ប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹកនៃក្រសួងមហាផ្ទៃ លោក តេង សួន ហាក់ដូចជាធូររលុងមិនបានយកចិត្តទុកដាក់ពង្រឹងការងារមន្ត្រីក្រោមឱវាទ ឲ្យការពារបូរណភាពដែនសមុទ្រខ្មែរនោះទេ បែរជាបិទភ្នែកបណ្តែតបណ្តោយឲ្យទូកនេសាទរបស់សៀម និងយួន ចូលមកធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យបំផុតក្នុងដែនសមុទ្រខ្មែរ។ ជាញឹកញយប្រជានេសាទបានចេញទៅឡោមព័ទ្ធចាប់ទូកនេសាទសៀម និងយួន ដែលឆ្លងដែនចូលផ្ទៃសមុទ្រខ្មែរយកទៅប្រគល់ឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធតែទីបំផុត ទូកសៀមនិងយួនទាំងនោះត្រូវបានដោះលែងទៅវិញ តាមរយៈការសម្របសម្រួលបង់លុយកាក់ ហើយសម្រាប់ទូកនេសាទរបស់យួន ឬសៀម មួយគ្រឿង ដែលអាចចូលមកនេសាទក្នុងដែនសមុទ្រខ្មែរយ៉ាងអនាធិបតេយ្យពេលណាក៏បាន ត្រូវបង់លុយយ៉ាងតិច២៥០០ដុល្លារអាមេរិកក្នុងមួយខែឲ្យអ្នកម៉ៅការ សម្រាប់ យកទៅបែងចែកមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ទើប អាចដំណើរការទៅបាន ។
ជនបរទេសមានសៀម និងយួនបានសម្រុកចូលមកធ្វើសកម្មភាពក្នុងដែនសមុទ្រខ្មែរយ៉ាងណានាធិបតេយ្យ បំផុត គ្មាននរណាអើពើបង្ក្រាបទេហើយប្រភពមួយចំនួនបាន ឲ្យដឹងថា រឿងដែលគ្មានការបង្ក្រាបទូកនេសាទរបស់យួននិងសៀមទាំងនោះ ក៏ព្រោះតែមន្ត្រីនគរបាលជើងទឹក ក្រោមបញ្ជារបស់លោក តេង សួន បានចេញប្រមូលផលប្រយោជន៍យកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន មិន ខ្វល់ខ្វាយចំពោះវិធានការរឹតបន្តឹងរបស់អង្គភាព ប្រឆាំងអំពើពុករលួយម្តងណាឡើយ។
ផ្ទៃសមុទ្រខ្មែរនាពេលបច្ចុប្បន្ននេះ មានទូកនេសាទរបស់ជនជាតិខ្មែរតិចតួចប៉ុណ្ណោះដែលចេញធ្វើការនេសាទជា លក្ខណៈគ្រួសារ ដោយប្រើប្រាស់ទូកតូចៗ មិនហ៊ានធ្វើដំណើរទៅកណ្តាលលំហសមុទ្រដើម្បីចាប់ត្រីនោះទេ ដោយសារប្រជានេសាទខ្មែរគ្មានដើមទុនសម្រាប់ប្រកបអាជីវកម្មនេសាទត្រី ទ្រង់ទ្រាយធំ ជាពិសេសគ្មានលុយបង់ជូននគរបាលជើងទឹករបស់លោក តេង សួន តែម្តង។ លោក តេង សួន បានចាត់តាំងបក្ខពួករបស់គាត់ឲ្យកាន់តំណែងជាប្រធានវរៈនគរបាលប្រចាំ ទិសនីមួយៗតាំងពីព្រំដែនទឹកនៃខេត្តកែប រហូតដល់ខេត្តកោះកុងប៉ុន្តែវត្តមាននៃនគរបាលការពារព្រំដែនទឹករបស់លោក តេង សួន មិនបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវនោះទេ គឺបានត្រឹមតែចុះទៅដាក់ប៉ុស្តិ៍ជជុះឬចេញនាវាល្បាតដើម្បីប្រមូល លុយពីទូកនេសាទ ដោយខុសច្បាប់មិនដែលខ្វល់ពីបទបញ្ជាឬសេចក្តីណែនាំរបស់ថ្នាក់លើ ក្នុងការបង្ការបង្ក្រាបទប់ស្កាត់បទល្មើសលើផ្ទៃសមុទ្រឲ្យមាន ប្រសិទ្ធភាពទៅតាមកំណែទម្រង់ស៊ីជម្រៅម្តងណាឡើយ។
លោក តេង សួន មានសិទ្ធិអំណាចធំណាស់ក្នុងការប្រមូលលុយពីបទល្មើសនៃការដឹកជញ្ជូន ទំនិញគេចពន្ធឈើខុសច្បាប់នៅលើផ្ទៃសមុទ្រ ជាក់ស្តែងសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតាមដែនកោះ ដឹកយកមកលក់ចែកចាយក្នុងខេត្តព្រះសីហនុ មិនអាចធ្វើទៅបានទេ ប្រសិនបើគ្មានភ្លើងខៀវពីលោក តេង សួន។ ចំពោះការដឹកជញ្ជូនប្រេងសាំងគេចពន្ធមកពីស្រុកយួន និងស្រុកសៀម មកលក់ចែកចាយនៅតាមដែនសមុទ្រតាំងពីខេត្តកោះកុងរហូតដល់ខេត្តកំពតគឺ សុទ្ធតែមានការឃុបឃិតបិទភ្នែកពីសំណាក់នគរបាលការពារព្រំដែនទឹក របស់លោក តេង សួន ផងដែរ ទើបអ្វីៗអាចដំណើរការដោយរលូន បើទោះបីជាការដឹកជញ្ជូនប្រេងសាំងគេចពន្ធ និងការកាប់បំផ្លាញព្រៃឈើតាមដែនកោះ កើតឡើងកាន់តែអនាធិបតេយ្យផ្គើនទៅនឹងសេចក្តីណែនាំនិងបទបញ្ជារបស់ ថ្នាក់លើយ៉ាងណាក៏ដោយ។
ឈ្មួញតូចតាចមួយចំនួនបានលើកឡើងថា សម្រាប់ការដឹកជញ្ជូនទំនិញបន្តិចបន្តួចរងនូវការកោសរូសបង្ខំឲ្យ បង់លុយពីសមត្ថកិច្ចនគរបាលការពារព្រំដែនទឹក ក្រោមបញ្ជារបស់លោក តេង សួន ដោយពួកគេអះអាងថា ជាការអនុវត្តកំណែទម្រង់ស៊ីជម្រៅប៉ុន្តែឈ្មួញធំៗដែលរកស៊ីដឹកជញ្ជូន ឈើខុសច្បាប់យកទៅលក់នៅក្រៅប្រទេសតាមដែនសមុទ្រ ឬក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធតាមដែនសមុទ្រឡើងដុះ ស្នឹមទៅហើយនោះទទួលបាននូវការយោគយល់ពីនគរបាលការពារព្រំដែនទឹក គ្មាននរណាហ៊ានហើបមាត់នោះទេ។ មន្ត្រីតូចតាចជាច្រើនបានលើកឡើងថា ប្រសិនបើអាចផ្លាស់ប្តូរតំណែងលោក តេង សួន ទំនងជាអាចមានការកែទម្រង់ភាពអសកម្មនិងអំពើពុករលួយដែលកំពុងកើតមាន យ៉ាងផុសផុល ក្នុងអង្គភាពនគរបាលជើងទឹក ដែលកំពុងយកតួនាទីរបស់ពួកគេទៅប្រមូលលុយពីទូកនេសាទរបស់សៀម និងយួន។ គេដឹងថា មេវរៈព្រំដែនទឹកជាច្រើន រៀងរាល់ពេលដាច់ខែម្តងៗពួកគេ តែងតែដឹកលុយជាច្រើនយកមកចែកថ្នាក់លើ ៕
Recent Comments