹក យូរ មិនមែនថ្លើមធំហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ឬឃុបឃិតបិទភ្នែកឲ្យឈ្មួញនាំចូលទំនិញគេចពន្ធតាមផែស្ទឹងហាវយ៉ាង ប្រសេចប្រសាចដោយអត្តនោម័តនោះទេ ច្បាស់ជាមានការចង្អុលបង្ហាញ ឬបើកភ្លើងខៀវពីលោក កើត សុធារ៉ា ជាពិសេសមេគយចល័តប្រចាំផ្លូវជាតិលេខ៤ ក៏បានចាំជួយជ្រោមជ្រែង និងសម្របសម្រួលសម្រាប់ការដឹកជញ្ជូនទំនិញបង់ពន្ធមិនគ្រប់របស់ឈ្មួញ ។
មានការបញ្ជាក់ផងដែរថា លោក កើត សុធារ៉ា បានរៀបចំផ្លាស់ប្តូរតំណែងមន្ត្រីគយជាច្រើនក្នុងអង្គភាពគយចល័តដែល មិនមែនជាបក្ខពួករបស់គាត់ ជាពិសេសនៅកន្លែងខ្លាញ់លោក កើត សុធារ៉ា បានចាត់តាំងមន្ត្រីជំនិតៗរបស់ខ្លួនឲ្យចូលទៅកាន់ការងារទាំងនោះ យ៉ាងណែនបង្កើតឲ្យមានជម្លោះផ្ទៃក្នុងនៅក្នុងចំណោមគយចល័តផងដែរ។ លោក ប៉ែន ស៊ីម៉ន រឹតបន្តឹងឲ្យមន្ត្រីគយគ្រប់ជាន់ថ្នាក់ប្រមូលពន្ធឲ្យបាន ១០០ភាគរយតាមកំណែទម្រង់ស៊ីជម្រៅស្អីគេនោះ បានរយៈពេល២ខែប៉ុណ្ណោះ គឺក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៣ដែលរហូតមកដល់ពេលនេះ សភាពការណ៍គយនិងការហូរចូលទំនិញបង់ពន្ធមិនគ្រប់បានវិលទៅរករូបភាព ចាស់ដដែល មិនដឹងជាលោក ហ៊ុន សែន បានដឹងពីបញ្ហានេះឬក៏អត់នោះទេ ហើយគេកត់សម្គាល់ឃើញថា កំណែទម្រង់គយដែលមិនទទួលបានជោគជ័យ ក៏ដោយសារតែលោក កើត សុធារ៉ា ជាមេគយចល័តនៅទូទាំងប្រទេសនិងជាមិត្តភក្តិដ៏ជិតដិតជាមួយ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ កំពុងដើរតាមគន្លងចាស់របស់លោក កែវ សុឃាង ដោយសម្ងំកើបលុយតាមគ្រប់មធ្យោបាយដើម្បីយកទៅចែកគ្នាធ្វើមាន ធ្វើបានផ្ទាល់ខ្លួន។ចំណុចដែលគួរឲ្យចាប់អារម្មណ៍គឺ សម្រាប់ការហូរចូលទំនិញបង់ពន្ធមិនគ្រប់គួរឲ្យញាក់សាច់នៅចំណុចផែ ស្ទឹងហាវ ស្ថិតក្នុងខេត្តព្រះសីហនុ ដែលនៅទីនោះក្រុមហ៊ុនរកស៊ីដឹកជញ្ជូនទំនិញជាច្រើន ដែលធ្លាប់ប្រកបអាជីពនៅផែកែវផុស និងផែស្រែអំបិលបាននាំគ្នារើកញ្ជើទៅកាន់ផែស្ទឹងហាវ សឹងអស់ទៅហើយ ព្រោះឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ បានបង្វែរការនាំចូលទំនិញតាមច្រកស្ទឹងហាវដែលមានភាពធូររលុង និងមានការជួយសម្របសម្រួលពីមេគយចល័តលោក កើត សុធារ៉ា។ មានការរំលឹកផងដែរថា នៅចំណុចផែស្ទឹងហាវបច្ចុប្បន្ននេះ មានការនាំចូលស៊ីម៉ងត៍គ្រប់ប្រភេទ ស្រាបៀ ប្រេងសាំង ប្រេងម៉ាស៊ូត ក៏ត្រូវបាននាំចូលដោយសេរី ហើយគ្រប់មុខទំនិញទាំងអស់ដែលនាំចូលតាមផែស្ទឹងហាវ មានការសម្របសម្រួលពីសំណាក់លោក យ៉ឹក យូរ ជាប្រធានសាខាគយខេត្តព្រះសីហនុនិងជាប្រធានការិយាល័យគយប្រចាំផែ ស្ទឹងហាវ ដែលជាអ្នករកលុយបង់ជូនលោក កើត សុធារ៉ា។ក្រុមឈ្មួញ បានឲ្យដឹងថាផែកែវផុស និងផែស្រែអំបិល ទីដែលធ្លាប់មានការនាំចូលទំនិញលោតឆ័ត្រតាមដែនសមុទ្រ ចាប់ផ្តើមស្ងប់ស្ងាត់គឺមានតែការនាំចូលទំនិញ ស្របច្បាប់ ឬលួចពន្ធបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែសម្រាប់ក្រុមឈ្មួញរកស៊ីលោតឆ័ត្រ បានបង្វែរទិសដៅទៅកាន់ផែស្ទឹងហាវ ទីដែលពួកគេគិតថា មានសុវត្ថិភាពសម្រាប់ការនាំចូលទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ដោយសារតែមានការជួយសម្របសម្រួលពីមេគយចល័ត តាំងពីចំណុចកំពង់ផែរហូតដល់ឃ្លាំងស្តុកទំនិញក្នុងរាជធានីភ្នំពេញ។ គេចាំបានថា លោក កើត សុធារ៉ា ជាអតីតប្រធានសាខាគយខេត្តព្រះសីហនុ និងជាប្រធានការិយាល័យគយប្រចាំផែស្ទឹងហាវ បន្ទាប់ពីលោក អូន ព័ន្ធមុនីរ័ត្ន បានតែងតាំងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក កើត សុធារ៉ា ក៏បានឡើងយីអ៊ុន បានឡើងធ្វើជាមេគយចល័តនៅទូទាំងប្រទេសជំនួសលោក កែវ សុឃាងតែម្តង។
ប្រសិនបើចង់ធ្វើការកែទម្រង់លើការប្រមូលពន្ធឲ្យបាន១០០ភាគរយ ដូចយុទ្ធសាស្ត្ររបស់លោក ប៉ែន ស៊ីម៉ន គ្មានអ្វីលំបាកនោះទេ ព្រោះការកែទម្រង់អាចអនុវត្តន៍បានជោគជ័យឬមិនជោគជ័យ អាស្រ័យលើឆន្ទៈរបស់ក្រុមមន្ត្រីគយតែម្តង ក្នុងនោះការទប់ស្កាត់ភាពមិនប្រក្រតីរបស់បុគ្គល កើត សុធារ៉ា ៕
Recent Comments